កីឡាករ Fernando Alonso អតីតជើងឯក Formula 1 ពីរសម័យកាល បានជ័យលាភីបន្ថែមមួយទៀតក្នុងអាជីពរបស់ខ្លួនជាមួយនឹងតំណែងជើងឯក Rolex 24 នៅក្រុង Daytona រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមករា។
Alonso វ័យ៣៧ឆ្នាំ ដែលបានចូលនិវត្តន៍ពីព្រឹត្តិការណ៍ Formula 1 ទៅហើយនោះ នៅតែបន្តអាជីពប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ពិភពលោកផ្សេងៗទៀត។ ក្នុងព្រឹតិ្តការណ៍ Rolex 24 នេះ Alonso បើកបរឲ្យក្រុម Wayne Taylor Racing Cadillac ជាមួយ Renger van der Zande, Kamui Kobayashi និង Jordan Taylor។
ជ័យជម្នះនេះ នាំឲ្យ Alonso ក្លាយជាកីឡាករទីបីដែលបានឈ្នះជើងឯក Formula 1 ផង និង Rolex 24 ផង។ កីឡាករពីររូបផ្សេងទៀត គឺ Mario Andretti និង Phil Hill ដែលសម្រេចបានកាលពីឆ្នាំ១៩៦៤ នាព្រឹត្តិការណ៍ប្រកួតចម្ងាយ២០០០គីឡូម៉ែត្រនៃ Daytona Continental៕