ជាតិ
សេដ្ឋកិច្ច
ការសាងសង់​ផ្លូវជាតិ​លេខ​៥ តម្លៃ​៥០០​លាន​ដុល្លារ នឹង​បញ្ចប់​ក្នុងអំឡុងពេល​៤​ឆ្នាំ​
28, Jan 2019 , 7:59 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ផ្លូវជាតិ​លេខ​៥ ត្រូវបាន​ចាប់ផ្ដើម​ស្ថាបនា​ឡើងវិញ​ជា​កំណាត់ៗ ចាប់ពី​ខែមីនា​ឆ្នាំ​២០១៨​មក ។ ការសាងសង់​ផ្លូវ​នេះ គ្រោង​បញ្ចប់​ទាំងស្រុង​ក្នុងអំឡុងពេល​៤​ឆ្នាំ​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​


 
​ដោយឡែក​នៅ​ថ្ងៃទី​២៨​ខែមករា​នេះ ក្រសួង​សាធារណការ បានប្រគល់​សិទ្ធិ​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្ដាម​-​ធ្លា​ម្អម ប្រវែង ១១០​គីឡូម៉ែត្រ ដល់​ក្រុមហ៊ុន​ឯកជន តាមរយៈ​កិច្ចព្រមព្រៀង​ដែល​ធ្វើឡើង​នៅថ្ងៃនេះ​។ កំណាត់​ផ្លូវ​នេះ​គ្រោង​ចំណាយ ២៤៣​លាន​ដុល្លារ​អាមេរិក ដែល​នឹងត្រូវ​បើក​ការដ្ឋាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​
 
​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​ស្ថាបនា​ជា​កំណាត់ៗ​។ កាលពី​ខែមីនា និង​ខែឧសភា​ឆ្នាំ​២០១៨ កំណាត់​ផ្លូវ​បាត់ដំបង់​-​សិរីសោភ័ណ និង​កំណាត់​ផ្លូវ​ព្រែក​ក្ដាម​-​ធ្លា​ម្អម ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​។ នៅសល់​មួយ​កំណាត់​ទៀត គឺ​កំណាត់​សិរីសោភ័ណ​-​ប៉ោយប៉ែត ដែល​លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា ក្រសួង​កំពុង​ពិនិត្យ​ពាក្យ​ស្នើ​ដេញថ្លៃ​របស់​ក្រុមហ៊ុន​។​
 
​តាម​គម្រោង​របស់​រដ្ឋា​ភិ​បាល ការស្ដារ​ផ្លូវជាតិ​លេខ​៥ ដែល​ទទួលបាន​កម្ចីសម្បទាន​ពី​ប្រទេស​ជប៉ុន​នេះ នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​៤​ឆ្នាំ​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល ។ ដូចនេះ​ផ្លូវ​នេះ​អាច​នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​អំឡុង​ដើមឆ្នាំ​២០២២ ។ ការស្ដារ​ផ្លូវ​នេះ​មាន​ប្រវែង ៣៦៦​គីឡូម៉ែត្រ ក្នុងនោះ ៣០៤​គីឡូម៉ែត្រ​ជា​ស្ថាបនា​លើផ្លូវ​ចាស់ ហើយ ៦២​គីឡូម៉ែត្រ​ត្រូវ​សាងសង់​ផ្លូវ​វាង​ក្រុង​។ ផ្លូវជាតិ​លេខ​៥​នេះ ត្រូវ​ពង្រីក​ទៅជា ៤​គន្លង ទទឹង​២៣​ម៉ែត្រ​។ លោក ស៊ុន ចាន់ថុល ថ្លែងថា ការសាងសង់​ឡើងវិញ​នូវ​ផ្លូវជាតិ​នេះ គ្រោង​ចំណាយ ប្រហែល ៥០០​លាន​ដុល្លារ​អាមេរិក​។​
 
​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ គូសបញ្ជាក់ថា ផ្លូវជាតិ​លេខ​៥​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​ដល់​ការដឹកជញ្ជូន ពិសេស​ការតភ្ជាប់​ទៅ​បណ្ដា​ប្រទេស​នានា​។ លោក ស៊ុន ចានថុល ថ្លែង​ដូច្នេះ​ថា​៖«​ផ្លូវ​នេះ​សំខាន់​ណាស់ គឺជា​ផ្លូវ​អាស៊ាន Highway លេខ​១ ដែល​ត​ភ្ជាប់​ពី​ប្រទេស​ចិន មី​យ៉ាន​ម៉ា ថៃ  និង​កម្ពុជា ដែល​ឆ្លងកាត់​ភ្នំពេញ ទៅ​ផ្លូវជាតិ​លេខ​១ រហូតដល់​ប្រទេស​វៀតណាម​។ ដូចជា​ការដឹក​ទំនិញ​ឆ្លងកាត់​កម្ពុជា​របស់​យើង​នេះ គឺ​ត្រូវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​នេះ ដូចនេះ​វា​ចាំបាច់​ណាស់​ដែល​យើង​ពង្រីក​ពី​ផ្លូវ​២​គន្លង ទៅ​៤​គន្លង ដែល​នឹងមាន​ការដឹក​ទំនិញ​ឆ្លងកាត់​ច្រើន អាច​ដឹកជញ្ជូន​បាន​លឿន ហើយក៏​ជួយ​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​»៕

Tag:
 ផ្លូវជាតិ​លេខ​៥
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com