កីឡាជាតិ
ជាតិ
បឹងកេត​អះអាងថា រដូវ​កាល​ថ្មី​មានការ​ផ្លាស់ប្តូរ​កីឡាករ​ច្រើន ខណៈ​បរទេស​ស្ទើរ​ទាំងអស់​
29, Jan 2019 , 7:19 pm        
រូបភាព
ដោយ:
​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្លិប​បឹងកេត​បាន​អះអាងថា បឹងកេត​មានការ​ផ្លាស់ប្តូរ​សមាស​ភាព​កីឡាករ​ច្រើន ពិសេស​បរទេស​នៅ​ឆ្នាំ​២០១៩​នេះ​។ បឹងកេត​នឹង​បង្ហាញ​កីឡាករ​ទ្រង់ទ្រាយ​ធំ​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្លិប​ជើងឯក​រង​លី​ក​កំពូល​ឆ្នាំ​២០១៨​មួយ​នេះ ក៏មាន​គម្រោង​ទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ផងដែរ​។

 
​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​រដូវ​កាល​ថ្មី ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​មីនា ខាងមុខ ក្លិប​បឹងកេត​បាន​នាំចូល​កីឡាករ​ថ្មីៗ​ជាច្រើន​។ អ្វីដែល​គួរកត់សម្គាល់​ក្នុង​រដូវ​កាល​នេះ បឹងកេត​នឹង​ផ្លាស់ប្តូរ​កីឡាករ​បរទេស​ទ្រង់ទ្រាយ​ធំ ពោលគឺ​ស្ទើរ​ទាំងអស់​តែម្តង​។ នេះ​បើតាម​ការអះអាង​របស់​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្លិប​បឹងកេត ដែល​មិនទាន់​ហ៊ាន​បញ្ជាក់​លម្អិត​ពី​បញ្ហា​នេះ​។ 
 
«​យើង​មិនទាន់​ហ៊ាន​ដាក់​ក្តី​រំពឹង​យ៉ាងម៉េច​នោះទេ​ក្នុង​រដូវ​កាល​ថ្មី​នេះ ព្រោះ​យើង​ដូរ​ធនធាន​កីឡាករ​ច្រើន ខណៈ​កីឡាករ​បរទេស​យើង​ដូរ​ស្ទើរ​ទាំងអស់​។ នា​ការប្រកួត​កន្លងមក​យើង​សង្កេតឃើញថា កីឡាករ​ថ្មី និង​ចាស់​របស់​យើង​លេង​មិនទាន់​ស៊ីចង្វាក់​គ្នា​ល្អ​១០០​ភាគរយ​នោះទេ តែ​យើង​នឹង​ព្យាយាម​រៀបចំ​ឲ្យ​បានល្អ មុន​លី​ក​ចាប់ផ្តើម​»​។ នេះ​ជាការ​បកស្រាយ​របស់លោក ហៅ សុជាតិ ឆ្លើយតប​ទៅនឹង​សំណួរ​របស់​សារព័ត៌មាន​ថ្មីៗ ដែល​ចោទសួរ​ពី​ក្តី​រំពឹង​ក្នុង​រដូវ​កាល​ថ្មី​នេះ​។​
 
​ក្លិប​ជើងឯក​លី​ក​កំពូល​ឆ្នាំ​២០១៧​មួយ​នេះ ក៏មាន​គម្រោង​ចេញទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ដើម្បី​ត្រៀម​មុន​បើក​រដូវ​ថ្មី​ផងដែរ​។ បើតាម​លោក ហៅ សុជាតិ ប្រទេសមួយ​ក្នុងចំណោម​៣​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រួមមាន​ថៃ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ជា​ជម្រើស​ដែល​បឹងកេត​គ្រោង​ចេញ​បោះជុំរុំ​ហ្វឹកហាត់ Pre-Season​។ ហើយ​បឹងកេត មាន​គម្រោង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាច្រើន​ប្រកួត ក្នុងអំឡុងពេល​ហ្វឹកហាត់​នេះដែរ​។ 
 
«​យើង​មាន​ច្រើន​ជម្រើស​ដូចជា​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ​។ យើង​សង្កេតឃើញ​វិស័យ​បាល់ទាត់​ក្នុងប្រទេស​ទាំង​៣​បច្ចុប្បន្ន​មានការ​រីកចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​តំបន់​អាស៊ាន​។ គោលបំណង​យើង គឺ​ចង់​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំងៗ​មាន​កីឡាករ​ពោរពេញ​ដោយ​បទពិសោធ​ក្នុង​បណ្តា​ប្រទេស​ទាំងនេះ ដើម្បី​ជំរុញ​ឲ្យ​កីឡាករ​យើង​មាន​ឆន្ទៈ​ក្នុង​ការប្រកួត​និង​សិក្សា​ពី​ចំណុចខ្លាំង​របស់គេ​យកមក​រៀបចំ​ក្រុម​របស់​យើង​»​។ នេះ​ជាការ​បង្ហាញ​ហេតុផល​របស់លោក ហៅ សុជាតិ ពាក់ព័ន្ធ​គម្រោង​ជ្រើសរើស​ប្រទេស​ទាំង​៣​ជា​គោលដៅ​ក្នុងការ​បោះជុំរុំ​ហ្វឹកហាត់​។ 
 
​បឹងកេត ដែល​បាន​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ថ្មី​កាលពី​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៨ បាន​សាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ កីឡដ្ឋាន​នេះ សាងសង់​លើ​ផ្ទៃដី​ជួល​គេ​ទំហំ​ប្រមាណ​២​ហិកតា ដោយ​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ក្នុងអំឡុង​ខែឧសភា ខាងមុខ​។ បឹងកេត​គ្រង​ជើងឯក​រង​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ ដែលមាន​ណាហ្គា​វើ​ល​ជា​ម្ចាស់​ជើងឯក​៕   
 

Tag:
 បាល់ទាត់​
  ហៅ សុជាតិ​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com