នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់សម្រេចដាក់ចេញផែនការស្នូលប្រាំឆ្នាំដើម្បីកម្ចាត់អំពើពុករលួយដែលហ៊ុមព័ទ្ធម៉ាឡេស៊ី និងធ្វើឲ្យខាតបង់លុយរដ្ឋច្រើនសន្ធឹក។ វិធានការថ្មីនេះមានការកែប្រែនីតិវិធីតែងតាំងមន្ត្រីជាន់ខ្ពស់, ការប្រកាសទ្រព្យសម្បត្តិក្នុងចំណោមសមាជិកសភា និងរដ្ឋមន្ត្រី និងចេញច្បាប់គ្រប់គ្រងលុយជំនួយផ្នែកនយោបាយផង។
ពុករលួយក្លាយជាប្រធានបទសំខាន់ក្នុងសង្គមម៉ាឡេស៊ី ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ចាញ់ឆ្នោតនិងត្រូវជាប់ចោទពាក់ព័ន្ធនឹងអំពើពុករលួយនោះ។ ឃើញស្ថានការណ៍អាក្រក់ លោក មហាធៀ មហាម៉ាត់ ដាក់ចេញគោលនយោបាយតឹងរ៉ឹងដើម្បីបោសសម្អាតជំងឺសង្គមនៅថ្ងៃអង្គារនេះ។
បើតាមកាសែត Al Jazeera លោក មហាធៀ នាយករដ្ឋមន្ត្រីចាស់ជាងគេលើកលោកបាននិយាយថា ស្ថានភាពម៉ាឡេស៊ីបច្ចុប្បន្នត្រូវការចាំបាច់រាល់វិធានការ ច្បាប់ និងយុទ្ធសាស្ត្រដែលអាចកម្ចាត់ឬកាត់បន្ថយពុករលួយផង។
វិធានការដែលរដ្ឋាភិបាលលោក មហាធៀ ដាក់ចេញនៅពេលនេះកំណត់គោលដៅលើនីតិវិធីលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល, ភ្នាក់ងារអនុវត្តច្បាប់, ស្ថាប័នតុលាការ និងអ្នកនយោបាយ រួមជាមួយក្រុមហ៊ុនជំនួញជាដើម។ បើតាមអ្នកពាក់ព័ន្ធ វិធានការថ្មីរបស់លោក មហាធៀ ក្នុងពេលប្រាំឆ្នាំនេះត្រូវបានចងក្រងឡើងដោយមន្ត្រីជាច្រើនដែលស៊ើបអង្កេតនិងសិក្សាពីករណីបាត់លុយមូលនិធិ 1MDB ដែលជាសំណុំរឿងធំពាក់ព័ន្ធនឹងលោក ណាជីប។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ មេដឹកនាំម៉ាឡេស៊ីដែលធ្លាប់ធ្វើនាយករដ្ឋមន្ត្រីជាង ២០ឆ្នាំមកនេះនឹងកែប្រែនីតិវិធីក្នុងការតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល, តម្រូវឲ្យតំណាងរាស្ត្រ និង រដ្ឋមន្ត្រីប្រកាសទ្រព្យសម្បត្តិទាំងអស់ជាសាធារណៈ និងកំណត់ច្បាប់គ្រប់គ្រងលុយជាវិភាគទាននយោបាយផងដែរ។
«វិធានការនេះជាសារមួយដ៏សំខាន់ពីរដ្ឋាភិបាលបច្ចុប្បន្នដែលបញ្ជាក់ថា យើងនឹងតាមដាន និងកាត់ទោសរាល់អ្នកប្រព្រឹត្តពុករលួយ ហើយអ្នកកំពុងប្រព្រឹត្ត ឬអាចនឹងប្រព្រឹត្តនៅពេលអនាគតនឹងត្រូវប្រឈមវិធានការធ្ងន់ធ្ងរជាមុន»។ លោក មហាធៀ ប្រកាសបែបនេះក្នុងពេលប្រកាសដែលដាក់ចេញវិធានការប្រឆាំងពុករលួយថ្មី។
ក្នុងចំណោមវិធានការទាំងអស់ ច្បាប់គ្រប់គ្រងលុយវិភាគទាននយោបាយនឹងប៉ះពាល់ខ្លាំងដល់គណបក្ស UMNO ដែលធ្លាប់ជាបក្សកាន់អំណាចរាប់ទសវត្សរ៍ ហើយបច្ចុប្បន្នក្លាយជាបក្សប្រឆាំងនោះ។ ណាជីប ធ្លាប់ជាប្រធានបក្ស ហើយក្រោយចាញ់ឆ្នោតឆ្នាំមុន លោកសម្រេចុះចេញពីតំណែងនេះតែម្តង។
សូមបញ្ជាក់ថា ម៉ាឡេស៊ីហ៊ុមព័ទ្ធដោយរឿងអាស្រូវកិបកេងលុយរដ្ឋ 1MDB។ គេចោទប្រកាន់ថា ថវិកាប្រហែល ៤,៥ពាន់លានដុល្លារត្រូវបានលួចចេញពីមូលនិធិរដ្ឋនេះ ហើយលោក ណាជីប រងការចោទប្រកាន់ជុំវិញករណីនេះ។ លោក ណាជីប, ភរិយាលោក និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងគណៈរដ្ឋមន្ត្រីចាស់កំពុងប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌជាច្រើនទាក់ទិននឹងសំណុំរឿងមួយនេះ។ ប៉ុន្តែអ្នកទាំងអស់នេះបដិសេធការចោទប្រកាន់និងអះអាងថាខ្លួនស្លូតត្រង់៕