ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក យ៉ង សាំង​កុមារ ៖ រដ្ឋាភិបាល គួរ​ទម្លាក់​ទុន​១០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ និង​ទប់ស្កាត់​អ្នក​ឆ្លៀតឱកាស​
30, Jan 2019 , 11:15 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល គួរតែ​ទម្លាក់​ថវិកា​១០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ និង​ជីវភាព​របស់​ពលរដ្ឋ ។ នេះ​បើតាម​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​ជា​អតីត​ប្រធាន​អង្គការ​សេ​ដាក ដែល​បាន​បន្ថែមថា ការបោះ​ទុន​នេះ ក៏​ជា​ផ្នែក​មួយ​សំខាន់ ក្នុងការ​ទប់ស្កាត់​ឈ្មួញ ឬ​អ្នករកស៊ី​វិស័យ​ស្រូវ​-​អង្ករ ដែល​ឆ្លៀតឱកាស​ទម្លាក់​តម្លៃ​ថ្លៃ​ស្រូវ​កម្ពុជា ខណៈដែល​អង្ករ​កម្ពុជា ត្រូវបាន​សហភាព​អឺរ៉ុប អនុវត្ត​គិត​ពន្ធ​កាលពីពេល​ថ្មីៗ​នេះ​។​


 
​ការធ្លាក់​តម្លៃ​ស្រូវ​បច្ចុប្បន្ននេះ ត្រូវបាន​រដ្ឋាភិបាល អះអាងថា គ្មាន​ជាប់​ព័ន្ធ​នឹង​ករណី​សហភាព​អឺរ៉ុប យកពន្ធ​អង្ករ​ពី​កម្ពុជា​នោះទេ​។ វា​ជា​ទស្សនៈ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ សម្រាប់​លោក យ៉ង សាំង​កុមារ ការធ្លាក់​តម្លៃ​ស្រូវ​នេះ គឺជា​ចិត្តសាស្ត្រ​របស់​ឈ្មួញ និង​អ្នករកស៊ី ដែល​ឆ្លៀតឱកាស​នេះ ដើម្បី​ទទួលបាន​ផលចំណេញ​សម្រាប់​ពួកគេ​។​

​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក យ៉ង់ សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​ជា​អតីត​ប្រធាន​អង្គការ​សេ​ដាក​ដូចតទៅ​៖



 
​សម្រាប់​ទុន​១០០​លាន​ដុល្លារ​នេះ រដ្ឋាភិបាល អាច​ប្រើប្រាស់​ជួយ​ទិញស្រូវ ពី​កសិករ​ប្រមាណ​១០​ទៅ​២០​ភាគរយ នៃ​ចំនួន​ស្រូវ​ជិត​២​លាន​តោន​ទូទាំងប្រទេស​។ ហើយ​រដ្ឋាភិបាល ត្រូវ​ហៅ​ខាង​ម៉ាស៊ីនកិនស្រូវ​ក្នុងប្រទេស​មក​ប្រជុំ ដោយ​សម្រេច​ផ្ដល់​ប្រាក់កម្ចី​សម្រាប់​ពួកគេ​ក្នុង​អាត្រា​ការប្រាក់​ទាប ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ទិញស្រូវ​ស្តុក​ទុក ហើយ​ត្រូវ​តាមដាន​លើ​ពួកគេ ថា​ពិតជា​បាន​អនុវត្តតាម​គោលការណ៍​រដ្ឋាភិបាល​ដែរ​ទេ​? បើតាម​លោក យ៉ង សាំង​កុមារ ការធ្វើ​បែបនេះ គឺ​ដើម្បី​ជួយ​ឲ្យ​តម្លៃ​ស្រូវ​ងើបឡើង​វិញ ហើយ​អាច​ទប់ស្កាត់​ពួក​ឈ្មួញ ឬ​អ្នករកស៊ី​ស្រូវ​-​អង្ករ​បាន​ច្រើន​។ ប៉ុន្តែ​បើ​រដ្ឋាភិបាល មិន​អន្តរាគមន៍​លើ​បញ្ហា​ស្រូវ​នេះ ឲ្យ​ទាន់ពេលវេលា​ទេ នោះ​បញ្ហា​ស្រូវ​នឹង​កាន់តែ​ផ្ទុះឡើង​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព​កសិករ​យ៉ាងខ្លាំង ដោយសារតែ​កសិករ នឹងត្រូវ​ប្រមូល​ផល​ស្រូវប្រាំង​ធំ នៅក្នុង​ខែ​កម្ភៈ​។​
 
​ទាក់ទង​នឹង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ដែល​ទៅសុំ​អន្តរាគមន៍​ពី​វៀតណាម ឲ្យ​ជួយ​ទិញស្រូវ​ពី​កម្ពុជា​វិញ លោក យ៉ងសាំង​កុមារ យល់ថា វា​ជា​យុទ្ធសាស្ត្រ​មួយ​ល្អ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិនបាន​ផ្ដល់​ចំណេញ​ច្រើន​ដល់​កម្ពុជា​នោះទេ​។ ផលចំណេញ​ដល់​កម្ពុជា​នោះ គឺ​ការលើកកម្ពស់​វិស័យ​ស្រូវ​-​អង្ករ​នៅក្នុង​ប្រទេស​ឲ្យ​បាន​រឹងមាំ ជាជាង​ចាំ​ពឹងពាក់​លើ​អ្នកដទៃ​។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ង់ សាំង​កុមារ​៕
 

Tag:
 យ៉ង់ សាំង​កុមារ​
  ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com