ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកស្រី ចក់ សុភាព​៖«​ខ្ញុំ​មិនបាន​ព្យាបាល​អ្នកជំងឺ​តាម​ក្តី​ស្រមៃ ប៉ុន្តែ​ខ្ញុំ​បាន​ការពារ​សិទ្ធិ​ជនរងគ្រោះ​ក្នុងសង្គម​»
09, Mar 2019 , 9:59 am        
រូបភាព
លោកស្រី ចក់ សុភាព ទទួលបានពានរង្វាន់សិទ្ធិមនុស្សពីរដ្ឋាភិបាលបារាំង-អាល្លឺម៉ង់
លោកស្រី ចក់ សុភាព ទទួលបានពានរង្វាន់សិទ្ធិមនុស្សពីរដ្ឋាភិបាលបារាំង-អាល្លឺម៉ង់
​ភ្នំពេញ​៖ ជាង​១០​ឆ្នាំ​ហើយ ដែល​លោកស្រី ចក់ សុភាព បម្រើ​ការងារ​ក្នុង​វិស័យ​ការពារ​សិទ្ធិមនុស្ស​។ ជា​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បច្ចុប្បន្ន លោកស្រី ចក់ សុភាព ត្រូវបាន​ស្ថាប័ន​អន្តរជាតិ រួមទាំង​ថ្នាក់ដឹកនាំ​ប្រទេស​ធំៗ ទទួលស្គាល់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ស្រី ក្នុង​វិស័យ​មួយ​នេះ​។ ភាព​លេចធ្លោ​របស់លោក​ស្រី សុភាព កើតចេញពី​ការបោះបង់ចោល​ក្តី​ស្រមៃ ក្លាយជា​វេជ្ជបណ្ឌិត មក​បម្រើ​ការងារ​ជា​អ្នកការពារ​សិទ្ធិមនុស្ស​នៅក្នុង​សង្គម​។


«​តាំងពី​កុមារ​មក​ខ្ញុំ​មាន​ក្តី​សុបិន​មួយ គឺ​ខ្ញុំ​ចង់​ក្លាយទៅជា​វេជ្ជបណ្ឌិត ដោយសារ​ខ្ញុំ​សរសេរ​អក្ស​ដៃ​ខាងឆ្វេង ដូច្នេះ​ខ្ញុំ​តែងតែ​ស្រមៃ​ថា ប្រើប្រាស់​ដៃ​ខាងឆ្វេង​របស់ខ្ញុំ​នេះ ទៅជា​ព្យាបាល​ពលរដ្ឋ​មាន​ជំងឺ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​ដោយ​មិន​គិតថ្លៃ​ទេ​»​។  នេះ​ជាការ​រំ​ឮ​ក​រឿងរ៉ាវ​អតីតកាល​របស់លោក​ស្រី ចក់ សុភាព ដែល​កំពុងមាន​តំណែង​ជា​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្រោយពី​បោះបង់ចោល​ក្តី​ស្រមៃ​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​ចោល កាលពី​ឆ្នាំ​២០០២ បន្ទាប់ពី​ប្រឡង​ជាប់​ចូលរៀន​ពេទ្យ​កម្រិត​មធ្យម (​គិលានុបដ្ឋាក​យិ​កា​) កាលពី​ឆ្នាំ​២០០១​។​


 
​ការបោះបង់​ក្តី​ស្រមៃ​ខ្លួន​នេះ ដោយសារ​បញ្ហា​ជីវភាព​គ្រួសារ​យុវតី ចក់ សុភាព កាលណោះ មាន​ភាពខ្វះខាត មិនអាច​ផ្គត់ផ្គង់​ការសិក្សា​លើ​ជំនាញ​ពេទ្យ​នេះ​ផង គួបផ្សំ​នឹង សុភាព ទទួលបាន​ឱកាស​ការងារ​នៅក្នុង​អង្គការ​មួយ ដែលមាន​ឈ្មោះ​វិទ្យាស្ថាន ដើម្បី​សន្តិភាព និង​សហ​ប្រតិការ នៅ​ឆ្នាំ​២០០២ ។ តាមរយៈ​ការងារ​នេះហើយ ទើប​ធ្វើ​ឲ្យ​យុវតី សុភាព ឈាន​ជំហាន​មួយទៀត ចូលក្នុង​ការងារ​ការ​ពារ​សិទ្ធិមនុស្ស នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ចុងឆ្នាំ​២០០៥ ដែល​កាលណោះ មាន​លោក កឹម សុខា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើជា​ប្រធាន​ស្ថាប័ន​សង្គម​ស៊ីវិល​មួយ​នេះ​។​
 
​ខ្ញុំ​មិនបាន​ព្យាបាល​អ្នកជំងឺ​តាម​ក្តី​ស្រមៃ ប៉ុន្តែ​ខ្ញុំ​បាន​ការពារ​សិទ្ធិ​អ្នករងគ្រោះ​ដោយ​អយុត្តិធម៌​ក្នុងសង្គម​
«​តម្លៃ​ឱកាស​(Opportunity Of Cost)» គឺជា​និយមន័យ​របស់​សេដ្ឋកិច្ច ដែល​មានន័យថា បើ​យើង​ចង់បាន ឬ​ចង់​សម្រេច​អ្វីមួយ​នោះ គឺ​យើង​ត្រូវ​បោះបង់​អ្វីមួយ​ចោល​។ ពាក្យ​មួយ​គ្នា​នេះ គឺ​វា​បាន​ស្ថិតនៅក្នុង​ចិត្ត​របស់​លោកស្រី ចក់ សុភាព ជានិច្ច បន្ទាប់ពី​ខ្លួន​បាន​បោះបង់ចោល​ក្តី​ស្រមៃ​ក្លាយជា​គ្រូពេទ្យ​។ ហើយ​ការសម្រេចចិត្ត​របស់លោក​ស្រី សុភាព ក៏បានផ្ដល់​ផ្លែផ្កា​ដល់​លោកស្រី ដែល​កំពុង​អង្គុយ​កៅអី​ជា​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នេះដែរ​។ ដ្បិត​ខ្លួន​មិនបាន​ក្លាយជា​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​តាម​ក្តី​ស្រមៃ​ក្តី ប៉ុន្តែ​វា​មិនបាន​ធ្វើ​ឲ្យ​លោកស្រី សុភាព ខកបំណង​ឡើយ ព្រោះតែ​ពេលនេះ​លោកស្រី ក៏​កំពុងតែ​មមាញឹក​ក្នុង​ការងារ​ជួយ​ការពារ​សិទ្ធិ​អ្នករងគ្រោះ​ដោយ​អយុត្តិធម៌​ក្នុងសង្គម​ដូចគ្នា​។​
 
​ស្ថិតនៅក្នុង​បន្ទប់​ការិយាល័យ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​ឯកសារ​ជាច្រើន​នៅ​តុ​ក្តី ប៉ុន្តែ​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ នៅតែ​ឆ្លៀតពេល​ផ្ដល់​កិច្ច​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​មកដល់ពេលនេះ ខ្ញុំ​គិតថា អ្វីដែល​ខ្ញុំ​ពេញចិត្ត​នោះ​គឺ​ទោះបីជា​ខ្ញុំ​មិនបាន​ធ្វើជា​វេជ្ជបណ្ឌិត ដែល​អាច​ព្យាបាល​ពលរដ្ឋ ប៉ុន្តែ​ខ្ញុំ​បានធ្វើ​ការងារ​នៅក្នុង​កិច្ចការ​សង្គម ដែល​បាន​បន្ត​នូវ​ការជួយ​ពលរដ្ឋ​ដូចគ្នា ។ ដូច្នេះ​វា​គ្រាន់តែ​មិនមែនជា​គ្រូពេទ្យ ប៉ុន្តែ​(​ខ្ញុំ​)​ជា​តួអង្គ​មួយ​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​លើកកម្ពស់​សិទ្ធិ​ដល់​ពលរដ្ឋ ហើយ​សម្រាប់​សង្គម​យើង​»​។​
 
​ការសម្រេច​ក្តី​ស្រមៃ និង​គោលដៅ​ជីវិត​វា​ពិតជា​ពិបាក​ណាស់ សម្រាប់​មនុស្ស​ម្នាក់ៗ ពោលគឺ​គោលដៅ និង​ក្តី​ស្រមៃ វា​តែងតែមាន​ការផ្លាស់ប្ដូរ​គ្រប់​កាលៈទេសៈ​នៃ​ពេលវេលា​ជីវិត​។ ប៉ុន្តែ​យើង​ម្នាក់ៗ​ត្រូវ​ចេះ​ជ្រើសរើស និង​ប្រើប្រាស់​តម្លៃ​ឱកាស (Opportunity Of Cost) ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​អាច​សម្រេច ឬ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​អ្វីមួយ​សម្រាប់​អនាគត​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ចក់ សុភាព ដែល​ជំរុញ​ឲ្យ​យុវជន​ចេះ​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់​ពី​ចំណុច​នេះ​។​
 


ភាពអយុត្តិធម៌​ជំរុញ​ឲ្យ​ខ្ញុំ​កាន់តែ​រឹងមាំ និង​ស្រលាញ់​ការងារ​សិទ្ធិមនុស្ស​កាន់តែខ្លាំង​
​នៅក្នុង​ឆ្នាំ​២០០២ យុវតី ចក់ សុភាព បាន​ចូល​កម្មសិក្សា​នៅក្នុង​អង្គការ​មួយ ដែល​ហៅថា វិទ្យាស្ថាន​ដើម្បី​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ ក្រោយពី​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិន្ទ (​បាក​ឌុប​) នៅក្នុង​ឆ្នាំ​២០០១​។ ផ្ដើមចេញពី​ការងារ​សង្គម​ស៊ីវិល​នេះហើយ ទើប​ធ្វើ​ឲ្យ​យុវតី ចក់ សុភាព បំភ្លេច​ក្តី​ស្រមៃ​ជា​គ្រូពេទ្យ​បន្តិច​ម្ដងៗ ដោយសារ​រវល់​ជក់ចិត្ត​ទៅនឹង​ការងារ​អប់រំ​ពលរដ្ឋ ការការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅក្នុង​សង្គម​។ ពេលវេលា​បម្រើ​ការងារ​ពីរ​ឆ្នាំ​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​នេះ បានផ្ដល់​បទពិសោធន៍​មួយចំនួន​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ជាដើម មុននឹង​យុវតី សុភាព សម្រេចចិត្ត​ផ្លាស់ប្ដូរ​ការងារ​មកជា​មន្ត្រី​សិទ្ធិមនុស្ស នៅក្នុង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅក្នុង​ដើមខែ​ធ្នូ ឆ្នាំ​២០០៥ ដែល​កាលណោះ​មាន​លោក កឹម សុខា (​បច្ចុប្បន្ន​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​) ធ្វើជា​ប្រធាន​អង្គការ​។​


 
​បម្រើ​ការងារ​ក្នុង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានតែ​១០​ថ្ងៃ​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃទី​១០ ធ្នូ ឆ្នាំ​២០០៥ ដែលជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ក៏​ឈានចូល​មកដល់ យុវតី សុភាព ក៏​បានឃើញ​រូបភាព​តវ៉ា​ទាមទារ​សិទ្ធិសេរីភាព​ពលរដ្ឋ គួបផ្សំ​ការប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច រហូត​មានការ​ប្ដឹងផ្ដល់​ថ្នាក់ដឹកនាំ​អង្គការ​គឺ​លោក កឹម សុខា ដែល​ជាប់ពន្ធនាគារ​នៅ​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០០៥ ក្រោម​បទ​ចោទ​បរិហាកេរ្តិ៍ ពី​សំណាក់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ កាលណោះ​លោក កឹម សុខា ជាប់ពន្ធនាគារ​១៦​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៧ មករា ស្ថាបនិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៅ​ឆ្នាំ​២០០២​រូបនេះ ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​វិញ​។ ហើយ​រូបភាព​ទាំងនេះហើយ គឺជា​កម្លាំងចិត្ត​ដែល​ជំរុញ​ឲ្យ​យុវតី សុភាព កាន់តែ​ស្រលាញ់​ការងារ​សិទ្ធិមនុស្ស​ថែមទៀត​។​
 
​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​កម្ពុជា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ផ្នែក​សេដ្ឋកិច្ច បាន​រំឭក​ដូច្នេះ​ថា​៖«​នៅពេលនោះ​ខ្ញុំ​នៅ​ក្មេង​មែនទែន​នៅ​រៀន​ឆ្នាំ​ទី​២ ក្នុង​សាកលវិទ្យាល័យ ហើយ​ដោយសារ​ខ្ញុំ​ជា​បុគ្គលិក​ថ្មី​(CCHR) យើង​អាច​គិតថា នៅពេល​យើង​ចូលប្រឡូក​ការងារ ហើយ​ស្ថាប័ន​យើង​ត្រូវ​ប្រឈម ដូច្នេះ​យើង​អាចមាន​ជម្រើស​ពីរ គឺ​យើង​នៅ​បន្តការងារ ឬក៏​យើង​ចាកចេញ​។ ប៉ុន្តែ​នៅពេលនោះ អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​តាំងចិត្ត​ថា មិនអាច​ចាកចេញ​នោះ​គឺ ដោយសារ​ស្ថានភាព​សិទ្ធិមនុស្ស​យើង​បានឃើញ​ជាក់ស្ដែង នូវ​អង្គ​ហេតុដែល​កើតឡើង ដែល​យើង​បាន​ឃើញថា សិទ្ធិមនុស្ស​ត្រូវបាន​គេ​រំលោភបំពាន​។ អ៊ីចឹង​ធ្វើ​ឲ្យ​ខ្ញុំ​គិតថា ខ្ញុំ​ប្ដេជ្ញាចិត្ត​ក្នុងការ​ចូលរួម​ធ្វើ​យ៉ាងម៉េច ការពារ​សិទ្ធិមនុស្ស និង​លើកកម្ពស់​សិទ្ធិមនុស្ស​ក្នុងសង្គម​»​។ 
 
​ក្រោយ​បម្រើ​ការងារ​ក្នុង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុ​ជាជាង​២​ឆ្នាំ យុវតី ចក់ សុភាព ក៏​សុំ​សម្រាក​ពី​ការងារ​មួយរយៈ ដោយសារ​ទទួលបាន​អាហារូបករណ៍​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ផ្នែក​ការសិក្សា​សន្តិភាព រយៈពេល​២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១០​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា ហើយ​ចូល​បម្រើ​ការងារ​វិញ កូនស្រី​ពៅ​អ្នក​ខេត្តកំពង់ចាម​រូបនេះ ក៏​ទទួលបាន​តំណែង​ជា​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅ​ខែ​មិនា ឆ្នាំ​២០១៤ ក្រោយពេល​លោក អ៊ូ វីរៈ (២០០៧​ដល់​២០១៤)​ដែល​ទទួល​កិច្ចការងារ​គ្រប់គ្រង​អង្គការ​បន្ត​ពី​លោក កឹម សុខា កាលពី​ឆ្នាំ​២០០៧​នោះ បាន​សុំលាលែង​ពី​តំណែង​ប្រធាន​អង្គការ​។​
 
 
​ទទួលបាន​ពានរង្វាន់​ពី​រដ្ឋាភិបាល​បារាំង​-​អាល្លឺម៉ង់​
​ថ្ងៃទី​១០ ធ្នូ ឆ្នាំ​២០១៨ ដែលជា​ទិវា​ប្រារព្វ​សិទ្ធិមនុស្ស​អន្តរជាតិ គឺជា​ថ្ងៃ​ពិសេស​សម្រាប់​លោកស្រី ចក់ សុភាព ដែល​ត្រូវបាន​រដ្ឋាភិបាល​បារាំង​និង​អាល្លឺម៉ង់ សម្រេច​ប្រគល់​ពានរង្វាន់​ការពារ​សិទ្ធិមនុស្ស បន្ទាប់​ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​បម្រើ​ការងារ​ក្នុង​វិស័យនេះ អស់​រយៈពេល​១៣​ឆ្នាំ​មក​។ លោកស្រី ចក់ សុភាព ស្ថិតក្នុង​ចំណោម​សកម្មជន​១៥​រូប​ទូទាំង​ពិភពលោក ដែល​ទទួលបាន​ពានរង្វាន់ Prix Franco-Allemand des droits de l’Homme et de l’Etat de droit (Franco-German Prize for Human Rights and the Rule of Law)​។ ពានរង្វាន់​នេះ ត្រូវបាន​ប្រកាស​រួមគ្នា​ដោយ​លោក Jean-Yves Le Drian រដ្ឋមន្ត្រី​បារាំង​ទទួល​កិច្ចការ​អឺរ៉ុប និង​ការបរទេស រួមជាមួយ​សម​ភាគី​អាល្លឺម៉ង់ លោក Heiko Mass​។​


 
​លោកស្រី ចក់ សុភាព ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ចាត់ទុកជា​ជន​ដ៏​សកម្ម​ក្នុង​បណ្តាញ​សង្គម ដែល​បាន​ក្រោកឈរឡើង​ដើម្បី​សិទ្ធិមនុស្ស ។​ហើយ​អង្គ​ការដែល​គាត់​កំពុង​ដឹកនាំ​បាន​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង សេរីភាព​មូលដ្ឋាន ជាពិសេស​ការលើកកម្ពស់ សហគមន៍ ដូចជា ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ក្រុម​ជនជាតិភាគតិច យុវជន ស្ត្រី និង​ក្រុម LGBTIQ+​ជាដើម​។​
 
​ពានរង្វាន់​នេះ​អាចជា​ផ្នែក​មួយ ដែល​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការ​ខំប្រឹង​លើកកម្ពស់​សិទ្ធិមនុស្សរ​បស់​លោកស្រី ចក់ សុភាព ពិតមែន​។ ប៉ុន្តែ​តើ​វា​ជា​បន្ទុក​ធ្ងន់​សម្រាប់​លោកស្រី ដែល​ត្រូវ​ប្រឹងប្រែង​ឲ្យ​កាន់តែ​ក្លៀវក្លា ដើម្បី​ឲ្យ​សាក​សម​នឹង​ការទទួល​ពានរង្វាន់​ពី​រដ្ឋាភិបាល​បារាំង​-​អាល្លឺម៉ង់ ដែល​ផ្ដល់​ទំនុកចិត្ត​លើ​អ្នកស្រី ថែមទៀត​ទេ​? មិន​បង្អង់​យូរ ស្ត្រី​រាងស្ដើង សក់​ត្រឹម​ស្មា​រូបនេះ បាន​និយាយ​តប​វិញ​ថា ពានរង្វាន់​ដែល​អ្នកស្រី​ទទួលបាន​នេះ វា​ជាការ​លើកទឹកចិត្ត​ខ្លួន​ក្នុង​វិស័យ​សិទ្ធិមនុស្ស ប៉ុន្តែ​វា​គ្មាន​ឥទ្ធិពល ឬ​សម្ពាធ​អ្វី ដែល​តម្រូវ​ឲ្យ​លោកស្រី ប្រែប្រួល​សកម្មភាព​ការងារ ហើយ​ត្រូវបំពេញ​ភារកិច្ច ដើម្បី​ផ្គាប់ចិត្ត​គេ​វិញ​នោះទេ​។​
 
«​អ្វីដែល​យើង​ធ្វើ​កន្លងមកនេះ គឺជា​បេសកកម្ម​របស់​យើង ដូច្នេះ​យើង​មិនមាន​ចេតនា​ណាមួយ ដែល​យើង​ធ្វើ​កិច្ចការ​ទាំងអស់នេះ ដើម្បី​ទទួលបាន​ពានរង្វាន់ ឬក៏​ការកោតសរសើរ​ណាមួយ​គឺ​មិនមាន​ទេ​។ ប៉ុន្តែ​ដូច​អ្វីដែល​ខ្ញុំ​បាន​លើក​ដូច​ខាងដើម​អ៊ីចឹង គឺ​ទាំង​មុន​និង​ទាំងក្រោយ​នៃ​ការផ្ដល់​ពានរង្វាន់​នេះ មិនមាន​អ្វីដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​ប្រែ​ប្រួល​ក្នុង​ដំណើរការ​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឬ​សូម្បីតែ​ការប្រែប្រួល​នៅក្នុង​ការប្ដេជ្ញាចិត្ត​(​បំពេញការងារ​)​របស់ខ្ញុំ នៅក្នុង​វិស័យ​សិទ្ធិមនុស្ស​ក៏​គ្មាន​ដែរ​។ ប៉ុន្តែ​ការ​សួរ​ខ្ញុំ​ថា នឹងមាន​ផល​ជះឥទ្ធិពល​ណាមួយ ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​កិច្ចការងារ​ហ្នឹង​ឲ្យ​ថមថយ ឬ​កើនឡើង គឺ​មិនមាន​ទេ​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។​
 
​សម្រាប់​លោកស្រី ចក់ សុភាព ការផ្ដល់​ពានរង្វាន់​ផ្នែក​សិទ្ធិមនុស្ស​ដល់​ខ្លួន និង​សកម្មជន​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យនេះ វា​មិនមែនជាការ​សូក​ទឹកចិត្ត​ទេ ប៉ុន្តែ​វា​បង្ហាញថា អ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់ មិន​រស់នៅ​ឯកោ​ឡើយ ពោលគឺ​យ៉ាងណា​ក៏មាន​អន្តរជាតិ​នៅ​ទទួលស្គាល់​ពី​គុណ​តម្លៃ​នៃ​ការខិតខំ​ប្រឹងប្រែង និង​ការចំណាយ​ពេលវេលា ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​មនុស្ស​របស់​ពួកគេ ។ បើតាម​លោកស្រី សុភាព សកម្មជន​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ប្រឹងប្រែង​ធ្វើការ​អស់ពី​កម្លាំងកាយ​ចិត្ត ក៏មាន​ឱកាស​ទទួលបាន​ពាន​រង្វាន់នេះ ដូច​លោកស្រី និង​លោក ធន់ សា​រ៉ា​យ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក )ដែល​ធ្លាប់បាន​ទទួលពាន​ពី​រដ្ឋាភិបាល​បារាំង​និង​អាល្លឺម៉ង់ កាលពី​ឆ្នាំ​២០១៦ ដែរ​។​
 
​ក្រៅពី​ទទួលបាន​ពានរង្វាន់​នេះ លោកស្រី សុភាព ក៏​ជា​នារី​ដ៏​ឆ្នើម​ម្នាក់​សម្រាប់កម្ពុជា ដែល​បានទទួល​ការកោតសរសើរ​ពី​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃទី ២៣ ខែកញ្ញា​ឆ្នាំ ២០១៤ នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​សម្រាប់​កម្មវិធី​ផ្តួចផ្តើម​គំនិត​ពិភពលោក​លោក គ្លី​ន​តុ​ន នៅ​បុរី​ញូវយ៉ក​ទៀតផង​។​
 
 
​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រៀបដូចជា​ក្រា​ហ្វិ​ច​សេដ្ឋកិច្ចជាតិ​
«​ចាប់​តាំងពីមាន​បទពិសោធន៍ ដែល​ខ្ញុំ​ចូលប្រឡូក​ក្នុង​វិស័យ​សិទ្ធិមនុស្ស​កម្ពុជា ពី​ចុងឆ្នាំ​២០០៥​មកនេះ គឺ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យើង ខ្ញុំ​តែងតែ​ប្រៀបធៀប​ដូច​ក្រា​ហ្វិ​ច​សេដ្ឋកិច្ច ដែល​ពេលខ្លះ​ឡើង​ចុះ ទៅតាម​អតិផរណា ឬ​កំណើនសេដ្ឋកិច្ច​អ៊ីចឹង​»​។ នេះ​ជា​ទស្សនៈ​របស់​ស្ត្រី​វ័យ​៣៣​ឆ្នាំ ដែល​បាន​បន្ថែមថា ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា តែងតែ​ប្រែប្រួល ដោយពេល​ខ្លះ​ល្អ​ប្រសើរឡើង ហើយ​ពេលខ្លះ​អាក្រក់​ខ្លាំង​។​
 
​សម្រាប់​លោកស្រី ចក់ សុភាព ដែល​បម្រើ​ការងារ​ជាង​១០​ឆ្នាំ​មកនេះ មើលឃើញ​ពី​ទិដ្ឋភាព​នៃ​សំណុំ​បញ្ហា​ជាច្រើន នៅក្នុង​វិស័យ​សិទ្ធិមនុស្ស គឺ​តែងតែ​កើតចេញពី​បញ្ហានយោបាយ​ជាធំ មុននឹង​ឈានដល់​ដំណាក់កាល​ជា​បន្តបន្ទាប់​ទៀត ដែល​វា​ជា​ចំណុច​មួយ មិនអាច​ប្រកែក​បានឡើយ​។ ដូច្នេះ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ល្អ ឬ​អាក្រក់​នោះ វា​អាស្រ័យ​លើ​អ្នកនយោបាយ អ្នកមានអំណាច និង​ការដឹកនាំ​របស់​រដ្ឋាភិបាល​។ និយាយ​បែបនេះ លោកស្រី សុភាព ចង់​បានន័យថា អ្នកនយោបាយ​កាន់អំណាច ដឹកនាំ​រដ្ឋាភិបាល គួរតែ​អនុវត្ត​គោលដៅ​គោរព​សិទ្ធិមនុស្ស​ស្របតាម​មាគ៌ា​ត្រឹមត្រូវ ប្រសើរ​ជាង​យក​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស ទៅ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ ដែល​នាំ​ឲ្យ​មើលមិនឃើញ​ពី​ចំណុច​ខ្វះខាត​ខ្លួន​ហើយ​ធ្វើ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់​ធ្លាក់ចុះ ឬ​ដើរ​ថយក្រោយ​ថែមទៀត​។​
 
«​ខ្ញុំ​គិតថា យើង​គួរ​សម្លឹង​ទៅ​មើល​គោលដៅ​ដែល​យើង​ចង់​ដើរ ហើយ​ប្រទេស​កម្ពុជា ឆ្លុះបញ្ចាំង​តាមរយៈ​រដ្ឋធម្មនុញ្ញ ហើយនឹង​ការប្ដេជ្ញាចិត្ត​ជាច្រើន​ហ្នឹង ដែល​យើង​ចង់​កសាង​ប្រទេស​យើង ឲ្យ​មាន​សន្តិភាព ដែល​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ ហើយ​ពាក្យ​សន្តិភាព ជាទូទៅ​ក៏មាន​ការជជែក​ច្រើន ហើយ​ខ្ញុំ​គិតថា​(​រដ្ឋាភិបាល​)​យើង​តែងតែមាន​ការប្រៀបធៀប​មួយ ដោយ​លើក​ពី​សន្តិភាព ដែល​ត្រឹមតែ​អវត្តមាន​សង្គ្រាម​។ ប៉ុន្តែ​បើ​យើង​និយាយ​ពី​សន្តិភាព​ដែល​ពេញលេញ​នោះ មិនមែន​ត្រឹមតែ​អវត្តមាន​សង្គ្រាម​ទេ ទន្ទឹមនឹង​សេរីភាព​ពេញលេញ ទន្ទឹម​សុខុមាលភាពរ​បស់​ពលរដ្ឋ ដែល​អាច​ប្រើប្រាស់​សិទ្ធិ​ដោយ​គ្មាន​ការភ័យខ្លាច​។ ដូច្នេះ​ខ្ញុំ​ចង់​គូសបញ្ជាក់ថា យើង​ត្រូវ​សម្លឹងមើល​គោលដៅ មិនមែន​យើង​ប្រៀបធៀប​ទៅនឹង​រង្វាស់​មួយ ដែល​អន់ថយ​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យិ​កា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស      កម្ពុជា ដែល​កំពុង​រៀបចំ​ផែនការ​រយៈពេល​៥​ឆ្នាំ ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ក្នុង​អាណត្តិ​ការងារ​របស់ខ្លួន​៕
 

Tag:
 ចក់ សុភាព​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com