ជាតិ
សេដ្ឋកិច្ច
តើ​ចំនួន​ខុន​ដូ​ពិត​ជាមាន​ច្រើន​លើសពី​តម្រូវការ​មែន​ទេ​?
03, Feb 2019 , 11:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការផ្គត់ផ្គង់​ខុន​ដូ នៅក្នុង​ទីក្រុង​ភ្នំពេញ​មាន​ចំនួន​ប្រហែល​១៥,០០០​យូ​នី​ត នៅក្នុង​ឆ្នាំ​២០១៨​។ ចំនួន​នេះ​ត្រូវបាន​គេ​សម្មត់​ថា នឹង​កើនឡើង​ឱ្យ​ទ្វេដង​នៅក្នុង​ឆ្នាំ ២០១៩​។ នេះ​យោងតាម​របាយការណ៍រ​បស់ CBRE​។  ប៉ុន្តែ​គេ​សួរថា​តើ​ខុន​ដូ​ទាំងនេះ​មាន​អ្នកទិញ​ដែរឬទេ​? ឆ្លើយ​នឹង​សំណួរ​នេះ អ្នកជំនាញ​បីនាក់​នៅក្នុង​វិស័យ​អចលន​ព្រ​ទ្យ បានបង្ហាញ​ពី​ទស្សនៈ​យល់ឃើញ​ជុំវិញ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​។​

 
​លោក James Hewson ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​របស់​ក្រុមហ៊ុន CBRE ប្រចាំ​កម្ពុជា បាន​រំពឹងថា ទីផ្សារ​ខុន​ដូ​នឹងមាន​ការកែប្រែ​នៃ​តម្លៃ  ក្នុង​ឆ្នាំ ២០១៩​។ លោក​បាន​សំដៅ​ដល់​អំពី​ការផ្គត់ផ្គង់​ដ៏​ច្រើន​សម្រាប់​ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់​នៅក្នុង​ទីផ្សារ​។​
 
​លោក James បាន​លើកឡើងថា អគារ​ខុន​ដូ ដែល​បញ្ចប់​ថ្មីៗ​មាន​ចំនួន​២,២៣៤​យូ​នី ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ ដែល​បាន​ជំ​រុញឱ្យ​ការផ្គត់ផ្គង់​សរុប​កើនឡើង​ជិត​១៩​ភាគរយ ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស​។ ក្នុងនោះ​៤០​ភាគរយ គឺជា​ខុន​ដូ​កម្រិត​ធ​ម្យ​ម​។ លោក​បាន​បន្ថែមថា ខុន​ដូ​កម្រិត​ខ្ពស់​ត្រូវបាន​រំពឹងថា​នឹង​កើន​ដល់ ២៤៣​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។​ការកើនឡើង​យ៉ាងច្រើន​ទាំង​ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់​នៅក្នុង​ទីផ្សារ អាច​ជំរុញឱ្យមាន​ការ កែតម្រូវ​ទីផ្សារ​នៃ​តម្លៃ​ខុន​ដូ​នៅក្នុង​ត្រីមាស​បន្តបន្ទាប់​។​
 
​ដោយឡែក លោក Joe Phalen ប្រធាន​ផ្នែក​សេវា​ហិរញ្ញវត្ថុ​នៅ​ធនាគារ​Hong Leong បាន​បញ្ជាក់ថា ទីផ្សារ​នៃ​ការផ្គត់ផ្គង់​ខុន​ដូ នឹងមាន​ច្រើន​លើស​តម្រូវការ​នៅពេល​អនាគត​។​
 
​លោក Phalen បាន​និយាយថា ធនាគារ Hong Leong មិន​ផ្តល់​កម្ចី​សម្រាប់​ការទិញ​ខុន​ដូ​នោះទេ​។ លោក​បន្តថា អ្នក​ក្នុងស្រុក​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​កំណើន​នៃ​ទីផ្សារ​បុរី​។​
 
​អ្នក​អភិវឌ្ឍន៍ [​បុរី​] ធំៗ បាន​លក់ដាច់​គម្រោងរ​បស់​ពួកគេ​ស្ទើរតែ​ទាំងអស់​រួចទៅហើយ បន្ទាប់ពី​បានដាក់​លក់​តែ​ពីរ​-​បី​សប្តាហ៍​ប៉ុណ្ណោះ គឺ​លក់ដាច់​លឿន​ខ្លាំងណាស់​។​
 
​ផ្ទុយ​ពី​លោក Phalen លោក ខន គង្គា ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ERA ប្រចាំ​កម្ពុ​ជាមាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ខុន​ដូ​កម្ពុជា​ដោយ​លោក​ថា​អ្នកទិញ​ក្នុងស្រុក និង​វិនិយោគិន​អន្តរជាតិ ជា​អ្នកទិញ​ខុន​ដូ​។  លោក​គង្គា​បាន​និយាយថា​ទោះបីជា​អ្នកទិញ​ក្នុងស្រុក​មាន​មិនទាន់​ច្រើន​ក៏ដោយ តែ​និន្នាការ​ខុន​ដូ​ហាក់​ទាក់ទាញ​មនុស្ស​ជំនាន់​ថ្មី​បាន​ច្រើន ចំណែក​អ្នកទិញ​ពី​បរទេស​វិញ​គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​កម្ពុជា​។​
 
«​ខ្ញុំ​គិតថា​ការ​និយាយថា​ទីផ្សារ​ខុន​ដូ​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ គឺ​មិន​ត្រឹមត្រូវ​ទេ​»​។ លោក​បាន​អះអាងថា តម្លៃ​ខុន​ដូ​នៅ​កម្ពុជា​ទាប​ជាង​តម្លៃ​ខុន​ដូ​នៅក្នុង​ប្រទេស តំបន់​អាស៊ី ដូចជា​សិង្ហ​បុរី ថៃ និង​វៀតណាម​ជាដើម​។ ជាក់ស្តែង​ខុន​ដូ [​គិត​ជា​ម៉ែត្រការ៉េ​] នៅ​កម្ពុជា​មានតម្លៃ​ទាប​ជាង​ចិន​ពី​៧ ទៅ ៨ ដង ទាប​ជាង​ជប៉ុន និង​កូរ៉េ ពី​៧ ទៅ​១០ ដង និង​ទាប​ជាង​សិង្ហ​បុរី ១០ ដង​។​
 
​លោក​ជឿថា​រាល់​ការទិញ​ខុន​ដូ​នៅ​កម្ពុជា វិនិយោគិន​អាច​ទទួលបាន​ផលចំណេញ​ដ៏​ច្រើន មិន​ថា​ឬ​ការដាក់​ជួល​ត្រលប់ ឬ​ការលក់​ចេញ​វិញ​នៅពេល​អនាគត​៕
 
 

Tag:
 ខុន​ដូ​
 ​ អចលន​ព្រ​ទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com