អន្តរជាតិ
វិមាន​ក្រេ​ម​ឡាំង បដិសេធ​ព័ត៌មាន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បញ្ជូន​មាស​២០​តោន​ទៅ​រុស្ស៊ី
31, Jan 2019 , 8:39 pm        
រូបភាព
រូបភាព China Daily
រូបភាព China Daily
​វិមាន​ក្រេ​ម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ទាត់ចោល​ព័ត៌មាន​ដែល​ផ្សាយ​ថា មាស​ចំនួន​២០​តោន​ត្រូវ​ដឹក​ទៅកាន់​រុស្ស៊ី​តាម​យន្តហោះ​មួយគ្រឿង​។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ចេញ​ដោយ​សមាជិកសភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ម្នាក់​។ លោក Dmitry Peskov អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី នៅ​ថ្ងៃទី​៣០ ខែមករា អះអាងថា នេះ​ជា​ព័ត៌មាន​ក្លែងបន្លំ និង​ប្រាប់​ឲ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ក្នុងការ​ទទួល​ព័ត៌មាន​។ 

 
​នៅ​ថ្ងៃទី​៣០ ខែមករា លោក Jose Guerra សមាជិកសភា​បក្សប្រឆាំង និង​ធ្លាប់ជា​ធនាគារិក​នៅ​ធនាគារកណ្ដាល​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា លើកឡើង​តាម​បណ្ដាញ​សង្គម Twitter ថា លោក​បានទទួល​ព័ត៌មាន​ពី​ផែន​ការដឹក​ដុំ​មាស​ទៅកាន់​រុស្ស៊ី​។ អ្នកនយោបាយ​ប្រឆាំង​រូបនេះ​ទម្លាយ​ថា យន្តហោះ​រុស្ស៊ី​មួយគ្រឿង​ដែល​ទៅដល់​ព្រលានយន្តហោះ​ក្រុង​កា​រ៉ា​កាស់​ក្នុង​ជើងហោះហើរ​ពី​ទីក្រុង​មូ​ស្គូ ត្រៀម​ដឹក​ដុំ​មាស​ប្រមាណ​២០​តោន​ទៅកាន់​ទឹកដី​រុស្ស៊ី​វិញ​។​
 
​ការអធិប្បាយ​របស់​ស​មា​ជិ​ក​សភា​ខាងលើ ត្រូវបាន​ផ្សាយ​យ៉ាង​ទូលាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​។ ក្រោយមកទៀត ក៏មាន​សេចក្ដីរាយការណ៍​មួយ​ទៀតថា យន្តហោះ​អាថ៌កំបាំង​នេះ ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Nordwind ប្រភេទ​ខ្នាត​យក្ស Boeing 777 ដែល​អាច​ផ្ទុក​បាន​ចំនួន​ជាង​៤០០​នាក់​ឯណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។​
 
​យ៉ាងណាមិញ រុស្ស៊ី​បាន​ទាត់ចោល​ព័ត៌មាន​ទាំង​អម្បាលម៉ាន​នេះ​។ លោក Dmitry Peskov អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី​និយាយថា វា​គ្មាន​ព័ត៌មាន​បែបនេះ​កើតឡើង​ឡើយ ហើយ​វា​គ្រាន់តែ​ជាការ​បោក​បញ្ឆោត​ប៉ុណ្ណោះ​។ ចំណែក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​រដ្ឋាភិបាល​ប្រធានាធិបតី​ស្និទ្ធ​រុស្ស៊ី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ វិញ មិន​និយាយ​អ្វី​ឡើយ​ចំពោះ​ករណី​ដឹកជញ្ជូន​មាស​នេះ និង​បាន​បដិសេធ​ការ​ចុះចត​របស់​យន្តហោះ​រុស្ស៊ី​ផងដែរ​។​
 
​ទន្ទឹមនឹង​ការបដិសេធ​នេះ មន្ត្រី​វិមាន​ក្រេ​ម​ឡាំង​ដដែល​នេះ ក៏​បញ្ចេញ​ជំហរ​រុស្ស៊ី​ដែល​ត្រៀមខ្លួន​ជួយ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយ​គ្មាន​ការ​លូកលាន់​ពី​ខាងក្រៅ​ឡើយ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក លោក Peskov ក៏​សង្កត់ធ្ងន់​ទៀតថា រុស្ស៊ី​ជំទាស់​ដាច់ខាត​ការអន្តរាគមន៍​របស់​ប្រទេស​ទី​បី​។ 
 
​សូមបញ្ជាក់ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ ក្រុង​មូ​ស្គូ ឈរ​ខាង​ប្រធានាធិបតី ម៉ា​ឌុយ​រ៉ូ ដែល​ត្រូវ​អាច​ទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​។ ក្រុង​មូ​ស្គូ ក៏​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ដែល​ប្រកាស​គាំទ្រ​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ឲ្យ​ធ្វើជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​ជា​សាធារណៈ​ទៀតផង​។ លោក​ប្រធានាធិបតី ពូ​ទីន វិញ ក៏​ថែមទាំង​និយាយថា ទង្វើ​អាមេរិក​បើកចំហ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​ការបំពានច្បាប់​អន្តរជាតិ​យ៉ាង​កំរោល​៕

Tag:
 ​រុស្ស៊ី​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com