អន្តរជាតិ
អារ៉ាប៊ីសាអូឌីតបញ្ចប់ប្រតិបត្តិការប្រឆាំងអំពើពុករលួយ, ប្រមូលលុយបាន១០៧ពាន់លានដុល្លារ រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammad Bin Salman (រូបភាព AFP)
× អារ៉ាប៊ីសាអូឌីត បានប្រកាសបញ្ចប់យុទ្ធនាការបោសសម្អាតអំពើពុករលួយទ្រង់ទ្រាយធំរបស់ខ្លួនហើយ។ មនុស្សជាច្រើនមានសមាជិករាជវង្ស មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញគ្រាក់ៗ ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការនេះ ហើយប្រមូលលុយបានដល់ទៅ១០៧ពាន់លានដុល្លារឯណោះចូលក្នុងឃ្លាំងរដ្ឋតាមរយៈការប្រើលុយដើម្បីប្ដូរយកសេរីភាព។ យុទ្ធនាការនេះ ក៏ត្រូវមើលឃើញថា ជាការបំបាក់ស្មារតីគូប្រជែងរជ្ជទាយាទ Mohammed bin Salman ដែរ។
ពីរឆ្នាំក្រោយការចាប់ផ្ដើម យុទ្ធនាការប្រឆាំងអំពើពុករលួយដែលធ្វើឲ្យរញ្ជួយអារ៉ាប៊ីសាអូឌីតបានបញ្ចប់ទៅវិញ។ មហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះចៅសាលម៉ាន បានឯកភាពលើការបិទបញ្ចប់យុទ្ធនាការនេះនៅថ្ងៃទី៣០ ខែមករាកន្លងទៅ។ រជ្ជទាយាទ Mohammed bin Salman ដែលគេស្គាល់ជាទូទៅថា MBS និងជារាជបុត្ររបស់មហាក្សត្រផងនោះ ជាអ្នកដឹកនាំប្រតិបត្តិការបោសសម្អាតអំពើពុករលួយរបក្នុងចំណោមមន្ត្រីជាន់ខ្ពស់នេះ។
តាំងពីឆ្នាំ២០១៧ សមាជិករាជវង្សអារ៉ាប៊ីសាអូឌីតរាប់រយអង្គ រដ្ឋមន្ត្រី និងពាណិជ្ជករធំៗ បានត្រូវបានឃុំខ្លួនក្នុងសណ្ឋាគារប្រណីត Ritz-Carlton ក្នុងរាជធានីរីយ៉ាដ ហើយការឃុំខ្លួន ធ្វើឡើងច្រើនសប្ដាហ៍ក្នុងសណ្ឋាគារនេះ។ ប៉ុន្តែអ្នកខ្លះក៏ត្រូវបានដោះលែងវិញជាបន្តបន្ទាប់ដែរតាមរយៈការបង់ប្រាក់រាប់សិបលានដុល្លារ ឯអ្នកខ្លះទៀតក៏នៅតែស្ថិតក្រោមការឃ្លាំមើលដដែល ព្រោះមិនដោះស្រាយការចោទប្រកាន់របស់ខ្លួន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP រាជអាជ្ញាអារ៉ាប៊ីសាអូឌីតបានបដិសេធដោះស្រាយសំណុំរឿងជាមួយមនុស្សចំនួន៥៦នាក់ ព្រោះកំពុងមានក្ដីក្ដាំជាប់ខ្លួន។ សំណុំរឿងចំនួន៨ ត្រូវបញ្ជូនទៅកាន់រដ្ឋអាជ្ញា ដ្បិតពួកគេមិនព្រមដោះស្រាយដោយការបង់ប្រាក់ ឯមនុស្ស៨៧នាក់យល់ព្រមដោះស្រាយបញ្ហាតាមស្រួល បន្ទាប់ពីសារភាពកំហុសរបស់ពួកគេ។
សរុបមកវិញ លុយចំនួន១០៧ពាន់ដុល្លារត្រូវបានប្រមូលចូលឃ្លាំងរដ្ឋក្រោមរូបភាពជាអចលនទ្រព្យ លុយ ក្រុមហ៊ុន និងទ្រព្យសម្បត្តិផ្សេងទៀត។ បុគ្គលសំខាន់ដែលត្រូវចាប់ខ្លួន ហើយដោះលែងវិញមាន ព្រះអង្គម្ចាស់ Miteb bin Abdullah ប្រមុខកងឆ្មាំជាតិ និងមហាសេដ្ឋី Alwaleed bin Talal ដែលជាសមាជិករាជវង្សដែរ។ ទ្រង់ Miteb បានចំណាយលុយច្រើនជាងមួយពាន់លានដុល្លារជាថ្នូរនឹងសេរីភាព ខណៈទ្រង់ Alwaleed ក៏ចំណាយលុយប្រហែលគ្នានេះដែរ។
យុទ្ធនាការប្រឆាំងអំពើពុករលួយនេះ ធ្វើឲ្យមានពាក្យរិះគន់ខ្លាំងលើរជ្ជទាយាទ Mohammed bin Salman ដោយថា នេះជាការក្រឡុកនយោបាយអារ៉ាប៊ីសាអូឌីត និងជាការបង្ក្រាបគូប្រជែងអំណាចរបស់ទ្រង់។ ប៉ុន្តែអាជ្ញាធរអារ៉ាប៊ីសាអូឌីតប្រឹងបកស្រាយនេះ និងនិយាយថា វាជាការបោសសម្អាតអំពើពុករលួយសុទ្ធសាធ៕
Tag:
អារ៉ាប៊ីសាអូឌីត
Mohammed bin Salman
© រក្សាសិទ្ធិដោយ thmeythmey.com