កីឡាអន្តរជាតិ
អន្តរជាតិ
កាតា​យកឈ្នះ​ជប៉ុន ៣-១ ដើម្បី​លើក​ពាន Asian Cup ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​
01, Feb 2019 , 10:52 pm        
រូបភាព
ខ្សែប្រយុទ្ធកាតា  Almoez Ali ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទីជប៉ុន។ រូបភាពពី AFC Asian Cup
ខ្សែប្រយុទ្ធកាតា Almoez Ali ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទីជប៉ុន។ រូបភាពពី AFC Asian Cup
​ជ័យជម្នះ ៣-១ លើ​ក្រុម​ជប៉ុន គ្រប់គ្រាន់ដើម្បី​នាំ​កាតា​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ និង​ជាការ​ឈ្នះ​ពានប្រចាំតំបន់អាស៊ីជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ពី​ពិភព​អារ៉ាប់​មួយ​នេះផង​។​


ជា​លទ្ធផល​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផងដែរ​សម្រាប់​ក្រុម​ជម្រើសជាតិ​កាតា​ជាមួយនឹង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ក្រុម​ជប៉ុន​រហូតដល់​ទៅ​៣​គ្រាប់ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឡើង​នា​កីឡដ្ឋាន ZSC Stadium នៅ​យប់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​
 
​ខ្សែប្រយុទ្ធ​ឆ្នើម Almoez Ali ជា​អ្នករក​គ្រាប់​បាល់​ទី​១​ឲ្យ​កាតា​ជាមួយនឹង​ការប្រើ​ក្បាច់​បក​ចេក (bicycle kick) ដើម្បី​បំប៉ោង​សំណាញ់​ទី​របស់​ជប៉ុន នៅ​នាទី​១២ មុនពេល​ខ្សែបម្រើ Abdulaziz Hatem បន្ថែម​គ្រាប់​បាល់​ទី​២ ដោយ​ទាត់​ពី​ចម្ងាយ​យ៉ាង​ល្អ​នៅ​១៥​នាទី​បន្ទាប់​។​
  
 
​ចូលដល់​វគ្គ​ទី​២ ជប៉ុនបាន​បើក​ការ​វាយ​សម្រុក​រហូត​ធ្វើបាន​សម្រេច​១​គ្រាប់​វិញ​នៅ​នាទី​៦៩ ដោយ​កីឡាករ Takumi Minamino​។ ក្រុម​រហស្ស​នាំ​សាមូរ៉ៃ​នៅតែ​បន្ត​វាយ​សម្រុក​លើ​គូប្រកួត​ដោយ​គ្រប់គ្រង​បាល់​យ៉ាងច្រើន ខណៈដែល​កាតា​បាន​បង្កើន​ការការពារ​និង​វាយបក​ដ៏​ល្អ​វិញ​ផងដែរ​។ 
 
​កាតា​ដែល​ស្រែក​ឃ្លាន​ជ័យជម្នះ​បំផុត​នោះ​ទទួលបាន​ឱកាស​មាស ដោយ​លោក​អាជ្ញា​ផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ បន្ទាប់ពី​ពិនិត្យ VAR ឃើញថា​ប្រធាន​ក្រុម Maya Yoshida ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​នៅ​តំបន់​គ្រោះថ្នាក់​។​ ​ខ្សែប្រយុទ្ធ Akram Afif ជា​អ្នករ៉ាប់រង​ការទា​ត់បាល់​ពិន័យ​នេះ និង​សម្រេច​ទី​បាន​នៅ​នាទី​៨៣​។ ចប់​ការប្រកួត​កាតា​ឈ្នះ​ជប៉ុន ៣-១​។​
 
​ជ័យជម្នះ​របស់​កាតា ជាការបញ្ចប់​ក្តី​សុបិន​របស់​ជប៉ុន​ក្នុងការ​បំបែក​កំណត់ត្រា​ឈ្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Asian Cup ទាំង​៥​លើក ខណៈដែល​ពួកគេ​គ្រង​ជើងឯក​៤​ជំនាន់​លើសគេ​រួចហើយ តាមរយៈ​ការ​ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង ៤​ដង​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com