អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតមន្ត្រី​ជាន់ខ្ពស់​៖ ម៉ា​ឌុយ​រ៉ូ ងប់​នឹង​អំណាច​ដោយ​អាង​យោធា​គាំទ្រ ឯ​កៃ្វដូ ចាំតែ​ដើរ​តាមផ្លូវ​គូសវាស​ដោយ​វ៉ាស៊ីនតោន​
02, Feb 2019 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីតមន្ត្រី​ជាន់ខ្ពស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បួនរូប​ដែលជា​អ្នកគាំទ្រ​ស្ម័គ្រស្មោះ​លោក ហ៊ូ​ហ្គោ ឆា​វេស បាន​ចេញមុខ​ទិតៀន​ប្រធានាធិបតី នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ដែល​ប្រើប្រាស់​រាល់​មធ្យោបាយ​ដើម្បី​ការពារ​អំណាច​ខ្លួនឯង ហើយក៏​មិន​ទុកចិត្ត​ចំពោះ​ប្រធានាធិបតី​ប្រកាស​ខ្លួនឯង លោក ហ័ន កៃ្វ​ដូ ដែល​កំពុង​ដើរ​តាមផ្លូវ​ដែល​ក្រុង​វ៉ាស៊ីនតោន​គូសវាស​ឲ្យ​ដែរ​។​


​សមាជិក​ជាន់ខ្ពស់​នៃ​ចលនា​បដិវត្តន៍​សង្គមនិយម និង​ជា​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី ហ៊ូ​ហ្គោ ឆា​វេស ងប់​ង​ល់​ដូច​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាប់លាន​នាក់​ផ្សេងទៀត​នោះ បាន​ចេញមុខ​ប្រឆាំងនឹង​របប​ដឹកនាំ​របស់លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ដែល​កំពុង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ស្រាប់​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង​នោះបាន​មិន​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ឡើយ ហើយ​ពួកគេ​ទាំងនោះ​ក៏​នៅតែ​ស្ទាក់ស្ទើរ​ក្នុងការ​គាំទ្រ​លោក ហ័ន កៃ្វ​ដូ ដែល​ត្រូវបាន​ប្រទេស​ជាច្រើន រួមទាំង​អាមេរិក និង រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទទួលស្គាល់​ដែរ​។​
 
​ក្នុងចំណោម​អ្នក​ទាំង​បួន​មាន អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​ជំនាន់​លោក ឆា​វេស លោក Gustavo Marquez ដែរ​។ លោក​យល់ឃើញថា ទាំង​ប្រធានាធិបតី​ចាស់​ដែលមាន​យោធា​គាំទ្រ និង​ទាំង​ប្រធានាធិបតី​ថ្មី​ដែលមាន​អន្តរជាតិ​ទទួលស្គាល់​សុទ្ធតែ​មិន​អាចជា​ក្តី​រំពឹង​សម្រាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឡើយ​។ 
 
​អតីតមន្ត្រី​ជាន់ខ្ពស់​វ័យ ៧២​ឆ្នាំ​រូបនេះ​និយាយ​ដូច្នេះ​៖ ម៉ា​ឌុយ​រ៉ូ ក្តោប​ក្តាប់​អំណាច​ដោយ​មិនមាន​ភាពស្របច្បាប់ ខណៈដែល កៃ្វដូ វិញ​កំពុង​បង្កើត​របប​ដឹកនាំ​ដូចគ្នា​ដោយមាន​ជំនួយ​ពី​អាមេរិក​និង​ទណ្ឌកម្មសេដ្ឋកិច្ច​។ អ្នក​ទាំងពីរ​គ្មានអ្វី​ខុសគ្នា​ឡើយ​។ ម៉ា​ឌុយ​រ៉ូ សម្អាង​មាន​យោធា​គាំទ្រ មិន​ខ្វល់​ពី​ការពិត​ជាក់ស្តែង​ដែល​កំពុង​កើតឡើង​។ ឯ កៃ្វ​ដូ វិញ គឺ​អាន​តាម​សំណេរ​ដែល​ក្រុង​វ៉ាស៊ីនតោន​រៀបចំ​ឲ្យ​ប៉ុណ្ណោះ​ដើម្បី​ឈានទៅ​គ្រប់គ្រង​ប្រទេស​និង​ប្រេង​បម្រុង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​»​។​
 
​បើតាម​អតីតមន្ត្រី​ជាន់ខ្ពស់​រូប​នេះ ក្រុមប្រឆាំង​កំពុង​យក​ជីវិត​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាប់លាន​នាក់មក​លេងសើច និង​កំពុង​ព្យាយាម​បើកទ្វារ​ឲ្យ​គេ​ប្លន់​យក​ធនធាន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដូច្នេះ​ដែរ​។ ទោះ​ចរចា​ក៏ដោយ ឬ​ប្រើប្រាស់​សង្គ្រាម​ក៏ដោយ វ៉េ​ណេ​ស៊ុយ​អេ​ឡា នឹងត្រូវ​បែក​ជា​ចំណែក ហើយ​មហាអំណាច​ដូចជា​អាមេរិក រុស្ស៊ី និង​ចិន ត្រៀមខ្លួន​ត្រង​យក​ប្រយោជន៍​ទាំងនោះ​។ 
 
​អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​ទៀត​គឺ អតីត​អគ្គ​រដ្ឋអាជ្ញា​លោកស្រី Luisa Ortega​។  លោកស្រី ត្រូវបាន​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ បណ្តេញចេញ​នៅក្នុង​ឆ្នាំ ២០១៧ ពេលដែល​ខ្លួន​ព្យាយាម​លូកដៃ និង​រិះគន់​ការបំពាន​គោលការណ៍​ប្រជា​ជា​ធិបតេយ្យ និង​ធ្វើទុក្ខបុកម្នេញ​បាតុករ​ពី​សំណាក់​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ​ផ្ទាល់​។ ប៉ុន្តែ​ផ្ទុយ​ពី​លោក Gustavo Marquez លោកស្រី Ortega ប្រកាស​គាំទ្រ​លោក កៃ្វ​ដូ  ដ្បិត​លោកស្រី​យល់ថា ជោគជ័យ​របស់លោក កៃ្វ​ដូ នឹង​ក្លាយជា​ជោគជ័យ​របស់​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាល់គ្នា​។ 
 
​មន្ត្រីជាន់ខ្ពស់​ម្នាក់ទៀត​ដែល​ធ្លាប់​កាន់តំណែង​រដ្ឋមន្ត្រី​បួន​ផ្សេងគ្នា និង​ជា​មិត្តភក្តិ​លោក ឆា​វេស លោក Hector Navarro បាន​ប្រដូច​ស្ថានភាព​ប្រទេសជាតិ​នៅ​នឹង​រទេះភ្លើង​ល្បឿន​លឿន​ពីរ​ដែល​នឹង​ជិត​បុក​គ្នា​ហើយ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទាំងអស់​ស្ថិតនៅលើ​រទេះភ្លើង​ទាំងនោះ​។ 
 
​អតីតមន្ត្រី​ជាន់ខ្ពស់​ស​ម័​យ​លោក ឆា​វេស ដែល​ត្រូវបាន​លោក ម៉ា​ឌុយ​រ៉ូ បណ្តេញ​ចេញពី​បក្ស​ក្រោយ​លោក​រិះគន់​អំពើពុករលួយ​ក្នុង​របប​ដឹកនាំ​នោះ បាន​ចោទ​ជា​សំណួរ​ថា តើ​ចំណុច​ចុងក្រោយ​នឹង​អាច​អូស​ប្រទេសជាតិ​ឲ្យ​ធ្លាក់ខ្លួន​ជា​ឧបករណ៍​បម្រើ​ប្រយោជន៍​បរទេស ឬក៏​អាច​អនុញ្ញាត​ឲ្យ​ប្រជាជន​ក្លាយជា​អ្នកសម្រេច​ជោគវាសនា​របស់​ប្រទេសជាតិ​ចុងក្រោយ​ទៅវិញ​? 
 
​ចុងក្រោយ​គឺ​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​លោកស្រី  Oly Millan​។ លោកស្រី Millan មិន​ពេញចិត្ត​របប​ដឹកនាំ​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​លោក ម៉ា​ឌុយ​រ៉ូ ឡើយ ហើយក៏​បន្ទោស បញ្ហា​កើត​ឡើងជា​បរាជ័យ​នៃ​គោលនយោបាយ​សង្គមនិយម «Chavism» បង្កើតឡើង​ដោយ​លោក ឆា​វ៉េ​ស ដែល​អនុញ្ញាត​ឲ្យ​រដ្ឋ​គ្រប់គ្រង​រាល់​វិស័យ​ទាំងអស់​ដែរ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​ចង់​ប្រមែរ​ប្រមូល​អតីត​សមាជិក​គណរដ្ឋមន្ត្រី​ផ្សេងទៀត​ចូលរួម​គ្នា​ដើម្បី​ស្ដារ​តួនាទី​ស្ថាប័ន​រដ្ឋាភិបាល​ឡើងវិញ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។   ប៉ុន្តែ​ក្តី​សង្ឃឹមថា គំនិត​របស់​លោកស្រី​ក្នុងការ​សង្គ្រោះ​ប្រទេសជាតិ​នោះ​ពិបាក​នឹង​ទទួល​ការគាំទ្រ​ក្នុងពេលដែល​សង្គម​បែកខ្ញែក​គ្នា​ខ្លាំង​ដូច​បច្ចុប្បន្ន​៕
 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  អាមេរិក​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
  ហ័ន កៃ្វ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com