អន្តរជាតិ
​បច្ចេកវិទ្យា
យន្តហោះ​ដ្រូ​ន​ដឹកជញ្ជូន​ឈាម​ជួយសង្គ្រោះ​មនុស្ស​ត្រូវបាន​ប្រើប្រាស់​នៅរ​វ៉ាន់ដា​
02, Feb 2019 , 3:59 pm        
រូបភាព
រូបភាព៖ គណនី twitter លោក Israel Bimpe
រូបភាព៖ គណនី twitter លោក Israel Bimpe
​ក្រុមហ៊ុន​ផលិត​ដ្រូ​ន​របស់​សហរដ្ឋអាមេរិក Zipline បាន​បង្កើត​ដ្រូ​ន ពិសេស​ម្យ៉ាង​មាន​សមត្ថភាព​ក្នុងការ​ដឹកជញ្ជូន​ឈាម​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវការ​បន្ទាន់​។ Zipline បាន​អនុវត្ត​បេស​សកម្ម​របស់ខ្លួន​ជា​លើកដំបូង​នៅក្នុង​ប្រទេស រ​វ៉ាន់ដា​ដែលមាន​ទីតាំង​ក្នុង​ទ្វីបអាហ្វ្រិក​។

 
​រ​វ៉ាន់ដា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ដែលមាន​ភាពយឺតយ៉ាវ​អភិវឌ្ឍ​វិស័យ​គមនាគមន៍​។ ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ដូចជា​ផ្លូវថ្នល់ និង​ស្ពាន​ជាដើម មិន​បង្ក​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​នោះទេ ជាពិសេស​ការធ្វើដំណើរ​ទៅកាន់​ទីជនបទ​។ 
 
​យោងតាម​ទូរទស្សន៍​អង់គ្លេស BBC  ក្រុមហ៊ុន Zipline សម្រេច​ប្រើប្រាស់​បច្ចេកវិទ្យា​ដ្រូ​ន​ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ឈាម​ទៅកាន់​ទីជនបទ​ដោយ​មិនចាំបាច់​ប្រើប្រាស់​កម្លាំង ថវិកា និង​ពេលវេលា​ច្រើន​នៅរ​វ៉ាន់ដា​។ ក្រុមហ៊ុន​នេះ​បង្កើត​ទីកន្លែង​សម្រាប់​យន្តហោះ​ដ្រូ​ន ដែលមាន​អ្នកជំនាញ​នៅ​ប្រចាំការ​ជានិច្ច ដើម្បី​ទទួល​ទូរ​សព្ទ​ពេល​មន្ទីរពេទ្យ​នៅក្នុង​តំបន់​ត្រូវការ​ឈាម​សម្រាប់​ជួយ​អ្នកជំងឺ​។ 
 
​ដ្រូ​ន​ដែលមាន​ទម្ងន់​ប្រមាណ​២០​គីឡូក្រាម​នោះ​ដើរ​ដោយ​ថាមពលអគ្គីសនី និង​អាច​ដឹក​ឧបករណ៍​បរិក្ខារ​ពេទ្យ​មាន​ប្រមាណ​ជិត​ពីរ​គីឡូក្រាម​។ វា​អាចធ្វើ​ដំណើរ​បាន​រហូត​ទៅដល់​ចម្ងាយ​១៦០​គីឡូម៉ែត្រ ក្នុង​ល្បឿន​អតិបរិមា ១២៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ដ្រូ​ន​នេះ​ត្រូវបាន​គេ​ផលិតឡើង​ពី​សារធាតុ​ដែល​ស្រាល​តែ​ធន់​នឹង​អាកាសធាតុ​។ 
 
​វា​អាច​ហោះហើរ​ទៅកាន់​ទៅ​ដៅ​បាន​ដោយ​ប្រើប្រាស់​ប្រព័ន្ធ ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ផ្កាយរណប​។ នេះ​ពេលដែល​វា​ហោះហើរ​ទៅដល់​មន្ទីរពេទ្យ​ដែល​គេ​កំណត់ វា​មិន​ចុះចត​ដូច​យន្តហោះ​ធម្មតា​នោះទេ​។ វា​នឹង​បន្ទាបខ្លួន បន្ថយល្បឿន ហើយ​ទម្លាប់​ឧបករណ៍​ទាំងនោះ ដែលមាន​ទាំង​ឈាម​ផងដែរ មកក្រោម​ដោយ​ភ្ជាប់​ជាមួយនឹង​ឆ័​ត្រ​យោង​តូច​មួយ​។ ក្រោយមក គ្រូពេទ្យ​គ្រាន់តែ​ចេញមកក្រៅ ហើយ​រើស​ឧបករណ៍​ទាំងនោះ ដើម្បី​យកទៅ​ប្រើប្រាស់​បន្តទៀត​។ 
 
​គម្រោង​របស់​ក្រុមហ៊ុន​មួយ​នេះ ត្រូវបាន​សារព័ត៌មាន​នានា​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ លោក Keller Rinaudo ដែលជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Zipline បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់ខ្លួន​ប​ន្ត​ទៀត​ដើម្បី​បង្កើន​សមត្ថភាព​ដឹកជញ្ជូន ជាពិសេស​នៅតាម​តំបន់​ដទៃ​ជាច្រើន​ទៀត​លើ​ពិភពលោក​»៕

Tag:
 ដ្រូ​ន​
  រ​វ៉ាន់ដា
© រក្សាសិទ្ធិដោយ thmeythmey.com