កីឡាជាតិ
ជាតិ
លោក ភា សុ​ភ័​ក្ត្រា​៖ ការ​ប៉ះ Muangthong ជា​ឱកាសល្អ​សម្រាប់​កីឡាករ​ដើម្បី​ទាក់ចិត្ត​ក្លិប​បរទេស​
03, Feb 2019 , 7:59 am        
រូបភាព
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុម Cambodia All Stars ចូលរួមសន្និសីទសារព័ត៌មាននៅសណ្ឋាគារសូហ្វីតែល, រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុម Cambodia All Stars ចូលរួមសន្និសីទសារព័ត៌មាននៅសណ្ឋាគារសូហ្វីតែល, រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
 ​លោក ភា សុ​ភ័​ក្ត្រា នឹង​ដឹកនាំ​ក្រុម Cambodia All Stars ប្រកួត​តទល់​ជាមួយ​ក្រុម SCG Muangthong United នា​ជំនួប​មិត្តភាព​លើក​ទី​៣​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ទោះបីជា​ជំនួប​មិត្តភាព តែ​នេះ​ជា​ឱកាសល្អ​សម្រាប់​កីឡាករ​កម្ពុជា​ក្នុងការ​បង្ហាញ​សមត្ថភាព ដើម្បី​ទាក់ចិត្ត​ក្លិប​នៅ​បរទេស​។ ថវិកា​បាន​ពី​ការរៀបចំ​ព្រឹត្តិការណ៍​នេះ នឹង​យកទៅ​ធ្វើជា​មូលនិធិ​សប្បុរសធម៌ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។

 
​លោក ភា សុ​ភ័​ក្ត្រា ដែលជា​គ្រូបង្វឹក​បានចាត់ទុក​ការប្រកួត​រវាង​ក្រុម Cambodia All Stars ជាមួយ​ក្រុម SCG Muangthong United លើសពី​ការប្រកួត​មិត្តភាព​។ សម្រាប់​គ្រូបង្វឹក​រូបនេះ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្ពុជា​ក្នុងការ​បង្ហាញ​សមត្ថភាព ដើម្បី​ទាក់ចិត្ត​ក្លិប​បរទេស​នានា ពិសេស​ថៃ ក្នុងការ​ចេញទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​។ ព្រោះ Muangthong ជា​ក្លិប​មាន​សមត្ថភាព​ខ្លាំង​នៅ​ប្រទេស​ថៃ និង​ក្នុង​តំបន់​អាស៊ាន ហើយ​ក្នុង​ការប្រកួត​នេះ មាន​ភ្ញាក់​ងារ​នាំ​កីឡាករ​នៅ​ថៃ​ជាច្រើន​ចូលរួម​។ 
 
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប​ចំពោះ​ឱកាស​ធ្វើជា​គ្រូបង្វឹក​ដឹកនាំ​ក្រុម Cambodia All Stars លោក ភា សុ​ភ័​ក្ត្រា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា នេះ​ជាការ​បង្ហាញ​សមត្ថភាព​ពិតប្រាកដ​សម្រាប់​កីឡាករ​កម្ពុជា ដោយសារ Muangthong ជា​ក្រុម​ខ្លាំង​មួយ​មិន​ត្រឹមតែ​អាស៊ាន គឺ​អាស៊ី​តែម្តង​។ ដូច្នេះ​ពួកគាត់​(​ភ្នាក់ងារ​កីឡាករ​)​នឹង​ឃើញច្បាស់​ពី​ទម្រង់​លេង និង​សមត្ថភាព​ពិតប្រាកដ​របស់​កីឡាករ​កម្ពុជា​។ ក្រែងលោ​ថា ចប់​ការប្រកួត​ទៅ មិន​ត្រឹមតែ​ក្លិប Muangthong មាន​ក្លិប​បរទេស​ក្នុង​តំបន់​អាស៊ាន​ជាច្រើន​ទៀត​មក​ទាក់ទង​និង​នាំយក​ពួកគាត់​ទៅលេង​ឲ្យ ក៏​ថា​បាន​»​។​
 
​គ្រូបង្វឹក​ដឹកនាំ​ក្លិប​ក្រសួងការពារជាតិ​លើក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៨ រូបនេះ បាន​បន្ថែមថា​៖«​ខ្ញុំ​គិតថា ក្នុងចំណោម​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ពហុ​កីឡដ្ឋាន​ជាតិ ក៏​ប្រហែល​ជាមាន​ក្រុម​ភ្នាក់ងារ​នាំ​កីឡាករ​ផងដែរ ដើម្បី​តាមមើល​ពី​កម្រិត​នៃ​ការលេង​របស់​ក្រុម Cambodia All Star​។ ហេតុផល​នេះហើយ មាន​ភាគរយ​តិច​ណាស់​ដែល​ខ្ញុំ​យក​កីឡាករ​បរទេស​មក​ចូលរួម​។ ព្រោះ​ក្តី​បំណង​ចម្បង​របស់ខ្ញុំ គឺ​ចង់​ផ្តល់ឱកាស​ដល់​កីឡាករ​កម្ពុជា​បានបង្ហាញ​សមត្ថភាព​»​។ 
 
​លោក ភា សុ​ភ័​ក្ត្រា បាន​បង្ហើប​ថា លោក​ក៏​ជា​អ្នកគាំទ្រ​ក្លិប SCG Muangthong United មួយរូប​ដែរ​។ លើសពីនេះ លោក​ធ្លាប់​ពាក់អាវ​ក្លិប​នេះ មក​មើល​ការប្រកួត​រវាង​ក្លិប​ជើង​ខ្លាំង​មួយ​នេះ​ជាមួយ​ក្រុម Cambodia All Stars ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា កាលពី​លើក​មុន​ផងដែរ​។ ដូច្នេះ​ការ​ក្លាយជា​គ្រូបង្វឹក​ក្រុម Cambodia All Stars នៅពេលនេះ​ត្រូវបាន​លោក​ចាត់ទុកជា​ការសម្រេច​ក្តី​ស្រមៃ ដែល​បាន​ប៉ង​កន្លងមក​។ 
 
 
​ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន ដែល​សួរថា ហេតុអ្វី​លោក​ពាក់អាវ​ក្លិប Muangthong មក​ទស្សនា​ការប្រកួត​មិត្តភាព​កន្លងមក​? គ្រូបង្វឹក​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ពាក់អាវ​ក្លិប Muangthong ដោយសារ​ខ្ញុំ​តាមដាន​និង​គាំទ្រ​ក្លិប​នេះ និយាយ​ជារួម​ប្រៀប​បានជា Fan មួយ​រួប​។ ខ្ញុំ​បាន​ទស្សនាការ​ប្រកួត​កាលណោះ គឺ​ដឹកនាំ​ដោយ​លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ហើយ​តែងតែ​នឹក​ស្រមៃ​ថា ក្រែង​ថ្ងៃ​ណាមួយ​បានមក​ដឹកនាំ​ការប្រកួត ដែលមាន​អ្នកទស្សនា​រាប់ម៉ឺន​នាក់​នេះ​»​។ 
 
​ទាំង​ភាគី​ថៃ និង​កម្ពុជា​សុទ្ធតែ​អះអាងថា ការប្រកួត​មិត្តភាព​លើក​ទី​៣​នេះ ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ដើម្បី​ដកស្រង់​បទពិសោធ​ពីគ្នា​ទៅវិញទៅមក​សម្រាប់​ត្រៀម​មុន​បើក​រដូវ​កាល​។ ហើយ​រំពឹងថា ការប្រកួត​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ខាងមុខ នឹង​ទាក់ទាញ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់មក​ទស្សនា​។ ថវិកា​ដែល​បាន​ពី​ការលក់​សំបុត្រ​និង​អាវ នឹង​យកទៅ​ធ្វើ​មូលនិធិ​សប្បុរសធម៌ និង​ប្រគល់ជូន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទៅ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​៕  
 

 

 

Tag:
 បាល់ទាត់​
  Muangthong United
  Cambodia All Stars
© រក្សាសិទ្ធិដោយ thmeythmey.com