ជាតិ
សង្គមជាតិ
ស្ថានទូត​ខ្មែរ​ក្នុងប្រទេស​ថៃ​ព្រមាន​ពលរដ្ឋ​ខ្មែរ​ក្នុងប្រទេស​នេះ​ពី​ខ្យល់​កខ្វក់​ដ៏​គ្រោះ​ថា្នក់​ដែល​កំពុង​រីកសាយ​ភាយ​
03, Feb 2019 , 10:32 am        
រូបភាព
ខ្យល់កខ្វក់គ្របដណ្តប់តំបន់សួនឧទ្យាន Lumpini Park កណ្តាលទីក្រុងបាងកក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។
ខ្យល់កខ្វក់គ្របដណ្តប់តំបន់សួនឧទ្យាន Lumpini Park កណ្តាលទីក្រុងបាងកក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។
ដោយ: VOA
​ភ្នំពេញ៖ ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្ថិតក្នុង​ប្រទេស​ថៃ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​និង​ពាក់​ម៉ាស់​ប្រភេទ N95 ដើម្បី​ការពារ​ខ្យល់​កខ្វក់​ប្រភេទ PM2.5 ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ក្នុងប្រទេស​ក្បែរ​ខាង​មួយ​នេះ​។​

 
​សេចក្តីជូនដំណឹង​រប​ស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ចេញ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ បញ្ជាក់ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព ដោយសារ​នៅ​ទីក្រុង​បាងកក​និង​ខេត្ត​មួយចំនួន​ក្នុងប្រទេស​ថៃ ដូចជា​ខេត្ត​សមុទ្រ​ប្រា​កាន ខេត្ត​សមុទ្រសា​ខន ខេត្ត​ន​ន្ទ​បុរី ខេត្ត​ណា​ខន​ប៉ា​ធុម​ជាដើម កំពុងមាន​ភាព​ជ្រួលច្របល់​អំពី​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ឥទ្ធិពល​ខ្យល់​កខ្វក់​ម្យ៉ាង​ឈ្មោះថា PM2.5​។​
 
​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បន្ថែមថា ខ្យល់​កខ្វក់ ដែល​កំពុង​កើតឡើង​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​មួយចំនួន​នោះ បាន​ធ្លាក់ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់ ដែលមាន​កម្ទេចធូលី​ជាច្រើន ដែល​គេ​ស្គាល់​ឈ្មោះថា PM2.5​ដែល​ភាគល្អិត​នៃ​ធូលី​មាន​ទំហំ​តូច​ជាង​២,៥​មីក្រូ​ម៉ែត្រ​ហើយ​ត្រូវ​ចាត់ទុកថា បង្ក​គ្រោះថ្នាក់​បំផុត ដោយសារ​ទំហំ​តូច​របស់​វា​អាច​ចូល​ជ្រៅ​ក្នុង​សួត និង​ប៉ះពាល់​សេរី​រា​ង្គ​ផ្សេងទៀត​។​
 
​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​នោះ​តាមន័យ​ដើម​ថា​៖
 
«​ទាក់ទង​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​ថៃ​បានប្រកាស​ឲ្យ​សាលារៀន​និង​គ្រឹះស្ថាន​អប់រំ​មួយចំនួន​បិទ​ដំណើរការ​ជា​បណ្ដោះអាសន្ន​ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព សុខភាព​របស់​សិស្ស និស្សិត​ទាំងអស់​។ អាស្រ័យហេតុនេះ ស្ថានទូត​ឯកអគ្គរាជទូត​កម្ពុជា​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​វត្ត​មាននៅ​ក្នុងប្រទេស​ថៃ​ទាំងអស់​មេត្តា​ថែរក្សា​សុខភាព និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ពាក់​ម៉ាស់​ការពារ​ប្រភេទ N95»​។​
 
​លោក​ឌី ថេ​ហូ​យ៉ា មន្ត្រី​កម្មវិធី​នៃ​អង្គការ​ការពារ​សិទ្ធិ​ពលករ​គឺ​សង់​ត្រា​ល់ ប្រាប់ VOA ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​២​លាន​នាក់​កំពុង​ធ្វើជា​ពលករ​ក្នុងប្រទេស​ថៃ​។ លោក​បន្ថែមថា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុងស្ថិត​ក្នុងប្រទេស​ថៃ និង​អ្នក​ដែលមាន​បំណង​ធ្វើដំណើរ​កម្សាន្ត​ទៅ​ទីនោះ ត្រូវ​ប្រុងប្រយ័ត្ន និង​គួរតែ​តាមដាន​ព័ត៌មាន​ឲ្យ​បាន​ដិតដល់​ទាក់ទង​នឹង​ករណីនេះ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេងៗ​។​
 
​លោក​បញ្ជាក់ថា​៖
 
«​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​ដែល​ទៅ​ថៃ​ហ្នឹង ព្យាយាម​តាមដាន​បន្តិច​ទាក់ទង​នឹង​រឿង​ទៅ​បាងកក​។ បើសិនជា​អាច​ថា អ្នក​លក្ខណៈ​ទេសចរ មិនចាំបាច់​ទៅ​បាងកក​អី​ទេ គួរតែ​ប្តូរ​ទិសដៅ​ទៅលេង​ឯណា​ឯ​ណី ដែលជា​ខេត្ត​អាច​ថា ស្រូបខ្យល់​អាកាសធាតុ​ល្អជា​ជាង​យើង​ទៅ​កម្សាន្ត ក៏ប៉ុន្តែ​យើង​ទទួលរង​ប៉ះពាល់​ដល់​សុខភាព​»​។​
 
VOA មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក​លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​មន្ត្រី​ក្រសួងបរិស្ថាន​បានទេ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​
 
​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៥ ករណី​ខ្យល់​កខ្វក់​នេះ​ក៏បាន​កើតឡើង​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​បណ្តាល​ឲ្យ​មានការ​បិទទ្វារ​គ្រឹះស្ថានសិក្សា​មួយចំនួន​ផងដែរ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com