អន្តរជាតិ
​បច្ចេកវិទ្យា
ហេតុអ្វី​បានជា​«​ប្រអប់​ខ្មៅ​»​ក្នុង​យន្តហោះ​មាន​សារសំខាន់​ខ្លាំង​?
03, Feb 2019 , 10:19 pm        
រូបភាព
នៅពេលដែល​យន្តហោះ​ជួបប្រទះ​បញ្ហា ដូចជា​កំពុង​រៀប​ហោះហើរ ឬ​កំពុង​ហោះហើរ ឬ​ពេល​ធ្លាក់​ជាដើម ប្រអប់​ខ្មៅ​គឺជា​វត្ថុ​ដំបូង​ដែល​អ្នកជំនាញ​ត្រូវ​ទៅរក​មុនគេ​។ មិន​ថា​មាន​ភាពលំបាក​យ៉ាងណា​នោះទេ ប្រអប់​ខ្មៅ​គឺជា​វត្ថុ​ដែល​មិនអាច​ខ្វះ​បាន​នៅពេលដែល​គេ​ចង់​ស្រាវជ្រាវ​ពី​បញ្ហា​ដែល​កើត​ឡើងលើ​យន្តហោះ​។ តើ​មូល​ហេតុអ្វី​បានជា​វត្ថុ​ដែលមាន​ទំហំ​តូច​ប្រមាណ​ប៉ុន​ប្រអប់​កេះ​នេះ​មានតម្លៃ​ចំពោះ​អ្នកស្រាវជ្រាវ​ម្លេះ​?

 
​ដំបូង​គេ​គួរ​យល់ថា​អ្វី​ជា​ប្រអប់​ខ្មៅ​ជាមុនសិន​។ ប្រអប់​ខ្មៅ (Black Box) គឺជា​ប្រអប់​ដែក​តូចៗ​ធ្វើឡើង​សម្រាប់​កត់ត្រា​នូវ​ទិន្នន័យ​សំខាន់ៗ​នៅពេលដែល​យន្តហោះ​កំពុងដំណើរការ​។ កាលពី​ជំនាន់​មុន ក្នុងអំឡុង​ឆ្នាំ​១៩៦០ ក្នុងការ​កត់ត្រា​ទិន្នន័យ ប្រអប់​ខ្មៅ​ប្រើប្រាស់​ខ្សែ​ដែល​ផ្ទុក​សារធាតុ​ម៉ាញេ​ទិច ស្រដៀង​គ្នា​នឹង​កាសែត​ដែល​យើង​យកមក​ស្តាប់​ចំរៀង​ដែរ​។​
 
​ប៉ុន្តែ​ដោយសារ​វា​មាន​ភាពលំបាក​ក្នុងការ​កត់ត្រា និង​ថែរក្សា​ឲ្យ​មាន​យូរ ទើប​ក្នុង​ឆ្នាំ​១៩៩០ គេ​បាន​បំពាក់​ដុំ​អង្គ​ចងចាំ​ស្រដៀង​គ្នា​នឹង​អង្គ​ចងចាំ​ក្នុង​កំ​ព្យូ​ទ័​រ​សព្វថ្ងៃ​។ តាមពិតទៅ ក្នុង​យន្តហោះ​និ​មួយៗ គេ​
​បំពាក់​ប្រអប់​ខ្មៅ​ពីរ​ប្រភេទ​គឺ ប្រអប់​ចាប់យក​សំឡេង​អ្នកបើក​យន្តហោះ និង​ប្រអប់​ស្រង់​ទិន្នន័យ​របស់​
​យន្តហោះ​ទាំងមូល​។ 
 
​ប្រអប់​ចាប់យក​សំឡេង​អ្នកបើក (Cockpit Voice Recorder) ត្រូវបាន​គេ​ប្រើប្រាស់​វា​ក្នុងការ​តាមដាន​ការសន្ទនា​រវាង​អ្នកបើកបរ​ក្នុង​យន្តហោះ និង អ្នកបើកបរ​ជាមួយ​អ្នកគ្រប់គ្រង​ផ្លូវអាកាស​ចរណ៍​នៅឯ​ព្រលាន​។ គេ​ថត​សំឡេង​របស់​អ្នកបើកបរ​ក្នុង​រយៈពេល​២៥​ម៉ោង​ចុងក្រោយ​មុនពេល​កើតហេតុ​។​
 
​ការសន្ទនា​មាន​សារសំខាន់​ខ្លាំងណាស់ ព្រោះ​វា​បង្ហាញ​ពី​អារម្មណ៍ ការគិត​ពិចារណា និង​កត្តា​មនុស្ស​ផ្សេងៗ​ទៀត ជាពិសេស​ប៉ុន្មាន​នាទី​មុនពេល​កើតហេតុ​។ ចំណែក ឯ​ប្រអប់​ខ្មៅ​មួយទៀត​វិញ (Flight Data Recorder) ត្រូវបាន​គេ​ប្រើប្រាស់​វា​សម្រាប់​ចាប់យក​នូវ​ទិន្នន័យ​សំខាន់ៗ​ទូទៅ​មានដូចជា រយៈកម្ពស់ ល្បឿន កូអរដោនេ​ទីតាំង​ភូមិសាស្ត្រ មុំ​របស់​ស្លាប​យន្ត​ហើ សីតុណ្ហភាព និង​សម្ពាធ​ខាងក្នុង ជាដើម​។ ពេលខ្លះ​ទិន្នន័យ​ទាំងនេះ​មាន​ទំហំ​រហូតដល់​ពីរ​ទៅ​បី​ពាន់​ជី​ហ្គា​បៃ​ឯណោះ​។ ប្រអប់​ខ្មៅ​មាន​លក្ខណៈ​ធន់​ខ្លាំងណាស់​។ វា​អាច​ការពារ​ទិន្នន័យ​ខាងក្នុង​រហូតដល់​កម្តៅ​រាប់ពាន់​អង្សា​ជាមួយនឹង​សម្ពាធ​យ៉ាង​ធ្ងន់​។ 
 
​បើ​វា​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ វា​នឹង​បញ្ចេញ​រលក​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច ដើម្បី​ឲ្យ​ឧបករណ៍​ស្រាវជ្រាវ​នៅ​ខាងលើ​អាច​កំណត់​ទីតាំង​វា​បាន​។ ប្រអប់​ខ្មៅ​បច្ចុប្បន្ន​គឺ មាន​ពណ៌​ទឹកក្រូច​។ គេ​ប្រើពាក្យ​ថា​«​ប្រអប់​ខ្មៅ​» ដោយសារ​ខ្សែ​កាសែត​របស់​វាពី​ជំនាន់​មុន​មាន​ពណ៌​ខ្មៅ​។ អ្នក​ខ្លះទៀត​និយាយថា ដោយសារ​ពេល​គេ​យក​វា​ចេញពី​យន្តហោះ​ដែល​ឆេះ វា​មាន​ពណ៌​ខ្មៅ​។ ប៉ុន្តែ​គ្មាន​អ្នកណា​ដឹងថា​មូលហេតុ​អ្វី​បានជា​គេ​ហៅ​វា​ថា​ប្រអប់​ខ្មៅ​ឲ្យ​ច្បាស់លាស់​នោះទេ​៕

Tag:
 ប្រអប់​ខ្មៅ​
 ​ យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com