កីឡាជាតិ
ជាតិ
គ្រូបង្វឹកស្វាយរៀងជឿជាក់ថា ខ្សែប្រយុទ្ធ Privat បន្តឈានមុខគេក្នុងការរកគ្រាប់បាល់បញ្ចូលទី
× ភ្នំពេញ៖ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកាមេរ៉ូន Jean Marie Privat Befolo Mbarga របស់ក្លិបអាស៊ីអឺរ៉ុបកាលពីរដូវកាលមុន បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងសម្រាប់រដូវកាលឆ្នាំ២០១៩-២០២០។ ការចូលរួមរបស់ Privat គឺដើម្បីជំនួសកៅអី Harley Willard ដែលទើបចែកផ្លូវជាមួយក្លិបកាលពីពេលថ្មីៗនេះ។
ខ្សែប្រយុទ្ធឆ្នើមពោរពេញដោយបទពិសោធ Jean Marie Privat Befolo Mbarga អាចក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជួយក្លិបព្រះខ័នរាជស្វាយរៀង និងបង្កគ្រោះថ្នាក់ដល់ក្លិបដទៃនារដូវកាលថ្មីនេះ។ មុនផ្ទេរមកព្រះខ័នរាជស្វាយរៀង Privat ធ្លាប់ប្រកបអាជីពជាមួយក្លិបជាច្រើននៅកម្ពុជា និងថៃ រួមមានអង្គរថាយហ្គឺរ ណាហ្គាវើល បឹងកេត អាស៊ីអឺរ៉ុប និង Samut Prakan របស់ថៃជាដើម។
អ្វីដែលគួរឲ្យកត់សម្គាល់កាលពីរដូវកាលមុន គឺនៅពេលរួមរស់ជាមួយអាស៊ីអឺរ៉ុប ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ រកបាន២៧គ្រាប់ម្នាក់ឯង ដោយឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេ ដែលមាន Bisan George ជាម្ចាស់ស្បែកជើងមាសក្រោយរកបាន២៨គ្រាប់។
ជាមួយការបង្ហាញអារម្មណ៍រីករាយ លោក Conor Nestor គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀងបានលើកពីគុណសម្បត្តិរបស់ខ្សែប្រយុទ្ធកាមេរ៉ូនរូបនេះថា Privat ជាកីឡាករមានគុណភាពខ្ពស់ក្នុងការបញ្ចប់ទី និងមានល្បឿនលឿន ដែលអាចបង្កគ្រោះថ្នាក់ដល់គូប្រជែង។ គ្រូបង្វឹករូបនេះបានរំលឹកថា Privat នេះហើយ ដែលបំប៉ោងសំណាញ់ទីស្វាយរៀង៤គ្រាប់រដូវកាលមុន។
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ ជាកូតាកីឡាករបរទេសចុងក្រោយរបស់ក្លិបព្រះខ័នរាជស្វាយរៀង ហើយវត្តមានរបស់គេ គឺជំនួសកៅអីកីឡាករអង់គ្លេស Harley Willard ដែលទើបចែកផ្លូវគ្នាកាលពីពេលថ្មីៗនេះ។ ក្រៅពីនេះក្លិបក៏មានកីឡាករបរទេស៤រូបផ្សេងទៀងផងដែររួមមាន Daisuke Kobayashi, Yeon Gisung , Jonathan Campbell និង Charlie Machell៕
Tag:
បាល់ទាត់
Cambodian League
Privat Mbarga
© រក្សាសិទ្ធិដោយ thmeythmey.com