កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​ស្រាវជ្រាវ​អះអាង​ពី​ការរកឃើញ​បំណែក​យន្តហោះ​ដែល​ដឹក​កីឡាករ Sala
04, Feb 2019 , 9:34 am        
រូបភាព
ទាំងក្រុម Nantes និង Cardiff តែងតែរៀបចំពិធីបួងសួង​ដល់ Emiliano Sala ។ រូបថត AFP
ទាំងក្រុម Nantes និង Cardiff តែងតែរៀបចំពិធីបួងសួង​ដល់ Emiliano Sala ។ រូបថត AFP
ដោយ: ថ្មីៗ
​បំណែក​យន្តហោះ​ដែល​ដឹក​កីឡាករ​អា​ហ្ស​ង់​ទីន Emiliano Sala ត្រូវបាន​រកឃើញ​នៅ​កោះ Channel Islands ហើយ​។ នេះ​បើតាម​ការអះអាង​របស់​ភ្នាក់ងារ​ស៊ើបអង្កេត​គ្រោះថ្នាក់​ផ្លូវអាកាស (AAIB) របស់​អង់គ្លេស​។​



​លោក David Mearns តំណាង​ម្នាក់​របស់ AAIB ដែល​បើក​ប្រតិបត្តិ​ការស្រាវជ្រាវ បន្ទាប់ពី​បាន​ជំនួយ​ជា​លក្ខណៈ​ឯកជន បាន​បញ្ជាក់ថា បំណែក​យន្តហោះ​ដែល​ដឹក​កីឡាករ Sala និង​មាន​លោក David Ibbotson ជា​ពី​ឡុ​ត ត្រូវបាន​រកឃើញ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​ខណៈដែល​ក្រុម​ស្រាវជ្រាវ​នៅតែ​បន្ត​ប្រតិបត្តិការ​របស់ខ្លួន ប៉ូលិស​ក៏បាន​បញ្ជូន​ដំណឹង​ពី​ការរកឃើញ​បំណែក​យន្តហោះ​នេះ ទៅកាន់​គ្រួសារ​របស់​កីឡាករ Sala និង លោក Ibbotson ផងដែរ​។​

​យន្តហោះ​ដែល​ដឹក Sala ក្នុង​ដំណើរ​ពី​ក្រុង Nantes ទៅ Cardiff បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២១ ខែមករា​។ Sala អាយុ​២៨​ឆ្នាំ ទើបតែ​បញ្ចប់​ការផ្ទេរ​ពី Nantes នៃ​ក្របខណ្ឌ Ligue 1 ដោយ​ក្លាយជា​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ Cardiff នៅ​ក្របខណ្ឌ Premier League ក្នុងតម្លៃ​ប្រមាណ​១៩​លាន​ដុល្លារ​អាមេរិក​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ មិន​ហ៊ាន​សន្និដ្ឋាន​ពី​ស្ថានភាព​របស់ Sala និង​លោក Ibbotson ឡើយ​។ ភ្នាក់ងារ AAIB បន្ត​ការរុករក​ដោយសារតែ​បាន​ជំនួយ​ជា​លក្ខណៈ​ឯកជន​ពី​សំណាក់​បណ្តា​កីឡាករ​នៅលើ​ពិភពលោក ៕



Tag:
 Emiliano Sala
© រក្សាសិទ្ធិដោយ thmeythmey.com