ជាតិ
សុខភាព
ក្រសួងសុខាភិបាល​រម្លឹក​ពលរដ្ឋ​ឲ្យ​រក្សា​អនាម័យ​ខ្ពស់ ដើម្បី​បង្ការ​ជំងឺផ្តាសាយបក្សី​,​ពុល​ចំណី ឬ​ស្រា​
04, Feb 2019 , 10:17 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ក្រើនរម្លឹក​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​អនាម័យ​ខ្ពស់ បង្ការ​ការពុល​ចំណីអាហារ ឬ​ស្រា ដើម្បី​ចៀស​ការឆ្លង​មេរោគ​ផ្សេងៗ ពិសេស​ជំងឺផ្តាសាយបក្សី​លើ​មនុស្ស ។ ការណែនាំ​នេះ ដោយសារ​រដូវ​បុ​រ​ណ្យ​ចូលឆ្នាំ​ចិន  និង​ចូលឆ្នាំ​ខ្មែរ ជិត​ឈាន​មកដល់​ហើយ​ជា​ពេលដែល​ពលរដ្ឋ​ទូទៅ​តែងមាន​ការជួបជុំ​ទទួលទាន​ភេសជ្ជៈ​,​ចំណីអាហារ ឬ​ធ្វើដំណើរ​កម្សាន្ត​ផ្សេងៗ​។

 

 
​តាម​ក្រសួងសុខាភិបាល ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៤ កម្ពុជា​ធ្លាប់​រកឃើញ​ករណី​ជំងឺផ្តាសាយបក្សី​ចំនួន​៥៦​ករណី ក្នុងនោះ​៣៧​ករណី​បាន​ស្លាប់​។ ទោះជា​តាំងពី​ពេលនោះ​មកដល់​បច្ចុប្បន្ន មិនមាន​ករណីនេះ​កើតឡើង​លើ​មនុស្ស​ក៏ដោយ ហើយ​ករណី​ពុល​ស្រា និង​ចំណីអាហារ​ក៏​កើត​ឡើងជា​ញឹកញាប់ ប៉ុន្តែ​ពលរដ្ឋ​គ្រប់រូប​ត្រូវមាន​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​។​
 
​តាម​សេចក្តីណែនាំ និង​បង្ការ​ការពុល​ចំណីអាហារ ឬ​ស្រា និង​ជំងឺផ្តាសាយបក្សី ក្រសួង​ណែ​នា​ឲ្យ​ពលរដ្ឋ​កុំ​ប៉ះពាល់​ជាមួយ​សត្វ​នៅតាម​កសិដ្ឋាន​ចិញ្ចឹមសត្វ នៅលើ​ទីផ្សារ ប៉ះពាល់​លើ​ផ្ទៃ​កខ្វក់ ឬ​ប្រលាក់​ដោយ​លាមក​សត្វ និង​ហាម​ចូល​កន្លែង​សត្តឃាត បើ​គ្មាន​ភារកិច្ច​។ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ​ផ្ទាល់ខ្លួន និង​អនាម័យ​ចំណីអាហារ ដែល​អាច​ធានា​សុវត្ថិភាព ក្នុងការ​បរិភោគ​បសុសត្វ និង​ស៊ុត​។ 
 
​ដោយឡែក​វី​ធី​ការពារ​ការពុល​ចំណីអាហារ និង​ស្រា​វិញ គឺ​ចាំបាច់​រៀបចំ​ចំណីអាហារ​ឲ្យ​បាន​ត្រឹមត្រូវ មាន​អនាម័យ និង​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​មុន​បរិភោគ និង​កុំ​បរិភោគ​សាច់​ឆៅ​។ នេះ​បើតាម​ការណែនាំ​ដដែល ដោយបាន​បន្ត​ប្រាប់​ឲ្យ​ពលរដ្ឋ​កុំ​បរិភោគ​អាហារ​ដែល​នៅ​យូរ ហើយ​ត្រូវ​ពិសា​ទឹក​ឆ្អិន ទឹកស្អាត និង​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឲ្យ​បាន​ញឹកញាប់​។ ក្រសួង​ណែនាំ​កុំ​ឲ្យ​ពិសា​ស្រា ដែល​ផលិត​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ឬ​យក​មេ​តា​ណុ​លម​កលាយ​ធ្វើជា​ស្រា ស ដោយ​មិនមែន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​៕
 

Tag:
 សុខាភិបាល​
 ​ផ្តាសាយ​បក្សី​
 ​ពុល​ចំណី​
 ​ពុល​ស្រា​
 ​ចូលឆ្នាំ​ចិន​
 ​ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com