អន្តរជាតិ
ឱកាសចូលឆ្នាំចិន ប្រធានាធិបតីតៃវ៉ាន់ជូនពរឲ្យប្រជាជនចិនទាំងអស់ស្គាល់ប្រជាធិបតេយ្យ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (រូបភាពពីវេបសាយការិយាល័យប្រធានាធិបតីសាធារណរដ្ឋចិន)
× ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅថ្ងៃទី៣ ខែកុម្ភៈ បានផ្ញើសារអបអរចូលឆ្នាំថ្មីរបស់ជនជាតិចិន។ ប៉ុន្តែសាររបស់លោកស្រី Tsai បានបង្កប់អត្ថន័យឌឺដងឲ្យក្រុងប៉េកាំងជុំវិញលទ្ធិប្រជាធិបតេយ្យដែលត្រូវបានគោរពប្រតិបត្តខ្ជាប់ខ្ជួននៅលើដែនកោះតៃវ៉ាន់។ ក្នុងសារដែលបង្ហោះលើវេបសាយរបស់ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai បានជូនពរឲ្យប្រជាជនចិនទាំងអស់អាចរីករាយនឹងប្រជាធិបតេយ្យដូចជាជនជាតិចិននៅតៃវ៉ាន់ដែរ។
«នៅតៃវ៉ាន់ យើងអាចរក្សាប្រពៃណីវប្បធម៌របស់យើង ស្របពេលគ្នានេះ យើងក៏រីករាយការប្រើប្រាស់សេរីភាព និងប្រជាធិបតេយ្យដែរ»។ នេះជាការលើកឡើងរបស់ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ក្នុងវីដេអូបង្ហោះនៅថ្ងៃទី៣ ខែកុម្ភៈ មួយថ្ងៃមុនបុណ្យចូលឆ្នាំចាប់ផ្ដើមនៅថ្ងៃទី៤ ខែកុម្ភៈនេះ។ សារឆ្នាំថ្មីរបស់លោកស្រី Tsai ហាក់មានអត្ថន័យផ្លែផ្កាដាក់ចិនដីគោកដែលកំពុងតែស្ថិតក្រោមការដឹកនាំតាមបែបកុម្មុយនីស្ត។
ក្នុងវីដេអូដដែលនោះ លោកស្រី Tsai ចាត់ទុកការអនុវត្តសិទ្ធិសេរីភាព និងការប្រតិបត្តិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ជាការប្រសិទ្ធិពរមួយ និងជាតម្លៃដែលជនជាតិតៃវ៉ាន់ទាំងអស់ប្រកាន់ខ្ជាប់ជានិច្ច។ ដោយមិននិយាយចំឈ្មោះចិនប្រជាមានិត ប្រធានាធិបតីតៃវ៉ាន់រូបនេះផ្លែផ្កាថា អ្នកដែលរស់នៅក្នុងសង្គមខ្វះប្រជាធិបតេយ្យ នឹងមិនអាចយល់បានពីការប្ដេជ្ញាចិត្តនេះឡើយ។ ប៉ុន្តែលោកស្រីសង្ឃឹមថា ជនជាតិទាំងអស់នឹងស្គាល់ការប្រសិទ្ធិពរនេះ។
ឆ្លៀតឱកាសនោះ មេដឹកនាំចិនរូបនេះក៏ជូនពរបីប្រការដល់ជនជាតិចិនទាំងអស់ រីករាយនឹងប្រជាធិបតេយ្យ សេរីភាព និងវិបុលភាពបន្តទៀត។ ការជូនពររបស់លោកស្រី Tsai មិនទាន់មានការឆ្លើយតបវិញពីសំណាក់ក្រុងប៉េកាំងនៅឡើយទេ។ ដោយឡែកលោកប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងសារជូនពរឆ្នាំថ្មីនៅថ្ងៃទី៣ ខែកុម្ភៈ មិនបាននិយាយអ្វីច្រើនឡើយពីតៃវ៉ាន់ ក្រៅតែពីការជូនពរឲ្យជនជាតិចិនទាំងអស់ប៉ុណ្ណោះ។
ដូចដឹងស្រាប់ ចិន និងតៃវ៉ាន់ដែលបែកគ្នាជាពីរតាំងពីឆ្នាំ១៩៤៩ មកនោះ មានចំណុចខុសគ្នាជាច្រើនជាពិសេសប្រព័ន្ធដឹកនាំរដ្ឋតែម្ដង។ ចិនដីគោក កំពុងដឹកនាំដោយបក្សកុម្មុយនីស្ត ដែលរឹតត្បិតសិទ្ធិនយោបាយ និងមិនមានការបោះឆ្នោតជាទូទៅឡើយ ដែលវាខុសគ្នាទាំងស្រុងនឹងការវិវត្តនៅកោះតៃវ៉ាន់ ដែលមានការគោរពសិទ្ធិមនុស្សទូលាយ និងមានការបោះឆ្នោតយ៉ាងទៀងទាត់ដើម្បីជ្រើសរើសមេដឹកនាំ និងតំណាងរាស្ត្រផង។
តាំងពីដើមមក ក្រុងប៉េកាំងតែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយមិនអាចផ្ដាច់បានឡើយ ហើយជំទាស់ដាច់ខាតការប្រកាសឯករាជ្យរបស់កោះនេះ។ កាលពីខែមករាកន្លងមក លោក ស៊ី ក៏ព្រមានរួចហើយថា ប៉េកាំងមិនបោះបង់ការប្រើប្រាស់យោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ តែចិនចង់បានបង្រួបបង្រួមតាមផ្លូវសន្តិភាពជាង។ ប៉ុន្តែតៃវ៉ាន់គ្មានបំណងចូលរួមដំណើរជីវិតជាមួយចិនឡើយ ព្រោះភាគីទាំងពីរមានចំណុចខុសគ្នាខ្លាំងពេក៕
Tag:
ចិន
តៃវ៉ាន់
Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com