អន្តរជាតិ
មូលហេតុអ្វីបានជាចិន និងឥណ្ឌាមានប្រជាជនច្រើនម្ល៉េះ?
× អាស៊ីខាងត្បូង ក៏ដូចជាអាស៊ីខាងកើតត្រូវមានឈ្មោះល្បីល្បាញដោយសារមានប្រជាជនរស់នៅច្រើន បើគិតជាដង់ស៊ីតេប្រជាជនសរុប។ តើអ្នកធ្លាប់ឆ្ងល់ទេថា តើមូលហេតុអ្វីបានជាមហាអំណាចធំពីរឥណ្ឌានិងចិនមានចំនួនប្រជាជនរស់នៅច្រើនម្ល៉េះ?
រដ្ឋអាស៊ីខាងត្បូងឥណ្ឌា និងរដ្ឋអាស៊ីខាងកើតចិនគឺជាប្រទេសដែលមានប្រវត្តិសាស្ត្រយូរអង្វែងរាប់ពាន់ឆ្នាំមកហើយ។ ចិនមានប្រជាជនជិត១,៣៨ ពាន់លាននាក់។ ឯឥណ្ឌាវិញមានចំនួនប្រជាជនតិចជាងចិនបន្តិចបន្តួចប៉ុណ្ណោះពោលគឺ ១,៣៣ ពាន់លាននាក់។ ចំណែកសកម្មភាពប្រជាជនដែលរស់នៅក្នុងប្រទេសទាំងពីរនេះក៏មានភាពមមារញឹកខ្លាំងដូចគ្នាដែរ។
បើតាមអត្ថបទនៃគេហទំព័រ mentalfloss.com ក្រោមចំណងជើងថា«Why are there so many people in India and China?» កត្តាចម្បងដែលបណ្តាលឲ្យប្រទេសទាំងពីរមានប្រជាជនច្រើនគឺស្បៀងអាហារ។ ប្រទេសទាំងពីរនេះ ស្ថិតនៅតំបន់ត្រូពិច និងមានអាកាសធាតុត្រជាក់បង្គួរ។ អាកាសធាតុបែបនេះ អនុគ្រោះដល់ការធ្វើដំណាំដែលមានបង្កបង្កើនផលបានច្រើន។ ម្យ៉ាងវិញទៀត ធនធានទឹកដែលមានដូចជាទន្លេ ស្ទឹង ឬបឹងបួរជាដើម ក៏ជាផ្នែកមួយជួយជំរុញការដាំដុះនិងបង្កបង្កើនផលសិកម្មផងដែរ។
ចំណែកវិញដីមានជីវជាតិខ្ពស់ ហើយមានទំហំធំសម្រាប់ការធ្វើកសិកម្ម។ ត្រង់ចំណុចនេះ គេគួរយល់ថា ប្រទេសដែលមានលទ្ធភាពធ្វើកសិកម្មបានល្អ បង្កើតស្បៀងហូបចុកគ្រប់គ្រាន់ ភាគច្រើនតែងបង្កភាពងាយស្រួលក្នុងការរស់នៅ និងអាចបង្កើតកូនចៅជំនាន់ក្រោយបន្តទៀតបានឆាប់រហ័ស។
យ៉ាងណាក៏ដោយអ្នកគួរកត់ចំណាំថា ការកើនឡើងនៃចំនួនប្រជាជនក្នុងតំបន់នេះមិនមែនកើតឡើងក្នុងរយៈពេលត្រឹម១០ ឆ្នាំ ឬ១០០ឆ្នាំនោះទេ។ ពេលខ្លះ វាត្រូវបានរយៈពេលជាច្រើនរយឆ្នាំ រួមទាំងកាលៈទេសៈពិសេសៗជាច្រើនទម្រាំអាចតាមដាន និងកំណត់កត្តារួមចំណែកឲ្យមានកំណើនប្រជាជនច្រើនបែបនេះ៕
Tag:
ឥណ្ឌា
ចិន
ប្រជាជន
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com