ជាតិ
សង្គមជាតិ
ការយល់ឃើញ​របស់​ព​ល​រដ្ឋ នូវ​វត្តមាន​របស់​ជនជាតិ​ចិន​នៅលើ​ទឹកដី​កម្ពុជា !
04, Feb 2019 , 5:26 pm        
រូបភាព
​សព្វថ្ងៃ​មាន​ជន​ជាតិចិន​ជាច្រើន​បានមក​រស់នៅ និង​មក​វិនិយោគ​លើទឹក​ដី​ក​ម្ព​ជា​។ វត្តមាន​របស់​ជនជាតិ​ចិន​បាន​កើនឡើង​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​មានមតិ​វិជ្ជមាន និង​អវិជ្ជមាន ជុំវិញ​ស្ថានភាព​ដែល​ពួកគេ​បានឃើញ និង​បាន​យល់ដឹង​។


 
​លោក  អ៊ិន អ៊ឹង ជា​គ្រូ​ង្រៀ​ន​នៅ​ខេត្តសៀមរាប មានការ​យល់ឃើញ​ពី​ទំនាក់ទំនង​កម្ពុជា​ចិន និង​កំណើន​ជនជាតិ​ចិន​លើ​ទឹកដី​ខ្មែរ​ថា​៖ «​មនុស្ស​ខ្មែរ​មិនតិច​ទេ​ដែល​មិន​ចូលចិត្ត​ជនជាតិ​ចិន ព្រោះ​ជនជាតិ​ចិន​តែងតែ​បង្ករ​ជា​បញ្ហា​ដូចជា​ការបើកបរ​គ្មាន​សណ្ដាប់ធ្នាប់​ធ្វើ​ឲ​មាន​គ្រោះថ្នាក់​ស្ទើរ​រាល់ថ្ងៃ (​របួស​និង​ស្លាប់​ខ្មែរ​ម្ចាស់​ស្រុក​) បំផ្លាញ​តំបន់​ទេសចរណ៍​ដូចជា​នៅ​កំពង់សោម​ជាដើម​។ ការបង្ករ​ជា​ជម្លោះ​រហូត មានការ​កាប់សម្លាប់​គ្នា​យ៉ាង​អនាធិបតេយ្យ ហើយ​គ្មាន​សមត្ថកិច្ច​ណា​អើពើរ​តួយ៉ាង​នៅតាម​ហាង​ផឹកស៊ី កាស៊ីណូ បារ​។ ដោយឡែក​កំណើន​ភ្ញៀវ​ទេសចរណ៍​ចិន ការដេញថ្លៃ​អចលនទ្រព្យ (​ដីធ្លី ផ្ទះ​) រដ្ឋ​ទទួល​លុយ​ឥត​សំណង​ជាច្រើន ការវិនិយោគ​កាន់តែច្រើន​»​។ 
 
​លោក ផាណិត ជា​អ្នករត់​កង​ប‌ី​ឥណ្ឌា​នៅ​ភ្នំពេញ​ថា​៖« ប្រជាជន​ចិន​ឥឡូវ​មាន​ច្រើន​ពិតមែន លោក​ក៏បាន​ដឹក​ភ្ញៀវ​ចិន​ដែល​រាល់ថ្ងៃ​ហ្នឹង ហើយ​ជនជាតិ​ចិន​បាន​ជួយ​បង្កើន​ការងារ​មាន​ដល់​ប្រជាជន​ខ្មែរ​ច្រើន​ដែរ​។ មាន​ក្រុមហ៊ុន​ចិន​ច្រើន ហើយ​អ្វីដែល​ពិសេស​គឺ មាន​កន្លែង​ការងារ​ពេល​រើស​បុគ្គលិក​មានការ​ជ្រើសរើស​អ្នកចេះ​ភាសា​ចិន​។ ជនជាតិ​ចិន​នៅលើ​ទឹកដី​កម្ពុ​ជាមាន​ផលប្រយោជន៍​ច្រើន តែមាន​មួយផ្នែក​តូច​នៃ​ជន​ជាតិចិន​មាន​ទង្វើ​មិនល្អ ច្រើន​បង្កជម្លោះ​។ 
 
​កញ្ញា រ័ត្ន ជា​និស្សិត​ផ្នែក​ទីផ្សារ ដែល​ស្វ​ព​ថ្ងៃជា​បុគ្គលិក​នៅ​ហាង​កា្វ​ហ្វេ​មួយកន្លែង​នៅ​ភ្នំពេញ​ថា ៖«​កម្ពុជា​-​ចិន​ឥឡូវ តាម​ការមើលឃើញ​គឺមាន​ទំនាក់ទំនង​ល្អ ចិន​មានការ​វិនិយោគ​មកលើ​កម្ពុជា​ច្រើន​។ ប្រជាជន​ចិន​ក៏មាន​វត្តមាន​ការកើនឡើង​ជាង​ឆ្នាំមុនៗ​ដែរ​។ ជាក់ស្ដែង​មាន​ជនជាតិ​ចិន​មក​ហាង​មាន​ទាំង​ក្មេង និង​ចាស់​។ សង្ឃឹមថា​ជនជាតិ​ចិន​មុននឹង​មក​ប្រទេស​កម្ពុជា គួរតែ​ស្វែងយល់​ពី​ច្បាប់ ពី​សុជីវធម៌ វប្បធម៌​ខ្មែរ​ឲ្យ​បាន​ច្រើន​ទើប​ជាការ​ល្អ​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com