អន្តរជាតិ
ប្រធានាធិបតី​អ៊ីរ៉ាក់​ថា លោក ត្រាំ មិនបាន​សុំ​ការអនុញ្ញាត​ដាក់​ទ័ព​ដើម្បី​តាមដាន​អ៊ីរ៉ង់​ឡើយ​
04, Feb 2019 , 11:59 pm        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ាក់ Barhem Salih (រូបភាព AFP)
ប្រធានាធិបតីអ៊ីរ៉ាក់ Barhem Salih (រូបភាព AFP)
​ប្រ​ធានា​ធិ​បត​អ៊ីរ៉ាក់ Barham Salih នៅ​ថ្ងៃទី​៤ ខែមករា បាន​រិះគន់​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ចង់​ពង្រាយ​យោធា​អាមេរិក​ដើម្បី​តាមដាន​អ៊ីរ៉ង់​។ លោក Salih ប្រាប់​ឲ្យ​អាមេរិក​រក្សា​គោលបំណង​ដើម​របស់ខ្លួន​ដដែល គឺ​ប្រើប្រាស់​ទឹកដី​អ៊ីរ៉ាក់​ក្នុង​យុទ្ធនា​ការប្រឆាំង​ភេរវកម្ម មិនមែន​ប្រឆាំង​អ៊ីរ៉ង់​ឡើយ​។ មិនមែន​តែ​អ៊ីរ៉ង់​ឡើយ លោក ត្រាំ ក៏​ចង់យក​ទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ស៊ី​រី​ដែរ​។

 
​ដកទ័ព​ពី​ស៊ី​រី និង​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន តែ​បន្ត​តាំងទ័ព​នៅ​អ៊ីរ៉ាក់​ដើម្បី​ឃ្លាំង​មើល​អ៊ីរ៉ង់​។ នេះ​ជា​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ ការប្រកាស​ដាក់​កងទ័ព​នៅ​អ៊ីរ៉ាក់​ក្នុង​គោលដៅ​តាមដាន​អ៊ីរ៉ង់ ធ្វើ​ឲ្យ​ប្រធានាធិបតី​អ៊ីរ៉ាក់ Barham Salih មានប្រតិកម្ម​យ៉ាងខ្លាំង​នឹង​ជំហរ​របស់​សម​ភាគី​អាមេរិក​របស់ខ្លួន​។​
 
​តាមពិតទៅ លោក ត្រាំ សម្រេចចិត្ត​ដកទ័ព​ពី​ជម្លោះ​នៅ​ស៊ី​រី និង​វិបត្តិ​រ៉ាំរ៉ៃ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​សន្សំ​លុយ​។ ពេលនេះ អាមេរិក​កំពុង​ចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​ដើម្បី​ឈានទៅ​ការបញ្ចប់​សង្គ្រាម​១៧​ឆ្នាំ​។ នៅ​ស៊ី​រី​វិញ ដំណើរការ​ដកទ័ព​ថ្មើរជើង​ចំនួន​២​ពាន់​នាក់ ត្រូវបាន​ពន្យារពេល​ប​ន្តិ​ច ដោយ​ប្រធានាធិបតី​អាមេរិក​លើក​ហេតុផល​ថា ការពារ​អ៊ីស្រាអែល​សិន ខណៈ​ពីដំបូង​លោក ត្រាំ ចង់​ដកទ័ព​ភ្លាមៗ​តែម្ដង​។​
 
​ដោយសារ​ការដក​ទ័ព​ពី​ស៊ី​រី​នេះ ទើប​លោក ត្រាំ ចង់​រក្សា​យោធា​អាមេរិក​នៅ​ទឹកដី​អ៊ីរ៉ាក់​ទៀត​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS ដែល​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ លោក ត្រាំ លើកឡើងថា អាមេរិក​ចំណាយលុយ​ច្រើន​ធ្វើ​បន្ទាយ​នៅ​អ៊ីរ៉ាក់ ដូចនេះ​អាមេរិក​អាច​រក្សាទុក​សិន​ដើម្បី​តាមដាន​អ៊ីរ៉ង់ ដែលជា​បញ្ហា​ពិតប្រាកដ​។ យ៉ាងណាមិញ លោក Salih ប្រាប់​ឲ្យ​អាមេរិក​កុំ​ដាក់បន្ទុក​លើ​គេឯង​ដោយសារតែ​បញ្ហា​ផ្ទាល់ខ្លួន​។​
 
​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​ក្នុង​រដ្ឋធានី​បា​ក់ដាដ លោក Salih បញ្ជាក់ថា អាមេរិក​ជា​មហាអំណាច តែ​កុំមក​អនុវត្ត​នយោបាយ​របស់​ខ្លួន​នៅ​ទឹកដី​អ៊ីរ៉ាក់​។ យុទ្ធសាស្ត្រ​របស់​អាមេរិក​បែបនេះ ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ជួប​បញ្ហាលំបាក ព្រោះ​ទាំង​អាមេរិក ទាំង​អ៊ីរ៉ង់​សុទ្ធតែជា​សម្ព័ន្ធមិត្ត​ធំៗ​របស់ខ្លួន​ដូចគ្នា​។ ត្រង់ចំណុច​នេះ ប្រធានាធិបតី​អ៊ីរ៉ាក់​អះអាងថា វា​ជាគោលការណ៍​ដើម​របស់​អ៊ីរ៉ាក់​ក្នុងការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ៊ីរ៉ង់ និង​ប្រទេសជិតខាង​ផ្សេងទៀត​។​
 
​គោលដៅ​ឃ្លាំមើល​អ៊ីរ៉ង់​របស់លោក ត្រាំ កើតឡើង​ដោយសារតែ​លោក​សង្ស័យថា អ៊ីរ៉ង់​អាច​លួច​ផលិត​អាវុធ​នុយក្លេអ៊ែរ ឬ​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​។ ដូចនេះ​ការតាំង​ទ័ព​នៅ​អ៊ីរ៉ាក់ ជា​រឿង​សំខាន់​មួយ​។ ប៉ុន្តែ​មេដឹកនាំ​អ៊ីរ៉ាក់​ចង់​ឲ្យ​អាមេរិក​ប្រកាន់ខ្ជាប់​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ គឺ​អាមេរិក​មាន​បេសកកម្ម​កម្ទេចចោល​កម្លាំង​ជ្រុលនិយម​៕

Tag:
 អ៊ីរ៉ាក់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Barham Salih
© រក្សាសិទ្ធិដោយ thmeythmey.com