អន្តរជាតិ
តំណាង​ចរចា​នុយក្លេអ៊ែរ​អាមេរិក ទៅ​កូរ៉េខាងជើង​ដើម្បី​ជជែក​ការរៀបចំ​ជំនួប​មេដឹកនាំ​លើក​ទី​ពីរ​
06, Feb 2019 , 8:39 am        
រូបភាព
លោក Stephen Biegun ពេលទៅដល់កូរ៉េខាងត្បូង (រូបភាព AFP)
លោក Stephen Biegun ពេលទៅដល់កូរ៉េខាងត្បូង (រូបភាព AFP)
​តំណាង​ចរចា​នុយក្លេអ៊ែរ​អាមេរិក Stephen Biegun នឹងធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ដើម្បី​ជជែក​ពី​ការរៀបចំ​ជំនួប​មេដឹកនាំ​លើក​ទី​ពីរ និង​ការអនុវត្ត​កិច្ចព្រមព្រៀង​នៅ​សិង្ហ​បុរី​។ លោក Biegun នឹង​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងជើង Kim Hyok-chol ជា​លើកដំបូង ស្រប​ពេលដែល​គម្រោង​នៃ​ជំនួប​មេដឹកនាំ​កាន់តែ​ខិតជិត​ដល់​ទៅហើយ​។ កាលបរិច្ឆេទ និង​ទីតាំង​ផ្លូវការ នឹងត្រូវ​ប្រកាស​ក្នុង​សប្ដាហ៍​នេះ​។

 
​អាមេរិក និង​កូរ៉េខាងជើង នឹង​រៀបចំ​ជំនួប​ថ្នាក់​ក្រុមការងារ​មួយ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ដើម្បី​រៀបចំ​ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន​។ លោក Stephen Biegun ដែលជា​ប្រេសិត​ពិសេស​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង​ដើម្បី​ជួប​តទល់​ជាមួយ​មន្ត្រី​កូរ៉េខាងជើង Kim Hyok-chol ដែល​ទទួលបន្ទុក​ការងារ​ជាមួយ​អាមេរិក​។ 
 
​លោក Biegun បាន​ទៅដល់​រដ្ឋធានី​សេ​អ៊ូ​ល​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ និង​បាន​ជួប​ជាមួយ​មន្ត្រី​កូរ៉េខាងត្បូង​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ បើតាម​ការប្រកាស​រប​ស់​ក្រសួងការបរទេស​អាមេរិក ក្រៅពី​ការពិភាក្សា​លើ​ជំនួប​មេដឹកនាំ​កំពូល លោក Biegun ក៏​នឹង​ជជែក​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​នៅ​សិង្ហ​បុរី​ដែល​លោក ត្រាំ និង​លោក គីម ឯកភាពគ្នា​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទាំងស្រុង បង្កើត​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ និង​បង្កើត​ចំណង​ការទូត​ទ្វេភាគី​ផង​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​នៅ​កូរ៉េខាងជើង មន្ត្រីការទូត​អាមេរិក​រូបនេះ ក៏​ត្រូវបាន​រំពឹងថា ជជែក​ពី​កិច្ចព្រមព្រៀង​មួយ​ជុំវិញ​ចំណាត់ការ​តប​វិញ​របស់​អាមេរិក​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​នាពេល​កន្លងមក​។ ត្រង់ចំណុច​នេះ លោក Biegun ធ្លាប់​និយាយ​រួចហើយ​ថា អាមេរិក​ត្រៀមខ្លួន​ចរចា​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​នឹង​នៅតែមាន​ជា​ធរមាន​បន្តទៀត​រហូត​ដល់​ការរំសាយ​នុយក្លេអ៊ែរ​ត្រូវ​បញ្ចប់​ទាំងស្រុង​។ 
 
​កាលពី​សប្ដាហ៍​មុន តំណាង​ចរចា​នុយក្លេអ៊ែរ​របស់​ក្រុង​វ៉ាស៊ីនតោន​ដដែល​នេះ ក៏​បង្ហើប​ដែរ​ថា លោក ត្រាំ បើកទ្វារ​ដល់​ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ ជា​ផ្លូវការ​ផង​។ ការបញ្ចប់​សង្គ្រាម​នេះ ជាការ​ទាមទារ​ដ៏​ធំ​មួយ​របស់​ក្រុង​ព្យុងយ៉ាង តែ​អាមេរិក​ហាក់​ស្ទាក់ស្ទើរ​នៅឡើយ​។ បើតាម​លោក Biegun ការប្រកាស​បញ្ចប់សង្គ្រាម​ផ្លូវ​នេះ គឺជា​ការលុបចោល​អរិ​ភាព​ដែលជា​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​គូសត្រូវ​ទាំងពី​សង្គ្រាម​កូរ៉េ​មក​។​
 
​ងាក​ទៅ​ប្រធានបទ​ជំនួប​ត្រាំ​-​គីម​វិញ ទីតាំង និង​ពេលវេលា​ជាក់ស្ដែង​នឹងត្រូវ​ប្រកាស​នៅមុន ឬ​អំឡុងពេល​លោក ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំសភា​រួម​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ ខណៈ​អ្វីៗ​បានកំណត់​រួច​អស់ហើយ​។ វៀតណាម ទំនងជា​ធ្វើ​ម្ចាស់ផ្ទះ​ជំនួប​ចរចា​រវាង​ប្រធានាធិបតី​អាមេរិក និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​នៅ​ចុងខែ​កុម្ភៈ​នេះ​៕ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com