ជាតិ
លោក ហេង រតនា ប្រាប់​អាមេរិក​កុំ​ឲ្យ​ទម្លាក់កំហុស​ទៅ​អ្នកដទៃ ដែល​នាំ​ឲ្យ​កូន​ខ្មែរ​ឈឺចាប់​
06, Feb 2019 , 10:42 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)
រូបពីហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC) ប្រាប់​ឲ្យ​អាមេរិក​កុំ​ទម្លាក់កំហុស​ទៅ​អ្នកដទៃ ដែល​នាំ​ឲ្យ​កូន​ខ្មែរ​ឈឺចាប់​។ ការលើកឡើង​នេះ ធ្វើឡើង​ក្រោយពី​អាមេរិក និង​ចិន បាន​ចោទ​គ្នា​ទៅវិញទៅមក​លើ​ករណីរ​ដ្ឋ​ប្រហារ​នៅ​កម្ពុជា ក្នុងអំឡុង​ទស្សវត្ស​៧០​។​

 
«​ប្រជាជន​កម្ពុជា​មានប​ញ្ញា​និង​សតិ​គ្រប់គ្រាន់​ក្នុងការ​យល់ដឹង​ហេតុការណ៍​ទាំងឡាយ​។ សូម​ឲ្យ​មាន​ទង្វើ​ប្រកបដោយ​ការទទួលខុសត្រូវ​និង​សីលធម៌​ជា​មនុស្ស​ខ្លះ​ផង ចំពោះ​ទង្វើ​របស់ខ្លួន ដើម្បី​ចៀសវាង​ការបង្កើត​នូវ​ប្រ​វ​តិ្ត​សាស្ត្រ​ច្រំ​ដែលមាន​មកលើ​ប្រទេស​និង​ប្រជាជន​ដ៏​កំសត់​មួយ​នេះ​»​។ នេះ​ជា​សំណេរ​របស់លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា ដែល​ហាក់​ឆ្លើយតប​ទៅនឹង​អាមេរិក នៅ​គ្រា​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ អះអាងថា រដ្ឋប្រហា​នៅ​កម្ពុជា គ្មាន​ពាក់ព័ន្ធ​អ្វី​នឹង​ខ្លួន​ឡើយ​។​
 
​ដើម្បី​តបត​នឹង​ការលើកឡើង​របស់​អាមេរិក​កាលពីពេល​ថ្មី​នេះ លោក ហេង រតនា បាន​លើកយក​ទឡ្ហីករណ៍​មួយចំនួន​មក​រៀបរាប់ថា គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ គឺមាន​ពី​សហរដ្ឋអាមេរិក ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​Johnson ចាប់ពី​ខែតុលា ឆ្នាំ​១៩៦៥ ដែល​បាន​ទម្លាក់​គ្រាប់បែក​លើទឹក​ដី​កម្ពុជា ចំនួន​៤៧៥,៥១៥​តោន (​ជិត​កន្លះ​លាន​តោន​)​។ ហើយ​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី Richard Nixon ចាប់ពី​ឆ្នាំ​១៩៦៩​ដល់​១៩៧៣ មាន​ចំនួន​ជាង​២​លាន​តោន ក្នុង​រយៈពេល​៥​ឆ្នាំ​នោះ​។ បើតាម​លោក ហេង រតនា ការទម្លាក់​គ្រាប់បែក​ជា​បន្ត​បន្ទាប់ពី​សំណាក់​រដ្ឋបាល​អាមេរិក​នេះ មាន​ទិន្នន័យ​សរុប​ជាង​២​លាន​៨​សែន​តោន ដែល​ក្នុងនោះ​មានកូន​គ្រាប់បែក​ចង្កោម​ជាង​២៨​លាន​គ្រាប់ និង​គ្រាប់បែក​គីមី​(​គ្មាន​កំណត់ត្រា​នៅឡើយ​ទេ​)​។ ប៉ុន្តែ​តួលេខ​ទាំងនេះ មិនទាន់​ពេញលេញ​ទេ​។​


 
​បកស្រាយ​ទៅ​អាមេរិក​បែបនេះហើយ អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​បន្ថែមថា​៖«​ករណី​លើកឡើង​បញ្ហា​ណាមួយ​គប្បី​គិតដល់​អារម្មណ៍​ការឈឺចាប់​ខ្លោចផ្សា វិនាស​ព្រាត់ប្រាស់ រលាយ​សាបសូន្យ​នូវ​អាយុជីវិត​ប្រជាជន​កម្ពុជា​ខ្លះ​ផង​! វប្បធម៌​ទម្លាក់កំហុស​ឲ្យ​គ្នា​ទៅវិញទៅមក ដែល​មើល​មក​កូន​ខែ្មរ និង​ទឹកដី​អង្គរ​ដ៍​បវរ​នេះ គ្រាន់តែ​ទីលាន​សាកល្បង​គ្រាប់​និង​លេងសើច​មែន​ទេ​? ឈាម​និង​ទឹកភ្នែក​កូន​ខែ្មរ​នៅ​បន្ត​ហូរ​នៅឡើយ ការបែកបាក់​ក្រុមគ្រួសារ​នៅតែ​រកគ្នា​មិនទាន់​ឃើញ​នៅមាន​ជា​ហូរហែនៅឡើយ​។ សូមកុំ​យល់​ច្រ​ឡំថា ជាតិ​សាសន៍​នេះ​ល្ងង់ខ្លៅ​មិនដឹងខ្យល់​ស្អី​នោះ សូម្បីតែ​សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់​ក៏​មិនដឹង​ដែរនោះ​!»​។  
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ជុំវិញ​ករណីនេះ​នៅឡើយ​ទេ​។​

អត្ថបទទាក់ទង

 
​ជុំវិញ​ការធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា​នេះដែរ អាមេរិក តាមរយៈ​ស្ថានទូត​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន​ថា អាមេរិក​មិនបាន​ពាក់ព័ន្ធ​នៅក្នុង​រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​លោក លន់ នល់ ឡើងកាន់​អំណាច​នោះទេ​។ ហើយ​រហូតមក​ដល់ពេលនេះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ពី​ការពាក់ព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ទេ​។ ប៉ុន្តែ​មាន​ភស្តុតាង​ជាច្រើន ដែល​បង្ហាញថា រដ្ឋាភិបាល​ចិន​ទៅវិញ​ទេ ដែល​នៅ​ពីក្រោយ​រដ្ឋប្រហារ​នេះ​។​
 
​ការលើក​ហេតុផល​របស់​អាមេរិក​នេះហើយ ទើប​ធ្វើ​ឲ្យ​ចិន ទប់​អារម្មណ៍​មិនបាន ហើយ​ឆ្លើយ​បែប​ចំអក​វិញ​ថា អាមេរិក​ពិតជា​មិន​ជាប់ទាក់ទង​នឹង​រដ្ឋប្រហារ​នោះឡើយ ប៉ុន្តែ​ក្រុម​CIA អាមេរិក​ទៅវិញ​ទេ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រដ្ឋប្រហារ​នេះ​។​
 
​គិតពី​ឆ្នាំ​១៩៩២ ដល់​ខែតុលា ឆ្នាំ​២០១៧ CMAC បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​សរុប​ប្រមាណ ១៦៧.០០០​ហិកតា ដោយ​ក្នុងនោះ​រួមមាន គ្រាប់មីន​ប្រឆាំង​មនុស្ស ១,៧៧៩,០៤៦​គ្រាប់ មីន​ប្រឆាំង​រង​ក្រោះ ៦០,៨២៤​គ្រាប់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ៦,២៥៧,១០២ គ្រាប់ និង​អំបែង ៧៤១,៧១៥,៤៩១ គ្រាប់​។ ចំណែក​ទិន្នន័យ​ជនរងគ្រោះ គិត​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ​២០១៧ សរុប​ទាំងអស់​មាន ៦៤,៧០៥​នាក់ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន ៥១,០៥៦​នាក់ និង​គ្រាប់ ៦៤,៩១៣​នាក់​។ នេះ​បើតាម​របាយការណ៍ CMAC​។​
 
​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៨-២០២៥ កម្ពុជា​គ្រោង​សម្រេច​គោលដៅ​មួយចំនួន​រួមមាន ត្រូវ​ដោះ​ផ្ទៃដី​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម ឲ្យ​អស់​ក្នុង​ឆ្នាំ ២០២៥​។ កាត់បន្ថយ​កម្រិត​ទាប​បំផុត នូវ​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម លើកកម្ពស់​ជីវភាពរ​បស់​ជនរងគ្រោះ និង​សហគមន៍​ដែល​រងគ្រោះ​។ ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ និង​អន្តរជាតិ ផ្នែក​វិស័យ​សកម្មភាព​មីន បង្កើត​ការកសាង​សមត្ថភាព​ជាតិ ប្រកបដោយ​ចីរភាព លើ​បញ្ហា​គំរាមកំហែង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រោយ​ឆ្នាំ ២០២៥​។ ធានា​សកម្មភាព​មីន​ឲ្យ​មានការ​គាំទ្រ ដោយ​ប្រព័ន្ធគ្រប់គ្រង​គុណភាព ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព និង​មានការ​ចូលរួម​ពី​យេនឌ័រ និង​ការពារ​បរិស្ថាន​៕
 

Tag:
 ហេង រតនា​
  គ្រាប់បែក​
© រក្សាសិទ្ធិដោយ thmeythmey.com