អន្តរជាតិ
កងទ័ព​ឥណ្ឌូណេស៊ី ស្នើ​កែ​ច្បាប់​បើកផ្លូវ​ឲ្យ​មន្ត្រី​យោធា​ជាន់ខ្ពស់​កាន់តំណែង​គ្រាក់ៗ​ក្នុង​រដ្ឋាភិបាល​
06, Feb 2019 , 8:19 pm        
រូបភាព
ឧត្តមសេនីយ៍ Hadi Tjahjanto មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី (រូបភាព Antara)
ឧត្តមសេនីយ៍ Hadi Tjahjanto មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី (រូបភាព Antara)
​នៅពេល​ខាងមុខ មន្ត្រី​ស៊ីវិល​នៅ​ឥណ្ឌូណេស៊ី​ទំនងជា​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ក្នុង​ឡើង​តំណែង​របស់​ពួកគេ ខណៈដែល​យោធា​ប្រទេស​នេះ​ចង់​កែ​ច្បាប់​ដើម្បី​បើកផ្លូវ​ឲ្យ​មន្ត្រី​យោធា​ជាន់ខ្ពស់​អាច​កាន់តំណែង​ធំៗ​ក្នុង​ស្ថាប័នរដ្ឋ​នានា​។ គម្រោង​កែ​ច្បាប់​នេះ ក៏​ធ្វើ​ឲ្យ​មាន​ពាក្យរិះគន់​ព្រោះ​វា​អាច​នាំ​ឲ្យ​យោធា​ជ្រៀត​ជ្រែកចូល​កិច្ចការ​ស៊ីវិល និង​ប៉ះពាល់​ដល់​កំណែទម្រង់​យោធា​ផង​។ ប៉ុន្តែ​ប្រមុខ​កងទ័ព​ឥណ្ឌូណេស៊ី​អះអាងថា ការកែ​ច្បាប់​នេះ​គឺជា​ផ្នែក​នៃ​ការកែទម្រង់​យោធា​ហើយ​។​

 
​យោធា​ឥណ្ឌូណេស៊ី ឬ​ហៅថា​កាត់​ថា TNI កំពុងតែ​បង្កើត​សេចក្ដីព្រាង​វិសោធនកម្ម​ដើម្បី​កែប្រែ​ច្បាប់ សំដៅ​អនុញ្ញាត​ឲ្យ​មន្ត្រី​យោធា​ចាប់ពី​ថ្នាក់កណ្ដាល​ដល់​មន្ត្រី​ឋានន្តរសក្តិ​ខ្ពស់​អាច​កាន់តំណែង​លំដាប់​ទី​ពីរ​នៅក្នុង​ក្រសួង និង​ស្ថាប័នរដ្ឋ​។ មេបញ្ជាការ​កងទ័ព​ឥណ្ឌូណេស៊ី ឧ​ត្ត​ម​សេនីយ៍ Hadi Tjahjanto និយាយថា ការកែ​ច្បាប់​នេះ មាន​គោលដៅ​កែសម្រួល​រចនាសម្ព័ន្ធរ​បស់ TNI ដែល​ជួប​បញ្ហា​ក្នុងការ​ដល់​តួនាទី​ដល់​មន្ត្រី​យោធា​ជាន់ខ្ពស់​ប្រមាណ​៥០០​នាក់​ឯណោះ​។​
 
​តាមពិតទៅ ក្រោម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ TNI ឆ្នាំ​២០០៤ យោធា​ឥណ្ឌូណេស៊ី​អាច​កាន់តំណែង​ស៊ីវិល​បាន​លុះត្រាតែ​ចូលនិវត្តន៍​សិន ហើយ​អាច​កាន់កាប់​តំណែង​ក្នុង​វិស័យ​នយោបាយ សន្តិសុខ​រដ្ឋ និង​វិស័យ​ការពារជាតិ​ប៉ុណ្ណោះ​។ លើសពីនោះ ក្រោយ​របប​លោក ស៊ូ​ហារ​តូ ដួលរលំ​ទៅ យោធា​ឥណ្ឌូណេស៊ី​ក៏ត្រូវ​កែប្រែ​ជាច្រើនលើក​ដើម្បី​ក្លាយជា​កងទ័ព​មួយ​ដែលមាន​វិជ្ជាជីវ និង​មិន​ក្លាយជា​ឧបករណ៍​បម្រើ​អ្នកនយោបាយ​ដូច​មុន​ឡើយ​។​
 
​តាំងពី​ឆ្នាំ​១៩៩៨ មក យោធា​មិនអាច​កាន់កាប់​តំណែង​ក្នុង​ជួរ​ទ័ព និង​ក្នុង​ស្ថាប័ន​ស៊ីវិល​ក្នុងពេល​តែមួយ​ឡើយ ដែល​វា​ស្មើនឹង​ការបិទផ្លូវ​យោធា​ចូល​លូកលាន់​កិច្ច​នយោបាយ និង​វិស័យ​ជំនួញ​។ លើសពីនោះ ថវិកា​របស់ TNI ត្រូវ​កំណត់ដោយ​រដ្ឋាភិបាល​ដោយមាន​សភា​ជា​អ្នកតាមដាន​ផង​។ សមាជិក​យោធា ក៏ត្រូវ​លាលែង​ពី​តំណែង​របស់ខ្លួន​ដែរ​បើ​ចង់​ធ្វើ​ជំនួញ ចូល​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល ឬក៏​ចូលរួម​ការបោះឆ្នោត​នោះ​។​
 
​យ៉ាងណាមិញ ការព្រួយបារម្ភ​ក៏​កើតឡើង​មាន​ដែរ​ជុំវិញ​គម្រោង​កែ​ច្បាប់​របស់​យោធា​នេះ​។ លោកស្រី Bivitri Susantri ដែលជា​អ្នកជំនាញ​ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​ឥណ្ឌូណេស៊ី​លើកឡើងថា ផែនការ​របស់​យោធា​អាច​នាំ​ឲ្យ​មានការ​កាន់តំណែង​ពីរ​ក្នុងពេល​តែមួយ ដែល​វា​នឹង​ប៉ះពាល់​ដល់​កំណែទម្រង់កងទ័ព​។ លោកស្រី​បន្តថា យោធា​គួរតែ​នៅ​ដាច់ដោយឡែក​ពី​ការងារ​ស៊ីវិល និង​មិនគួរ​មាន​តួនាទី​ជា​មន្ត្រី​ស៊ីវិល​មួយទៀត​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Jakarta Post ។​
 
​សូមបញ្ជាក់ថា តាំងពី​ឆ្នាំ​១៩៩៨ មក ឥណ្ឌូណេស៊ី​មាន​មន្ត្រី​យោធា​កើន​ឡើងជា​លំដាប់​។ នេះ​បើតាម​ការសិក្សា​របស់​ម​ជ្ឈ​មណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៧ ។ ទោះ​ជាមាន​អតិផរណា​មន្ត្រី​យោធា​ក្ដី ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ កាលពី​សប្ដាហ៍​មុន បាន​បើកផ្លូវ​ខៀវ​ដល់​ការដំឡើង​សក្តិ​ដល់​មន្ត្រីជាន់ខ្ពស់​យោធា​ប្រមាណ​៦០​រូប​ថែមទៀត និង​ការដំឡើង​អាយុ​ចូលនិវត្តន៍​ពី​៥៣​ឆ្នាំទៅ​៥៨​ឆ្នាំ​វិញ​ទៀតផង​៕

Tag:
 ឥណ្ឌូណេស៊ី​
  TNI
  ចូ​កូ វី​ដូ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com