ជាតិ
សេដ្ឋកិច្ច
ភ្នាក់ងារកាំសាបនឹងលែងមានឈ្មោះចាប់ពីថ្ងៃទី២៨ខែកុម្ភៈតទៅ 
×![]()
ភ្នំពេញ៖ ក្រុមហ៊ុនរដ្ឋឈ្មោះភ្នាក់ងារកម្ពុជានាវាចរ ហៅថា កាំសាប ត្រូវបានរដ្ឋាភិបាលសម្រេចរំលាយចោលជាផ្លូវការ ដែលមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី២៨ខែកុម្ភៈតទៅ។ ការលុបសហគ្រាសនេះ ធ្វើឡើងដោយអនុក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន នៅថ្ងៃទី៥ខែកុម្ភៈ។
កាំសាប ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីឆ្នាំ១៩៩៩ មកម្លេះ តែមកបច្ចុប្បន្នសហគ្រាសមួយនេះត្រូវបានរំសាយចោល។ ហើយការចេញអនុក្រឹត្យរំសាយសហគ្រាសនេះ គឺធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន បានប្រកាសកាលពីពេលថ្មីៗអំពីការកាត់បន្ថយការចំណាយ និងពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជន ដែលមានការលុបកាំសាបនេះ និងដកកាំកុងត្រូលចេញពីច្រកព្រំដែនជាដើម។
ក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចសម្របសម្រួលផ្ទេរក្របខ័ណ្ឌជនិយោជក និយោជិតរបស់កាំសាប ចូលទៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការរបស់ក្រសួង ឬកំពង់ផែស្វយ័តភ្នំពេញ ឬកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវសម្របសម្រួលជាមួយក្រសួងសាធារណការ ក្នុងការផ្ទេរទ្រព្យសម្បត្តិរបស់កាំសាប តាមនីតិវិធីជាធរមាន។ នេះបើតាមអនុក្រឹត្យខាងលើនេះ។
បើតាមការថ្លែងរបស់សម្ដេច ហ៊ុន សែន កន្លងមក កាំសាបរកចំណូលបានប្រមាណ ២លានដុល្លារដែលចំណូល ៥០ម៉ឺនដុល្លារត្រូវបញ្ចូលទៅថវិការដ្ឋ និងសេសសល់ត្រូវប្រើប្រាស់សម្រាប់ការចំណាយរបស់អង្គភាពមួយនេះ។ អង្គភាព ដែលមានមុខងារទាក់ទងនឹងបែបបទឲ្យនាវាចេញ-ចូលកម្ពុជាមួយនេះ បច្ចុប្បន្ននេះក្នុងតំបន់អាស៊ាននៅសល់តែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ បន្ទាប់ពីកម្ពុជាបានលុបចោលអង្គភាពនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com