ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ! ដោះស្រាយបញ្ហាឡើងច្រាំងអណ្ដាត ជាមួយរូបមន្តបែបធម្មជាតិទាំងនេះ 
×![]()
អណ្ដាត ជាសាច់ដុំដ៏សំខាន់មួយក្នុងមាត់ដែលធ្វើឱ្យយើងអាចនិយាយបាន, ភ្លក្សដឹងរសជាតិ និងលេបអាហារ។ ដូច្នេះអ្នកចាំបាច់គួរយកចិត្តទុកដាក់ថែរក្សាវាឱ្យបានដិតដល់ ហើយអណ្ដាតដែលមានសុខភាពល្អ គឺតែងតែមានពណ៌ផ្កាឈូក។ ទោះជាយ៉ាងណា មានពេលខ្លះអណ្ដាតត្រូវគ្របដណ្ដប់ដោយផ្ទាំងពណ៌ស ឬប្រែជាឡើងច្រាំងពណ៌សដែលអាចនាំឱ្យកើតមានបញ្ហាមួយចំនួនដូចជា ល្វីងក្នុងមាត់ និងក្លិនខ្យល់ដង្ហើមមិនល្អ។ មានមូលហេតុច្រើនណាស់ដែលបង្កបញ្ហាឡើងច្រាំងអណ្ដាត រួមបញ្ចូលទាំងកង្វះអនាម័យសុខភាពមាត់ធ្មេញ, ជំងឺមួយចំនួន, ការប្រើប្រាស់ថ្នាំ និងការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិអាស៊ីត ឬជាតិស្ករ។ មិនដឹងគួរធ្វើយ៉ាងណាទើបអាចកម្ចាត់ច្រាំងអណ្ដាតបានឆាប់ ហើយងាយមែនទេ?
កុំបារម្ភ! ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាឡើងច្រាំងពណ៌សលើអណ្ដាត ៖
១. អំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយអំបិលមួយចំនួនលើអណ្ដាត ហើយយកច្រាសដុសធ្មេញមកដុសលើអណ្ដាតថ្នមៗសម្រាប់រយៈពេល ១ នាទី សឹមលាងសម្អាតមាត់ចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរប្រេងដូង ១ ស្លាបព្រាបាយក្នុងមាត់សម្រាប់រយៈពេល ១៥ នាទី សឹមខ្ជាក់ចេញ ហើយដុសសម្អាតធ្មេញដូចធម្មតាជាការស្រេច។ ធ្វើបែបនេះជារៀងរាល់ថ្ងៃ មុនពេលអ្នកដុសសម្អាតធ្មេញនៅពេលព្រឹក។
៣. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ ១ ស្លាបព្រាបាយសម្រាប់រយៈពេល ២ ទៅ ៣ នាទី សឹមខ្ជាក់ចេញ ។ ហើយលាងសម្អាតមាត់ជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តន៍រូបមន្តនេះសារឡើងវិញបានជាច្រើនដងក្នុងមួយថ្ងៃ។
៤. ម្សៅ Baking Soda
លាយម្សៅ Baking Soda ចំនួន ១ ស្លាបព្រាកាហ្វេ ជាមួយទឹកក្រូចឆ្មារ។ កូរឱ្យសព្វ ប្រើល្បាយនេះខាត់ ឬដុសសម្អាតអណ្ដាតរបស់អ្នក ហើយលាងសម្អាតមាត់ចេញជាមួយទឹកធម្មតា ឬទឹកក្ដៅឧណ្ហៗជាការស្រេច។
៥. រមៀត
គ្រាន់តែលាយរមៀតម៉ត់ ឬម្សៅរមៀតជាមួយទឹកក្រូចឆ្មារ រួចកូរឲ្យសព្វរហូតក្លាយជាល្បាយខាប់ៗ។ ហើយដុសល្បាយនេះលើអណ្ដាតសម្រាប់រយៈពេល ២នាទី សឹមលាងសម្អាតមាត់ចេញជាមួយនឹងទឹកក្ដៅឧណ្ហជាការស្រេច។
ចំនុចគួរកត់សម្គាល់ ៖ ប្រសិនបើអស់រយៈពេលច្រើនថ្ងៃហើយ ច្រាំងអណ្ដាតពណ៌សនៅតែមិនបាត់ទៅវិញ នោះអ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម ក៏ព្រោះវាអាចជារោគសញ្ញានៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភណាមួយហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com