ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ប្រាប់​យុវជន​កុំ​ប្រព្រឹត្ត​ខុស​ប្រពៃណី ដែល​នាំ​ឲ្យ​បាត់បង់​តម្លៃ​ខ្លួន នៅ​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​
08, Feb 2019 , 9:51 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាត់វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុង​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​ខាងមុខនេះ ។ តាមរយៈ​ការចាត់វិធានការ​ទប់ស្កាត់​នេះ ក្រសួង​អប់រំ​មិន​ចង់​ឲ្យ​យុវជន សិស្ស និង​និស្សិត ភ្លេច​ការសិក្សា បាត់បង់​ភាពថ្លៃថ្នូរ​របស់ខ្លួន ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ នៅ​ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់​១៤​កុម្ភៈ​ឡើយ​។​

 
​ក្រសួង​អប់រំ តែងតែ​សង្កេតឃើញ​ជា​រៀងរាល់ឆ្នាំ ថ្ងៃ​ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់​(Valentine’s Day) គឺជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​សិក្សា​នុ​សិស្ស​យល់ច្រឡំ​ថា ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។ ការយល់ឃើញ​របស់​យុវជន​បែបនេះ គឺ​មិនមែនជា​រឿង​ត្រឹមត្រូវ​ឡើយ​។ 
 
​ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​ប្រក្រតី​នៅ​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ក្រសួង​អប់រំ ណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ ឯកជន​អនុវត្ត​វិធានការ​៤​ចំណុច រួមមាន​ទី​១ ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​គោរព​ទង់ជាតិ ណែនាំ​កុំ​ឲ្យ​ការយល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់​។ ទី​២ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឲ្យ​បាន​ម៉ឺងម៉ាត់ លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​វត្តមាន​របស់​សិស្ស​។ ទី​៣ ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព  «​មិត្ត​អប់រំ​មិត្ត​»​។ ទី​៤ ត្រូវមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា  អាណាព្យាបាល សហគមន៍ ដើម្បី​ផ្តល់ព័ត៌មាន​នានា​ដែល​ពាក់ព័ន្ធ​សកម្មភាព​ប្រក្រតី​របស់​សិស្ស​ដែល​ប្រព្រឹត្ត​ខុស ឲ្យ​ទាន់ពេលវេលា​។​
 
​ក្រៅពី​ដាក់ចេញ​វិធានការ​នេះហើយ ក្រសួង​អប់រំ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស សិស្ស និស្សិត គួរ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការបាត់​បង់ក​ត្តិ​យស​របស់​ខ្លួនឯង ក្រុមគ្រួសារ និង​ប្រាសចាក​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ​៕
 

Tag:
 ក្រសួង​អប់រំ​
 ​បុណ្យ​នៃ​សេចក្តីស្រឡាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com