ជាតិ
សេដ្ឋកិច្ច
លោក គ្រី ម៉េងឈាង រកចំណូលបានដល់ ១ម៉ឺន៧ពាន់ដុល្លារ ពីការដាំដំឡូងបារាំង រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ លោក គ្រី ម៉េងឈាង ម្ចាស់ចម្ការដំឡូងបារាំងនៅខេត្តមណ្ឌលគិរី រកចំណូលសរុបបាន ១៧,០០០ដុល្លារនៅឆ្នាំ២០១៨ ពីការប្រមូលផលដំឡូងបារាំង នៅដំណាក់កាលពិសោធន៍វគ្គទី១។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម ដែលបានឲ្យដឹងទៀតថា ដំឡូងបារាំងបានផ្តល់ទិន្នផលប្រមាណ ១៧តោន ក្នុង១ហិកតា។ រីឯតម្លៃវិញអាចលក់ តម្លៃ ៥ទៅ៦ពាន់រៀល ក្នុង១គីឡូក្រាម។
លោក គ្រី ម៉េងឈាង ដែលជាម្ចាស់ចម្ការដំឡូងបារាំង នៅភូមិស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានជ្រើសជាដៃគូដាំសាកល្បងក្នុងឆ្នាំ២០១៦ ដោយទទួលបានការសហការ ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម, អង្គការ KOPIA និងមន្ទីរកសិកម្ម។ លទ្ធផលនៃការពិសោធន៍លើដំឡូងបារាំងនេះ បង្ហាញថាក្នុងឆ្នាំដំបូង ដំឡូងជួបបញ្ហាជំងឺផ្សិត រលួយគល់ និងសត្វល្អិត។ នៅឆ្នាំបន្ទាប់ ការពិសោធន៍លើកទី១ បានបរាជ័យដោយសារទឹកភ្លៀង ប៉ុន្តែលើកទី២ ដំឡូងទទួលបានលទ្ធផលល្អប្រសើរ។
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បើតាមលោក គ្រី ម៉េងឈាង ទិន្នផលពូជដំឡូងបារាំង ខ្លះអាចទទួលបានខ្ពស់បំផុត ២៥តោនក្នុង១ហិកតា និងទាបបំផុត ២,៣តោន ក្នុង១ហិកតា។ ក្នុងឆ្នាំ២០១៨ ការពិសោធន៍បានចែកជា៣ដំណាក់កាល ដោយលើកទី១ ទិន្នផលទទួលបាន ១៧តោនក្នុង១ហិកតា លើកទី២ និងទី៣ នឹងប្រមូលផលនៅក្នុងខែមីនា។
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោកគ្រី ម៉េងឈាង បានលើកឡើងថា បច្ចុប្បន្ន ដំឡូងបារាំងលក់បាន ៥ទៅ៦ពាន់រៀលក្នុង១គីឡូ។ ម្ចាស់ចម្ការដំឡូងបារាំងរូបនេះ អាចរកចំណូលសរុបបាន ១ម៉ឺន៧ពាន់ដុល្លារ ពីការប្រមូលផលដំឡូងបារាំងក្នុង១វគ្គ។ តាមរយៈការដាំដំឡូងបារាំងនេះ បានធ្វើឲ្យជីវភាពគ្រួសារធូរធារផងដែរ។
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្នុងឱកាសរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ធ្វើដំណើរទស្សនកិច្ចក្នុងចម្ការដំឡូងបារាំង លោក គ្រី ម៉េងឈាង បញ្ជាក់ថា៖ «ដំឡូងបារាំង ជាដំណាំថ្មី ដែលកសិករមិនទាន់ចាប់អារម្មណ៍ធ្វើការដាំដុះទេ។ ម្យ៉ាងទៀតការដាំដុះដំណាំនេះទាមទារបច្ចេកទេសខ្ពស់ ជាពិសេសនោះវាកំពុងស្ថិតក្នុងដំណាក់កាលនៃការពិសោធន៍ស្រាវជ្រាវនៅឡើយ»។ ម្ចាស់ចម្ការដំឡូងបារាំងរូបនេះ សង្ឃឹមថា បើការពិសោធន៍បានទទួលជោគជ័យ កសិករនឹងចាប់អារម្មណ៍ដាំច្រើន ព្រោះដាំណាំនេះមានទីផ្សារល្អ និងតម្លៃខ្ពស់។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្មដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com