សៀមរាប៖ លោក កៅ ហ្វីលីព ត្រូវបានគេចាត់ទុកថាជាបុគ្គលដ៏ជោគជ័យមួយរូបលើវិស័យសណ្ឋាគារ។ បច្ចុប្បន្នលោកកំពុងកាន់កាប់អាជីវកម្មសណ្ឋាគារយ៉ាងតិច៣ទីតាំងនៅក្នុងក្រុងសៀមរាប ដែលកំពុងបោះសំឡេងគួរឱ្យកត់សម្គាល់។ មានកំណើតជាកូនកសិកររស់នៅឆ្ងាយពីប្រជុំជន លោក ហ្វីលីព បានប្រឹងប្រែងធ្វើការ និងខិតខំរៀនសូត្ររហូតបានក្លាយជាអ្នកគ្រប់គ្រងទូទៅនៅក្នុងសណ្ឋាគារដ៏ធំមួយ ត្រឹមអាយុ ២៦ឆ្នាំ។ សម្រាប់លោក ហ្វីលីព ការងារសណ្ឋាគារបានផ្លាស់ប្ដូរជីវិតលោកទាំងស្រុង។
ព័ត៌មានលម្អិតទាក់ទងនឹងជីវិតការងាររបស់លោក កៅ ហ្វីលីព សូមស្ដាប់ការរៀបរាប់របស់ អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
វិស័យសណ្ឋាគារ ជាវិស័យមួយលេចធ្លោជាងគេនៅក្នុងខេត្តសៀមរាប។ តាមរបាយការណ៍ឆ្នាំ២០១៨របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ខេត្តនេះមានសណ្ឋាគារជាង២០០ ស្មើនឹងជាង ១ម៉ឺន៣ពាន់បន្ទប់។ បើតាមអ្នករកស៊ីលើវិស័យនេះ មុខរបរនេះត្រូវចាយទុនខ្ពស់ និងមានបែបបទរកស៊ីដូចទៅនឹងមុខរបរដទៃទៀតដែរ។
មានជីវិតការងារជាង ២០ឆ្នាំលើវិស័យសណ្ឋាគារ លោក កៅ ហ្វីលីព ជាបុគ្គលដ៏លេចធ្លោមួយរូប និងបានក្លាយជាគំរូសម្រាប់យុវជនជំនាន់ក្រោយ។ ជីវិតតស៊ូលើការងារ គ្រួសារក្រីក្រ និងខំប្រឹងរៀនសូត្រពីអ្វីដែលនៅជុំវិញខ្លួននោះ គឺជាកត្តាជំរុញឱ្យលោក ហ្វីលីព ទទួលបានជោគជ័យមកដល់សព្វថ្ងៃ។ សព្វថ្ងៃ លោក ហ្វីលីព ជាម្ចាស់សណ្ឋាគារ មេម៉រ ដែលមាន៣ទីតាំងនៅក្រុងសៀមរាប មានមេម៉រអង្គរ មេម៉រសៀមរាប និងមេម៉រផាឡេស ដែលកំពុងបោះសំឡេងខ្លាំង ដ្បិតជាសណ្ឋាគារដែលមានរចនាបថបែបខ្មែរទំនើប។
មានសម្បុរស្រអែម ខ្ពស់ស្រលះ មុខមាត់ស្រដៀងកូនកាត់សាសន៍ដទៃ លោក ហ្វីលីព ដែលស្ថិតក្នុងវ័យ ៤២ឆ្នាំបានរម្លឹកពីប្រវត្តិខ្លីៗរបស់ខ្លួនយ៉ាងដូច្នេះថា លោកចាប់ផ្តើមចូលធ្វើការលើវិស័យសណ្ឋាគារក្នុងឆ្នាំ ១៩៩៧ គឺនៅពេលលោកអាយុ ១៩ឆ្នាំ បន្ទាប់ពីប្រឡងបាក់ឌុបរួច។ លោកមិនទាន់មានលទ្ធភាពបន្ដថ្នាក់បរិញ្ញាបត្រ លោក ហ្វីលីព បានចូលធ្វើការនៅសណ្ឋាគារ រ៉ាហ្វល ដែលជាសណ្ឋាគារលេចធ្លោជាងគេនៅពេលនោះ និងបានទទួលតំណែងជាជំនួយការភ្ញៀវ មានប្រាក់ខែ ៦០ដុល្លារ។ ពេលធ្វើការនៅទីនោះ លោកចាប់ស្គាល់គេឯងច្រើន និងបានសង្កេតលើគំរូពីថ្នាក់ដឹកនាំនៅតាមផ្នែកមួយៗ និងយល់ថា ខ្លួនគួរធ្វើដូចម្ដេចខ្លះទើបមានតំណែងល្អៗដូចគេបាន? ពេលនោះ លោកក៏បានសាកសួរថ្នាក់ដឹកនាំរបស់ខ្លួន ហើយបានទទួលចម្លើយមកវិញ ឱ្យលោកខិតខំធ្វើការ មានទំនួលខុសត្រូវលើខ្លួនឯង និងសូត្រពីអ្នកដទៃឱ្យបានច្រើន។
បន្ទាប់ពីធ្វើតាមដំបូន្មានទាំងនោះរួចមក លោក ហ្វីលីព បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស។ ត្រឹម២ឆ្នាំក្នុងសណ្ឋាគារ រ៉ាហ្វល លោកត្រូវបានថ្នាក់ដឹកនាំដំឡើងតំណែង ២លើក។
នៅរ៉ាហ្វល ត្រឹម២ឆ្នាំ ដោយសារចង់រៀនសូត្របន្ថែមលើសពីនេះ លោក ហ្វីលីព បានសម្រេចទៅកាន់ការងារនៅសណ្ឋាគារថ្មីមួយកន្លែងទៀត តាមថ្នាក់ដឹកនាំមួយរូបនៅកន្លែងចាស់។ នៅកន្លែងថ្មី ដោយថ្នាក់ដឹកនាំដឹងពីសមត្ថភាព ក៏បានឱ្យលោក ហ្វីលីព កាន់តួនាទីសំខាន់ៗ និងជាប្រធានផ្នែកច្រើនផ្នែក គ្រប់គ្រងសឹងពាក់កណ្ដាលសណ្ឋាគារ ដែលនៅពេលនោះលោកមានវ័យត្រឹម ២៣ឆ្នាំ។
នៅទីនោះបាន៤ឆ្នាំ លោកបានចេញទៅសណ្ឋាគារទី៣ ដែលទើបនឹងបង្កើតថ្មីផ្កាយ៥ និងជាសណ្ឋាគារអន្ដរជាតិដែលមានសាខានៅតាមបណ្ដាប្រទេសមួយចំនួន ដូចជានៅប្រទេសកម្ពុជា និងថៃជាដើម។ កាន់តំណែងជាជំនួយការអ្នកគ្រប់គ្រងទូទៅ បាន៣ឆ្នាំ លោករៀនសូត្របានយ៉ាងច្រើនពីការងារនៅទីនោះ ដូចជាការតាក់តែងច្បាប់គ្រប់គ្រងរាល់ផ្នែកនៅក្នុងសណ្ឋាគារ។ នៅឆ្នាំទី៣ មុននឹងចាកចេញពីសណ្ឋាគារនោះដែរ លោកមានឱកាសធ្វើការដោយផ្ទាល់ជាមួយនឹងផ្នែកការិយាល័យធំនៅបាងកក ដែលធ្វើឱ្យលោកកាន់តែជញ្ជក់បាននូវចំណេះដឹងថ្មីៗកាន់តែច្រើនបន្ថែមទៀតលើវិស័យសណ្ឋាគារ។
ឱកាសធំរបស់លោក ហ្វីលីព ក៏បានមកដល់ គឺនៅឆ្នាំ២០០៣ ស្របពេលលោកចង់បង្ហាញសមត្ថភាពលើវិស័យសណ្ឋាគារឱ្យអស់ពីខ្លួនដែលរៀនបានកន្លងមកនោះ ក៏បានយល់ព្រមទៅកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅក្នុងសណ្ឋាគារមួយ ដែលមានម្ចាស់ជាជនជាតិខ្មែរ គឺសណ្ឋាគារ បុរីអង្គរ។ ត្រឹមអាយុ២៦ឆ្នាំ តែមានបទពិសោធន៍ពេញខ្លួន លោក ហ្វីលីព បានជួយសណ្ឋាគារមួយនេះ វិវត្តន៍ខ្លួនយ៉ាងលឿនពីសណ្ឋាគារថ្មី មិនសូវគេស្គាល់ និងពីផ្ទះសំណាក់ ក្លាយជាសណ្ឋាគារផ្កាយ៥ និងមានភាពល្បីល្បាញ។ នេះជាអ្វីដែលលោក ហ្វីលីព ចាត់ទុកថាជាមោទនភាពរបស់ខ្លួនលើវិស័យនេះ ដ្បិតថាវាមានផលលំបាកច្រើនយ៉ាងណាក្ដី។
អំឡុងពេលកំពុងធ្វើការនៅសណ្ឋាគារ បុរីអង្គរ នោះដែរ ដោយចង់អភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងរបស់ខ្លួន លោក ហ្វីលីព បានទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញសេដ្ឋកិច្ចអន្ដរជាតិ នៅប្រទេស សិង្ហបុរី ដោយលោកត្រូវឡើងចុះជាញឹកញាប់ក្នុងការសិក្សានេះ។ ការចំណាយពេល២ឆ្នាំលើការសិក្សានេះ គឺពីឆ្នាំ២០០៨ ដល់២០១០ ធ្វើឱ្យលោកទទួលបានចំណេះដឹងថ្មីកាន់តែច្រើន មានគំនិតដឹកនាំថ្មី និងបានស្គាល់មិត្តភក្ដិច្រើន។
ពេលវេលាកាន់តែទៅមុខ គឺនៅឆ្នាំ២០១៣ ក្រោយបំពេញការងារនៅសណ្ឋាគារ បុរីអង្គរ រយៈពេល១៣ឆ្នាំ លោក ហ្វីលីព បានបោះជំហានមួយដំណាក់កាលទៀត នោះគឺការបង្កើតសណ្ឋាគារដោយខ្លួនឯង។ ដោយមានការវិនិយោគពីមិត្តភក្ដិផងនោះ មេម៉រ អង្គរប៉ូទិក ក៏បានលេចចេញជារូបរាង។ «យើងសម្រេចជួលសណ្ឋាគារមួយកន្លែង និងបានកែកុនបើកដោយខ្លួនឯងវិញ។ ក្រោយមកយើងជោគជ័យ ក៏សម្រេចជួយទីតាំងមួយទៀត បង្កើតមួយកន្លែងទៀតក្នុងឆ្នាំ ២០១៦ គឺសណ្ឋាគារ មេម៉រ សៀមរាប»។
ក្រោយពីទទួលបានភាពជោគជ័យលើវិស័យសណ្ឋាគារជាបន្តបន្ទាប់ គឺដល់ដំណាក់មួយទៀតដែលម្ចាស់សណ្ឋាគារ មេម៉រ គិតថាគួរមានអ្វីដែលពិសេសសម្រាប់កេរ្ដិ៍ឈ្មោះរបស់ខ្លួនទៅថ្ងៃអនាគត នោះគឺការសាងសង់សណ្ឋាគារផ្ទាល់ខ្លួន និងមានរចនាបថស្របតាមគំនិតដែលចង់បានពីដើមមក។ នៅឆ្នាំ ២០១៨ សណ្ឋាគារដ៏ប្រណិត និងមានរចនាបថបែបខ្មែរទំនើបមួយ បានលេចចេញជារូបរាង។
តាមពិតទៅឈ្មោះ ហ្វីលីព ជាឈ្មោះពេលចូលធ្វើការនៅសណ្ឋាគារតែប៉ុណ្ណោះ។ ឈ្មោះដើមរបស់បុរសវ័យ ៤២ឆ្នាំរូបនេះ គឺ សែត កើតក្នុងគ្រួសារកសិករនៅស្រុក កំពង់ក្ដី មានបងប្អូន១០នាក់ ប្រុស៧នាក់ លោកជាកូនទី៨។ ជាគ្រួសារដែលមានឪពុកម្ដាយស្រឡាញ់ការអប់រំ និងចង់ឱ្យកូនៗបានរៀនសូត្របានខ្ពស់ៗ ដោយមិនខ្វល់ពីការលំបាកឡើយ។ «ជាសំណាងរបស់ខ្ញុំដែរ ឪពុកម្ដាយប្ដូរផ្ដាច់ដើម្បីឱ្យកូនៗបានរៀនសូត្រ ទោះក្រីក្រ ត្រឹមអ្នកស្រែចម្ការ នេះជាការតស៊ូដ៏អស្ចារ្យសម្រាប់ជីវិតពួកគាត់។ ម្ដាយខ្ញុំធ្លាប់ប្រាប់ពួកខ្ញុំថា កាលគាត់នៅតូចៗចង់ទៅរៀន តែយាយអត់ឱ្យទៅរៀន គាត់ស្ដាយ ទើបតាំងចិត្តថាឱ្យកូនៗគាត់ទាំងអស់ ត្រូវតែបានរៀនសូត្រ ទោះខ្លួនលំបាកប៉ុណ្ណាក៏ដោយ»។ លោក ហ្វីលីព និយាយដោយរលីងរលោងទឹកភ្នែក និងគិតទៅឆ្ងាយ។
ដោយសារចំណាយពេលពាក់កណ្ដាលជីវិតតែនៅលើវិស័យសណ្ឋាគារ ធ្វើឱ្យ ហ្វីលីព រៀនពីការងារនេះច្រើន ពិសេសវាបានផ្លាស់ប្ដូរជីវិតលោកទាំងស្រុង។ ការងារក្នុងសណ្ឋាគារបង្រៀនលោកមានភាពថ្លៃថ្នូ មានឥរិយាបថសមរម្យ ពិសេសយល់ពីអារម្មណ៍មនុស្សនៅជុំវិញ។
លោក ហ្វីលីព មានដំបូន្មាន២ចំណុចសម្រាប់អ្នកចង់រកស៊ីក្នុងវិស័យសណ្ឋាគារ ទី១ គឺត្រូវរកស៊ីដោយផ្ទាល់ ធ្វើអាជីវកម្មដោយផ្ទាល់ និងទី២ បោះទុនវិនិយោគនៅសណ្ឋាគារមួយណាដែលមាននិរន្តរភាពល្អ ប្រសិនបើខ្លួនឯងចាប់អារម្មណ៍ក្នុងវិស័យនេះ។ យ៉ាងណា លោក ហ្វីលីព ឱ្យអ្នកចង់រកស៊ីទាំងនោះស្រឡាញ់វិស័យនេះផងដែរ៕