អូឡាំពិក​៖ ជប៉ុន​ប្រមូល​ទូរ​សព្ទ និង​កុំព្យូទ័រ​ដែល​បោះចោល ច្នៃ​ធ្វើ​មេដាយ​ជូន​អត្ត​ព​លិ​ក​
កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​៖ ជប៉ុន​ប្រមូល​ទូរ​សព្ទ និង​កុំព្យូទ័រ​ដែល​បោះចោល ច្នៃ​ធ្វើ​មេដាយ​ជូន​អត្ត​ព​លិ​ក​
12, Feb 2019 , 8:39 am        
រូបភាព
​ទូរ​សព្ទ កុំព្យូទ័រ​យួរដៃ និង​សំណល់​អេឡិចត្រូនិក​ចាស់ៗ​នឹងត្រូវ​យកទៅ​កែច្នៃ​ធ្វើជា​មេដាយ​សម្រាប់​ផ្តល់ជូន​អត្ត​ព​លិ​ក​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ក្នុង​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ទទួលបន្ទុក​រៀបចំ​កម្ម​វិធី​។​


 
​គម្រោង​នេះ​ម្ចាស់ផ្ទះ​ជប៉ុន​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១៧​មក​ម្លេះ ដោយ​ពួកគេដើរ​ប្រមូល​កាកសំណល់​គ្រឿង​អេឡិចត្រូនិក​ឲ្យ​គ្រប់​តាម​តម្រូវការ រួមមាន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ​យួរដៃ​ចាស់ៗ​ដែល​គេ​បោះចោល​ដើម្បី​យកទៅ​រំលាយ​។​
 
​ជប៉ុន​ដាក់​គោលដៅ​ប្រមូល​មាស​ឲ្យ​បាន ៣០,៣​គីឡូក្រាម ពី​ការរំលាយ​កាកសំណល់​នេះ រួមទាំង​ប្រាក់ ៤១០០​គីឡូក្រាម និង​សំរិទ្ធ ២៧០០​គីឡូក្រាម​។ បើតាម​ការបញ្ជាក់​ពី​អ្នករៀបចំ​កម្មវិធី​កីឡា​អូឡាំពិក ពួកគេ​រំពឹងថា​នឹង​រួចរាល់​នៅក្នុង​ខែមីនា​ឆ្នាំ​២០១៩​នេះ​។​
 
​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ ពួកគេ​ប្រ​មួល​បាន​គ្រឿង​អេ​ឡិចត្រូនិក​ដូចជាទូរសព្ទដែលប្រជាជនជប៉ុន៥លាននាក់បោះចោល និងប្រមូល​តាម​តំបន់​អាជីវកម្ម​និង​ឧស្សាហកម្ម​ផ្សេងៗ បាន​ចំនួន ៤៧៤៨៨​តោន​រួច​មកហើយ​។​


 
​ប្រសិនបើ​ការ​ប្រ​មួល​វ​ត្តុ​ធាតុ​ដើម​ខាងលើ​ទាន់ពេល ជប៉ុន​នឹង​ចាប់ផ្តើម​រចនា​មេដាយ​ទាំង​៣​ប្រភេទ​របស់​ពួកគេ​នៅ​ចុង​ឆ្នាំនេះ​តែម្តង​។​
 
​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិក ​លើក​ទី​២៩ ដែល​ជប៉ុន​បាន​សិទ្ធិ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​នឹង​ប្រ​ព្រឹ​ត្ត​ទៅ​ចាប់ពី​ថ្ងៃទី​២៤ ខែកក្កដា រហូតដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ ដែល​គេ​ជឿជាក់ថា​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ ១១០៩១​រូប មកពី ២០៦​ប្រទេស​។​
 
​កាលពី​អូឡាំពិក​ឆ្នាំ ២០១៦ ក្នុង​ក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល មេដាយប្រាក់ និង​សំរិទ្ធ​ប្រមាណ​៣០​ភាគរយ គឺ​ច្នៃ​ចេញពី​កាកសំណល់​អេឡិចត្រូនិក​ផងដែរ​៕

Tag:
 ​អូឡាំពិក​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com