អន្តរជាតិ
ហុង​គ្រី រិះគន់​អាមេរិក​ដែល​ហាម​ខ្លួន​រកស៊ី​ជាមួយ​រុស្ស៊ី​និង​ចិន​
12, Feb 2019 , 1:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីហុងគ្រី Peter Szijjarto ។ (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីហុងគ្រី Peter Szijjarto ។ (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បាន​ទៅដល់​ហុង​គ្រី​ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ប្រទេស​នៅ​អឺរ៉ុប​កណ្ដាល​។ ជា​ប្រមុខ​ការទូត​អាមេរិក​ទីមួយ​ជាន់​ទឹកដី​ហុង​គ្រី​ក្នុងពេល​៨​ឆ្នាំ​ចុងក្រោយ លោក ប៉ុ​ម​ប៉េ​អូ ប្រកាសថា ការវិលត្រឡប់​របស់​អាមេរិក នឹង​ជួយ​ឲ្យ​ហុង​គ្រី​គេច​ឆ្ងាយ​ពី​រុស្ស៊ី និង​ចិន​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៊ុ​យ​ដា​ប៉ែស មិន​ទន់​ទោរ​តាម​ការប្រកាស​នេះឡើយ ហើយ​រិះគន់​នយោបាយ​លាក់ពុត​របស់លោក​ខាងលិច​ផង​។​

 
​ហុង​គ្រី ជា​គោលដៅ​ទីមួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​អឺរ៉ុប​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ។ ទៅដល់​រដ្ឋធានី​ប៊ុ​យ​ដា​ប៉ែស​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ លោក ប៉ុ​ម​ប៉េ​អូ បាន​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល មុននឹង​បន្ត​ជួប​នាយករដ្ឋមន្ត្រី Victor Orban ដែល​កំពុង​មើលមុខ​គ្នា​មិនត្រូវ​ជាមួយ​សហភាព​អឺរ៉ុប​។ លោក​ក៏បាន​បង្ហាញ​ក្ដីបារម្ភ​របស់​អាមេរិក​ចំពោះ​ការពង្រីក​ឥទ្ធិពល​របស់​ចិន និង​រុស្ស៊ី​ចូលក្នុង​តំបន់​អឺរ៉ុប​កណ្ដាល​។​
 
​ប្រមុខ​ការទូត​អាមេរិក​រូបនេះ ចាត់ទុក​ការពឹងផ្អែក​របស់​ហុង​គ្រី​លើ​ឧស្ម័ន​របស់​រុស្ស៊ី និង​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ជិតស្និទ្ធ ជា​កត្ដា​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ហុង​គ្រី​ផ្ទាល់ និង​អឺរ៉ុប​ទាំងមូល​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ប៉ុ​ម​ប៉េ​អូ អះអាងថា អាមេរិក​មិន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បំបែកបំបាក់​សមាជិក​ណា​តូ​ឡើយ ហើយ​របប​ដឹកនាំ​ផ្ដាច់ការ​លោក ពូ​ទីន នៅ​រុស្ស៊ី ក៏​មិនអាច​ក្លាយជា​មិត្ត​របស់​ប្រទេស​តូចៗ​ដែរ​។ 
 
​មិនមែន​តែ​រុស្ស៊ី​ឡើយ មន្ត្រី​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ដដែល​នេះ ក៏​ព្រមាន​ហុង​គ្រី​ជុំវិញ​ការរកស៊ី​ជាមួយ​ចិន​ដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​ហុង​គ្រី Peter Szijjarto លោក ប៉ុ​ម​ប៉េ​អូ ក៏​ប្រាប់​ឲ្យ​ហុង​គ្រី​ប្រយ័ត្នប្រយែង​ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​ក្រុង​ប៉េកាំង ព្រោះ​វា​តែងមាន​ចំណង​ភ្ជាប់​មកជា​មួយ ហើយ​ហុង​គ្រី​អាច​នឹង​ជាប់បំណុល​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​ផង​។ 
 
​ការព្រមាន​របស់​អាមេរិក​លើ​ការអនុវត្ត​នយោបាយ​ការបរទេស​របស់ខ្លួន មិន​ធ្វើ​ឲ្យ​ហុង​គ្រី​ពេញចិត្ត​ឡើយ​។ ប្រមុខ​ការទូត​ហុង​គ្រី​លោក Szijjarto ចាត់ទុក​ការណែនាំ​របស់​អាមេរិក​ក្នុង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ហើយ​ហុង​គ្រី​ដែលមាន​ប្រជាជន​ត្រឹម​១០​លាន​នាក់ ក៏​គ្មាន​ទឹកមាត់ប្រៃ​លើ​ឆាក​អន្តរជាតិ​អ្វី​ដែរ ខណៈដែល​ប្រទេស​លោក​ពឹង​ផ្អែកលើ​ការនាំ​ចូ​ល៌​ឧស្ម័ន​ពី​រុស្ស៊ី​ដល់​ទៅ​៨៥​ភាគរយ​ឯណោះ​។ 
 
​ក្នុង​សំណុំរឿង​ជាមួយ​រុស្ស៊ី​នេះ លោក Szijjarto ចាត់ទុក​ការព្រមាន​របស់​ក្រុង​វ៉ាស៊ីនតោន ជាការ​លាក់ពុត​ក្នុង​សង្វៀន​នយោបាយ​របស់​អឺរ៉ុប ហើយ​ហុង​គ្រី​ក៏​ឆ្អែតឆ្អន់​នឹង​ការ​លាប​ពណ៌​ទំនាក់ទំនង​ខ្លួន​ជាមួយ​រុស្ស៊ី​ដែរ​។ បើតាម​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​រូបនេះ ប្រទេស​អឺរ៉ុប​ជាច្រើន​កំពុង​រកស៊ី​ជាមួយ​រុស្ស៊ី ហើយ​សូម្បីតែ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក៏​ធ្លាប់​ចូលរួម​វេទិកា​សេដ្ឋកិច្ច​នៅ​ទឹកដី​រុស្ស៊ី​ទៅទៀត​។ 
 

Tag:
 អាមេរិក​
  ហុង​គ្រី​
  រុស្ស៊ី​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com