នាវា​ទ័ពជើងទឹក​ឥណ្ឌា គ្រោង​នឹង​ចូល​ចត​ចុងខែ​មីនា នៅ​កំពង់ផែ​ព្រះសីហនុ
ជាតិ
នាវា​ទ័ពជើងទឹក​ឥណ្ឌា គ្រោង​នឹង​ចូល​ចត​ចុងខែ​មីនា នៅ​កំពង់ផែ​ព្រះសីហនុ
13, Feb 2019 , 8:59 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ចូលជួប​ជាមួយ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានស្នើរ​សុំ​ការចូល​ចត​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​កំពង់់ផែ​ព្រះសីហនុ​។ ការចូល​ចត​នាវា​ទ័ពជើងទឹក​ឥណ្ឌា គោលបំណង​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍រ​វាង កងទ័ពជើងទឹក និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការងារ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានចេញ​ផ្សាយ​។

 
​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ចូលជួប​ពិភាក្សា ការងារ​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១១​កុម្ភៈ​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​សក្ដានុពល​ខេត្ត​ព្រះសីហនុ សំរាប់​គោលដៅ​វិនិយោគ​ទេសចរណ៍ និង​ស្នើរ​សុំ​ការចូល​ចត​នាវា​ទ័ពជើងទឹក​ឥណ្ឌា​នៅ​កំពង់ផែ​ព្រះសីហនុ​។ លោក យន្ត មីន បាន​បញ្ជាក់ថា កម្ពុជា និង​ឥណ្ឌា មាន​ទំនាក់ទំនង​ល្អ​ដូច​បងប្អូន​នឹង​គ្នា​តាំងពីដើម​។ លោក ក៏បាន​សំណូមពរ​ដល់​លោកស្រី អគ្គរដ្ឋទូត​ឥណ្ឌា ផ្សព្វផ្សាយ​ដល់​អ្នកវិនិយោគ​គិ​ន​ឥណ្ឌា ឲ្យ​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។ 
 
​លោកស្រី​បាន​បញ្ជាក់ថា ឥណ្ឌា និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ​លើ​វិស័យ​សហ​ប្រតិ​ប​តិ្ត​ការ​អាស៊ាន គម្រោង​អភិវឌ្ឍ​ន៏​មេគង់ និង​វិស័យ​អប់រំ​។ ប្រទេស​ឥណ្ឌា​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​១៥០​នាក់​ក្នុង​ឆ្នាំៗ ហើយ​ឆ្នាំ​២០១៩​ថ្មីៗ​នេះ ២៩​នាក់​ទៀត​លើ​វិស័យ​ការពារជាតិ ផ្នែក​កងទ័ពជើងទឹក លើ​បច្ចេកទេស​ដោះមីន និង​យុទ្ធ​ផ​ណ័​មិនទាន់​ផ្ទុះ​ជាដើម​។ លោកស្រី​អគ្គរដ្ឋទូត​បាន​អះអាងថា នឹង​ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ឥណ្ឌា និង​អ្នកវិនិយោគ មើលឃើញ​ពី​គោលដៅ​សម្រាប់​វិនិយោគ​ទៅ​អនាគត​នៅ​ខេត្ត​ព្រះសីហនុ​។ យោងតាម​រដ្ឋបាល​ខ​ខេត្ត​ព្រះសីហនុ​បាន​សរសេរ​បញ្ជាក់​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៕ 
 
​តួរ​លេខ​ភ្ញៀវទេសចរ​ឥណ្ឌា​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​ពី​ឆ្នាំ​២០១៧​ទៅ​ឆ្នាំ​២១០៨​។ អ្នកទេសចរ​ឥណ្ឌា​ចំនួន​ជាង​១​ពាន់​នាក់​ក្នុង​ឆ្នាំ​២០១៧ រីឯ​ឆ្នាំ​២០១៨​មាន​ចំនួន​ជាង​២​ពាន់​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com