អន្តរជាតិ
បំណុល​អាមេរិក​ប៉ោង​ឡើងដល់ ២២ ទ្រី​លាន​ដុល្លារ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​
14, Feb 2019 , 8:39 am        
រូបភាព
ដោយ:
​បំណុល​ជាតិ​របស់​សហរដ្ឋអាមេរិក​បាន​កើន​ឡើងដល់​ចំនួន ២២ ទ្រី​លាន​ដុល្លារ​ជា​លើកដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​។ នេះ​បើ​យោងតាម​តួលេខ​ប្រចាំថ្ងៃ​ដែល​បានចេញ​ផ្សាយ ដោយ​ក្រសួង​រតនាគារ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី ១២ ខែកុម្ភៈ ។​

 
​បំណុល​នេះ​បាន​ប៉ោង​ឡើង​ច្រើនជាង ២ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ ពោលគឺ​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចូលកាន់​តំណែង​កាលពី​ខែមករា ឆ្នាំ​២០១៧​មក​។ កាលនោះ​បំណុល​មាន​ត្រឹមតែ​ចំនួន ១៩,៩ ទ្រី​លាន​ដុល្លារ​ប៉ុណ្ណោះ​។ វា​បាន​កើន​ដល់​ចំនួន ២១ ទ្រី​លាន​កាលពី​ខែមីនា ឆ្នាំ​២០១៨​។ 
 
​យោងតាម​ការផ្សាយ​រប​ស់​ទូរទស្សន៍​ក្នុងស្រុក​អាមេរិក CBS News  ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បំណុល​ជាតិ​អាមេរិក​បាន​កើនឡើង​ពី ១០,៦ ទ្រី​លាន​ដុល្លារ ទៅកាន់ ១៩,៩ ទ្រី​លាន​ក្នុង​រយៈពេល ៨ ឆ្នាំ​។ កំណើន​ដ៏​ច្រើន​បែបនេះ​ធ្វើ​ឲ្យ​រដ្ឋបាល​លោក​អូ​បា​ម៉ា​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​សមាជិក​បក្ស​សាធារណរដ្ឋ​។ 
 
​បរិមាណ​នៃ​បំណុល​ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស​បែបនេះ គឺ​បណ្តាលមកពី​កត្តា​ធំៗ​ចំនួន​ពីរ​។ ទីមួយ​គឺ ឱនភាព​ថវិកាជាតិរ​បស់​អាមេរិក​ក្នុង​ឆ្នាំ​២០១៨ ស្មើនឹង ៧៧៩ ពាន់​លាន​ដុល្លារ​។ មួយទៀត​គឺ​ច្បាប់​ស្តី​ការ​កំណែទម្រង់​ការបង់​ពន្ធ​ថ្មី ដែល​នឹងធ្វើ​ឲ្យ​បរិមាណ​បំណុល​កើន​ប្រមាណ ១,៥ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ឆ្នាំ​ដំបូង ក្រោយពី​វា​ចូល​ជា​ធរមាន​។ 
 
​ទាក់ទិន​នឹង​បញ្ហា​បំណុល​នេះ នាយក​ប្រតិបត្តិ​នៃ​មូលនិធិ Peter G. Peterson លោក Michael Peterson បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កំណើន​នៃ​បំណុល​ជាតិ​របស់​អាមេរិក​ត្រូវ​លើក​មក​ចោទសួរ ព្រោះ​វា​គំរាមកំហែង​ដល់​អនាគត​សេដ្ឋកិច្ច​នៃ​ប្រជាជន​អាមេរិក​គ្រប់គ្នា​។ អាមេរិក ចំណាយលុយ​ជាង​១​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​សម្រាប់​អត្រា​ការប្រាក់​បំណុល​ជាតិ​។ ការបង់ថ្លៃ​លើ​អត្រា​ការប្រាក់​នេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក ព្រមទាំង​បង្ក​ជាការ​លំបាក​កាន់តែខ្លាំង​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ជួយ​ដល់​ការវិនិយោគ​សំខាន់ៗ​សម្រាប់​អនាគត​អាមេរិក​ផងដែរ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  បំណុល​ជាតិ​
  ក្រសួង​រតនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com