អន្តរជាតិ
បុរស​ហ្សា​ម៉ា​អ៊ី​កម្នា​ក់ពាក់​មុខខ្មោច​ពេល​ទទួល​រង្វាន់​ឆ្នោត​ជាង​១​លាន​ដុល្លារ​
13, Feb 2019 , 10:39 pm        
រូបភាព
ដោយ: ធីតា
​បុរស​ជនជាតិ​ហ្សា​ម៉ា​អ៊ី​ក​ម្នាក់ ត្រូវ​ឆ្នោត​រង្វាន់​ដ៏​ធំ​ប្រចាំ​តំបន់​កា​រ៉ា​អ៊ី​ប ដែលមាន​ទឹកប្រាក់ ១៥៨ ៤០០ ៤០០​ដុល្លារ​ហ្សា​ម៉ា​អ៊ី​ក (​ជិត​១,២​លាន​ដុល្លារ​អាមេរិក​)​។ បើ​យោងតាម​ការផ្សាយ​របស់ Loop News ដែលជា​សារព័ត៌មាន​ដ៏​ល្បី​នៅ​តំបន់​កា​រ៉ា​អ៊ី​ប ម្ចាស់​រង្វាន់ Super Lotto រូបនោះ បាន​ពាក់​មុខខ្មោច ពេល​ឡើង​ទទួល​រង្វាន់​ពី​ក្រុមហ៊ុន និង​ស្នើ​ឲ្យ​លាក់​អត្តសញ្ញាណ​របស់ខ្លួន​។​

 
​បន្ទាប់ពី​ដឹងថា​ខ្លួន​ត្រូវ​រង្វាន់​ឆ្នោត​ដែលមាន​ទឹកប្រាក់​ជាង​១,២​លាន​ដុល្លារ​អាមេរិក បុរស​ហ្សា​ម៉ា​អ៊ី​ក ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​យ៉ាងខ្លី​ថា Campbell មិន​ដែលមាន​អារម្មណ៍​ស្រណុក​ក្នុង​ចិត្ត​នោះឡើយ​។ គេ​បាន​ចំណាយពេល​រហូតដល់​ទៅ​៥៤​ថ្ងៃ ទើប​ដាច់ចិត្ត​ទៅ​ទទួល​រង្វាន់ ដោយ​ក្រុមហ៊ុន Supreme Ventures Limited រង់ចាំ​មើល​យ៉ាង​អន្ទះសារ ប៉ុន្តែ​វា​មិនបាន​រំលង​លក្ខន្តិកៈ​ឡើយ ព្រោះ​ជ័យលាភី​មាន​ពេល​យ៉ាងយូរ​៩០​ថ្ងៃ ក្នុងការ​ឡើងទៅ​ទទួល​រង្វាន់​។​
 
​ក្នុង​ពិធី​ដែល​រៀបចំ​នៅ​សណ្ឋាគារ Spanish Court Hotel ក្នុង​ក្រុង St Andrew លោក Campbell បាន​ពាក់​មុខខ្មោច​ដូច​ក្នុង​រឿង Scream ដើម្បី​ឡើងទៅ​ទទួល​រង្វាន់​១៥៨ ៤០០ ៤០០​ដុល្លារ​ហ្សា​ម៉ា​អ៊ី​ក (​ជិត​១,២​លាន​ដុល្លារ​អាមេរិក​)​។ អ្នកឈ្នះ​រូបនេះ មិនបាន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ទាក់ទង​នឹង​ការបិទបាំង​មុខ​នេះឡើយ​។​


 
​តាម​ការដកស្រង់​រប​ស់ Loop News លោក Campbell បាន​ធ្លាក់ខ្លួន​ឈឺ​នៅពេលដែល​ដឹងថា​ខ្លួន​ត្រូវ​ឆ្នោត​រង្វាន់​ធំ​។ លោក​បញ្ជាក់ថា​៖ «​ក្បាល​ខ្ញុំ​ឈឺ​អស់បី​ថ្ងៃ ព្រោះតែ​ខ្ញុំ​បានគិត​ច្រើនពេក​។ ស្ទើរ​មិន​ជឿថា សុបិន​មួយ​នេះ​ក្លាយជា​ការពិត​»​។​
 
​លោក Campbell គឺជា​ជនជាតិ​ហ្សា​ម៉ា​អ៊ី​ក​ទី​១៧ ដែល​បានឈ្នះ​ឆ្នោត Super Lotto រង្វាន់​ធំ​។ អ្វីដែល​គិត​មុនគេ​បំផុត​នោះ គឺ​ការទិញ​ផ្ទះ​ថ្មី​មួយ​៕
 

Tag:
 ហ្សា​ម៉ា​អ៊ី​ក​
  ឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com