អន្តរជាតិ
តុលាការ​មី​យ៉ាន់​ម៉ាកាត់​ទោស​ប្រហារជីវិត​បុរស​ពីរ​នាក់​ជុំវិញ​ឃាតកម្ម​ទីប្រឹក្សា​លោកស្រី ស៊ូ​ជី
15, Feb 2019 , 3:57 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​តុលាការ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ បាន​កាត់ទោស​ប្រហារជីវិត​បុរស​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​មនុស្ស​ជំនិត​របស់​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ។ លោក Ko Ni ដែលជា​មេធាវី​ជនជាតិ​មូស្លីម​ផង​នោះ ត្រូវបាន​បាញ់សម្លាប់​កណ្ដាល​ថ្ងៃ​នៅក្បែរ​ព្រលានយន្តហោះ​ទីក្រុង​យ៉ាំង​ហ្គោ​ន​កាលពី​ខែមករា​ឆ្នាំ​២០១៧ ។ ការចេញ​មុខមាត់​ខ្លាំង​ក្នុងការ​តស៊ូ​មតិ​ឲ្យ​មាន​កំណែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ត្រូវគេ​ជឿថា ជា​មូលហេតុ​នៃ​ករណីនេះ​។​

 
​ការបាញ់សម្លាប់​លោក Ko Ni ទីប្រឹក្សា​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ក្លាយជា​សំណុំរឿង​កក្រើក​មី​យ៉ាន់​ម៉ា​។ ករណីនេះ​កើតឡើង​តែ​៨​ខែ​ប៉ុណ្ណោះ ក្រោយ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ឆ្នាំ​២០១៦ ។ ជា​មេធាវី​ផង លោក Ko Ni ជាទី​ប្រឹក្សា​ច្បាប់​របស់​បក្ស​កាន់អំណាច ហើយ​កំពុងធ្វើការ​លើ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ផ្ដល់​អំណាច​ឲ្យ​យោធា​លើសលប់​បំផុត​ក្នុង​ឆាកនយោបាយ​មី​យ៉ាន់​ម៉ា​។​
 
​ដំណើរការ​ក្ដី​ករណី​ឃាត​កម្មនេះ រង​ការរិះគន់​ខ្លាំង ព្រោះ​តុលាការ​មិនអាចរ​កមូ​ល​ហេតុ​ឲ្យ​ច្បាស់លាស់​ពី​ករណី​បាញ់ប្រហារ​នៅ​ទីសាធារណៈ​បែបនេះ ខណៈ​ការសង្ស័យ​ក៏​ធ្លាក់​យោធា​ក្រុម​យោធា​ផង ព្រោះ​ជនសង្ស័យ​ទាំងពីរ​ដែល​ត្រូវបាន​ចាប់ខ្លួន​មាន​ប្រវត្តិ​ជា​យោធា ហើយ​មេខ្លោង​ធំ​ក៏​មិនទាន់​ចាប់បាន​ដែរ​។ យ៉ាងណាមិញ ក្នុង​សវនាការ​ថ្ងៃទី​១៥ ខែកុម្ភៈ ចៅក្រម Khin Maung Maung បាន​កាត់ទោស​ប្រហារជីវិត​ខ្មាន់កាំភ្លើង​ឈ្មោះ Kyi Lin ។​
 
​ការប្រហារជីវិត​ជនសង្ស័យ​នេះ អាចជា​ករណី​អនុវត្ត​ទោស​ប្រហារជីវិត​លើកដំបូង​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​។ ក្រៅពី​ទោស​ប្រហារជីវិត ជន​ឈ្មោះ Kyi Lin ក៏ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ធ្វើការ​ធ្ងន់​២៣​ឆ្នាំ​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ការសម្លាប់​អ្នកបើក​តាក់ស៊ី Nay Win ដែល​បាន​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង​រូបនេះ​។ តុលាការ​ក៏​កាត់ទោស​ប្រហារជីវិត​ឈ្មោះ Aung Win Zaw ដែលជា​គូកន​របស់​ខ្មាន់កាំភ្លើង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក្នុង​សវនាការ​ដែល​យាមកាម​ដោយ​ប៉ូលិស​យ៉ាងច្រើន ជន​ត្រូវ​ចោទ​ពីរ​នាក់​ទៀត​ឈ្មោះ Zeya Phyo និង​ឈ្មោះ Aung Win Tun ដែល​ចូលរួម​ក្នុង​សកម្មភាព​បាញ់សម្លាប់​មេធាវី​ល្បីឈ្មោះ​ខាងលើ ក៏​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៥​ឆ្នាំ និង​៣​ឆ្នាំ ព្រមទាំង​ត្រូវធ្វើ​ការងារ​ធ្ងន់ៗ​ដែរ​។ អ្នកការទូត និង​អ្នកសារព័ត៌មាន ក៏​តាមដាន​សវ​ការ​នេះ​យ៉ាង​ម៉ត់ចត់​នៅឯ​តុលាការ Insein ខាងក្រៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន​។  
 
​សូមបញ្ជាក់ថា លោក Ko Ni ជា​ជន​មូស្លីម​ភាគតិច ដែល​អាចមាន​ឈ្មោះ​លេច​ត្រដែត​ក្នុងប្រទេស​ដែល​កាន់​ពុទ្ធសាសនា​មួយ​នេះ​។ គេ​ជឿថា ទីប្រឹក្សា​រូបនេះ ស្ថិត​នៅក្រោយ​ការបង្កើត​តំណែង​ទីប្រឹក្សា​រដ្ឋ​ឲ្យ​លោកស្រី ស៊ូ​ជី ដែល​ត្រូវ​រដ្ឋធម្មនុញ្ញ​សរសេរ​ដោយ​យោធា​ហាម​កាន់តំណែង​ប្រធានាធិបតី​។ នេះ​ក៏​ព្រោះតែ​លោកស្រី​មានគ្រួសារ​ជា​ជនបរទេស ខណៈ​រដ្ឋធម្មនុញ្ញ​ក៏​ហាម​ត្រង់ចំណុច​តែម្ដង​៕

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  Ko Ni
© រក្សាសិទ្ធិដោយ thmeythmey.com