អន្តរជាតិ
ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​ទាត់ចោល​ការចោទប្រកាន់​ថា កងទ័ព​ធ្វើទុក្ខ​ម្នេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា
16, Feb 2019 , 11:05 am        
រូបភាព
ឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា​ (រូបភាព AFP)
ឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា​ (រូបភាព AFP)
​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ បាន​ទាត់ចោល​ការចោទប្រកាន់​របស់​អន្តរជាតិ​ដែលថា កងទ័ព​ធ្វើទុក្ខបុកម្នេញ​ជន​មូស្លីម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ មេទ័ព​មី​យ៉ាន់​ម៉ា​ដ៏​មាន​ឥទ្ធិពល​ចាត់ទុក​ការចោទប្រកាន់​នេះ ជាការ​មើលងាយ​មុខមាត់​ប្រទេស​របស់លោក ហើយក៏​បានដាក់​ការសង្ស័យ​លើ​របាយការណ៍​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ផ្សាយ​ដោយ​អង្គការសហប្រជាជាតិ ក៏ដូចជា​គោលដៅ​ពិតប្រាកដ​នៃ​បញ្ហា​រ៉ាំរ៉ៃ​មួយ​នេះ​។​
 
​ក្នុង​កិច្ច​សម្ភាស​ដ៏​លម្អិត​ជាមួយ​កាសែត​ជប៉ុន Asahi Shimbun អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា មីន អ៊ុង​ឡាំង នៅតែ​មិន​ទទួលយក​ការចោទប្រកាន់​ទាំងឡាយ​លើ​កងទ័ព​មី​យ៉ាន់​ម៉ា​ជុំវិញ​ប្រតិបត្តិការ​ហិង្សា​នៅឯ​រដ្ឋ Rakhine ដែល​អនុវត្ត​តាំងពី​ឆ្នាំ​២០១៧ មក​។ ឧ​ត្ត​ម​សេនីយ៍​មី​យ៉ាន់​ម៉ា​រូបនេះ​ក៏​មិន​ជឿថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង​៧​សែន​នាក់​រត់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​ដូច​មាន​ក្នុង​របាយកាណ៍​របស់​អង្គការសហប្រជាជាតិ​ដែរ​។​
 
​យោធា​មី​យ៉ាន់​ម៉ា ដែល​មិន​ស្ថិតក្រោម​បង្គាប់​រដ្ឋាភិបាល​ស៊ីវិល​នោះ បាន​បើក​យុទ្ធនាការ​បោសសម្អាត​ជន​ជ្រុលនិយម​នៅ​រដ្ឋ Rakhine បន្ទាប់ពី​ការវាយប្រហារ​លើ​ប៉ុស្តិ៍​យោធា​នៅក្បែរ​ព្រំដែន​បង់​ក្លា​ដែ​ស​។ សោកនាដកម្ម​បានកើត​ឡើង​នៅក្នុង​រដ្ឋ​ភាគ​ខាងជើង​មួយ​នេះ​។ កាលពី​ឆ្នាំ​២០១៨ ក្រុម​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិរ​ក​ឃើញថា កងទ័ព​មី​យ៉ាន់​ម៉ា​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ជាច្រើន​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ហើយក៏​ស្នើ​ឲ្យ​មានការ​កាត់ទោស​មេទ័ព​កំពូល​ជាច្រើន​រាប់ទាំង​លោក មីន អ៊ុង​ឡាំង ផង​។​
 
​យ៉ាងណាមិញ ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​ប្រាប់​កាសែត​ជប៉ុន​ក្នុង​កិច្ច​សម្ភាស​ផ្សាយ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ថា ការរិះគន់​ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់ ធ្វើ​ឲ្យ​ប៉ះពាល់​សេចក្ដីថ្លៃថ្នូរ​របស់​មី​យ៉ាន់​ម៉ា​។ ទន្ទឹមនឹង​ការទាត់ចោល​ការចោទប្រកាន់​ទាំងឡាយ លោក មីន អ៊ុង​ឡាំង ក៏បាន​លើក​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​បំណង​ពិតប្រាកដ​នៃ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាង​ទៅទៀត ដោយ​លោក​បាន​អះអាងថា ជនភៀសខ្លួន​ទាំងនោះ​និយាយ​តាម​ការ​ប្រាប់​របស់​អ្នកផ្សេង​។​
 
«​វា​ជា​រឿង​ទៅរួច​ដែល​មូលហេតុ​នៅ​ពីក្រោយ​ការរត់​ទៅ​បង់​ក្លា​ដែ​ស គឺ​ដូច​ជាការ​ទៅ​រស់នៅ​ជាមួយ​សាច់ញាតិ ឬ​ការ​ភៀសខ្លួន​ទៅ​ប្រទេស​ទី​បី​ដូច្នោះ​ដែរ​។ ពួកគេ​ទាំងអស់​និយាយ​ដូចគ្នា ហើយ​ខ្ញុំ​ជឿថា មាន​អ្នក​ប្រាប់​ឲ្យ​ពួកគេ​និយាយ​បែប​នោះ​។​» នេះ​ជា​លើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ដែល​រង​ការរិះគន់​ខ្លាំង​ចំពោះ​ទង្វើ​របស់​យោធា​មី​យ៉ាន់​ម៉ា​។​
 
​កាលពី​ខែកញ្ញា​កន្លងទៅ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក៏បាន​បោះឆ្នោត​បង្កើត​យន្តការ​ឯក​រាជ្យ​សម្រាប់​មី​យ៉ាន់​ម៉ា សំដៅ​ប្រមូល និង​ការពារ​ភស្តុតាង​ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​សវនាការ​ណាមួយ​នៅ​ថ្ងៃ​អនាគត​។ ត្រង់ចំណុច​នេះ មេទ័ព​កំពូល​មី​យ៉ាន់​ម៉ា​ប្រកាស​ហើយ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គ្មាន​យុត្តាធិការ​លើ​មី​យ៉ាន់​ម៉ា ហើយ​ប្រទេស​លោក​ក៏​មិន​ទទួលយក​ការណែនាំ​ណា​ដែល​ប៉ះពាល់​អធិបតេយ្យ​ខ្លួន​ដែរ​៕ 
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  មីន អ៊ុង​ឡាំង​
  រ៉ូ​ហ៊ីង​យ៉ាង
© រក្សាសិទ្ធិដោយ thmeythmey.com