ពីនេះ ពីនោះ
​ធ្វើ​បុគ្គលិក អ្នកគ្រប់គ្រង និង​ថៅកែ តើ​មួយណា​ស្រួល​ជាង​?
24, Feb 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
បុគ្គលិក​មានការ​លំបាក​របស់​បុគ្គលិក អ្នកដឹកនាំ​មានការ​លំបាក​របស់​អ្នកដឹកនាំ ហើយ​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុន​មានការ​លំបាក​របស់គាត់​ដែរ​។



-​
​ការលំបាក​របស់​បុគ្គ​លិ​ក​
​ពេល​អ្នក​គ្រាន់តែ​ជា​បុគ្គលិក​សាមញ្ញ​ម្នាក់ អ្នក​អាចមាន​អារម្មណ៍​ថា​ពិបាក​ណាស់ ពីព្រោះ​ថ្នាក់លើ ប្រើ​អ្នក​គ្រប់ពេលវេលា​។ ម្យ៉ាងទៀត យោបល់​របស់​អ្នក​ក្នុង​ក្រុមហ៊ុន មិនសូវ​ជា​ត្រូវបាន​គេ​យកចិត្តទុកដាក់​ស្តាប់ ឬ​ឱ្យ​តម្លៃ​នោះទេ​។ និយាយ​ជារួម​ធ្វើជា​បុគ្គលិក​គេ អ្នក​ប្រឈម​នឹង​គំនៀប​ផ្លូវ​អារម្មណ៍​។​
 
-​ ​ការលំបាក​របស់​អ្នកដឹកនាំ​
​ពេល​អ្នក ក្លាយជា​អ្នកដឹកនាំ​អាជីវកម្ម​ក្រុមហ៊ុន​វិញ​ម្តង (​មិនមែនជា​ថៅកែ​ទេ​) អ្នក​ត្រូវ​ប្រឈម​បញ្ហា​មួយចំនួន​ដែរ​៖ 
​ទី​១- ត្រូវ​ជួយ​បង្កើត​ប្រាក់ចំណូល​ក្នុង​អាជីវកម្ម​ក្រុមហ៊ុន​ជាមួយ​ម្ចាស់​ក្រុមហ៊ុន 
​ទី​២- ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​ជាមួយ​ថៅកែ​
​ទី​៣- ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បុគ្គលិក​ជួបប្រទះ​ក្នុងការ​បំពេញការងារ និង​
​ទី​៤- ត្រូវ​សម្របសម្រួល​ចំពោះ​ភាពខុសគ្នា​រវាង​បុគ្គលិក និង​ថៅកែ​
 
​ក្នុងនាម​ជា​អ្នកដឹកនាំ អ្នក​អាច​លំបាក​ក្នុងការ​ប្រកាន់​ជំហរ​មួយ​ដាច់​ណាត់​ណាស់ ពីព្រោះ​អ្នក​ត្រូវធ្វើ​ការសម្របសម្រួល​ឱ្យ​ថៅកែ​សប្បាយចិត្ត​ផង និង​ត្រូវ​សម្របសម្រួល​ឱ្យ​បុគ្គលិក​ក្រោមបង្គាប់​សប្បាយចិត្ត​ផង ហើយ​មានពេលខ្លះ​ទាំងសងខាង អាច​សម្របសម្រួល​គ្នា​បាន អាច​សប្បាយចិត្ត​ជាមួយ​គ្នា​បាន​។ ប៉ុន្តែ​មានពេលខ្លះ កាលទេសៈ​ខ្លះ ឬ​ស្ថានការណ៍​ខ្លះ អ្នក​ទាំងពីរ មិនអាច​សម្របសម្រួល​ជាមួយគ្នា​បានទេ ហើយ​ស្ថានការណ៍​បែបនេះហើយ​ដែល​លំបាក​បំផុត​ក្នុងនាម​ជា​អ្នកដឹកនាំ ទោះបីជា​យើង​ដឹង​ហើយ​ថា ភាគច្រើន​រវាង​បុគ្គលិក និង​ថៅកែ អ្នកដឹកនាំ​នឹង​ជ្រើស​រើសយក​ថៅកែ​ហើយ​។ បុគ្គលិក អាច​រក ឬ​រើស​ថ្មី​បាន ប៉ុន្តែ​ថៅកែ មិនអាច​ដូរ​បានទេ មានតែ​ថៅកែ​ដូរ​អ្នកដឹកនាំ​វិញ​ទេ​។ ធ្វើជា​អ្នកដឹកនាំ​គេ គឺ​ពិតជា​លំបាក​មែន មាន​សម្ពាធ​ពីលើ មាន​សម្ពាធ​ពីក្រោម មាន​សម្ពាធ​ពីឆ្វេង មាន​សម្ពាធ​ពីស្តាំ គ្រប់​ទិស​ទាំងអស់​។ ដូច្នេះហើយ ធ្វើជា​អ្នកដឹកនាំ​គេ មិន​ស្រួល​នោះទេ ហើយ​ពុំមាន​មនុស្ស​ច្រើន​នាក់​ទេ​ដែល​អាច​ទប់ទល់​ចំពោះ​ការលំបាក និង​សម្ពាធ​ទាំងអស់នេះ​បាន​។ 
 
-​ ​ការលំបាក​របស់​ថៅកែ​
​ពេល​អ្នក​ក្លាយជា​ថៅកែ​គេ​វិញ បញ្ហា​រឹតតែ​ស្មុគស្មាញ​ថែមទៀត លើសពី​ការលំបាក​ក្នុងការ​ធ្វើជា​បុគ្គលិក និង​អ្នកដឹកនាំ​គេ​ទៅទៀត​។ 
​ទី​១- ត្រូវ​ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់​របស់​បុគ្គលិក និង​អ្នកគ្រប់គ្រង 
​ទី​២- ត្រូវ​គិត​គ្រប់ពេលវេលា​ធ្វើ​យ៉ាងដូចម្តេច​ដើម្បីឱ្យ​ក្រុមហ៊ុន​អាច​ដំណើរការ​បានល្អ និង​ជោគជ័យ​
​ទី​៣- ត្រូវ​ខ្វល់ខ្វាយ និង​គិតគូរ​គ្រប់ពេលវេលា​ទាំងអស់ ថា​តើ​ត្រូវ​រកប្រាក់​ចំណូល​យ៉ាងដូចម្តេច ឬ​ពី​ណា​ដើម្បី​បើក​ប្រាក់ខែ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ឱ្យ​បុគ្គលិក​ជា​រៀងរាល់ខែ សម្រាប់​ចំណាយ និង​សម្រាប់​ពង្រីក​អាជីវកម្ម ឬ​ក្រុមហ៊ុន​ថែមទៀត​។ 
 
​ដូចដែល​យើងទាំងអស់គ្នា បានដឹង​យ៉ាងច្បាស់​ហើយ​ថា​៖
-​ ​មាន​មនុស្ស​ច្រើន​នាក់​ណាស់​ដែល​ធ្វើជា​បុគ្គលិក​គេ​
-​ ​មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​អាច​ធ្វើជា​អ្នកគ្រប់គ្រង​គេ​បាន​
-​ ​ប៉ុន្តែ ពុំមាន​មនុស្ស​ច្រើ​នាក់​ទេ​ដែល​អាច​ធ្វើជា​ថៅកែ​គេ​បាន​នោះ​
​ជា​ឧទាហរណ៍​ក្នុង​ក្រុមហ៊ុន​មួយ​មាន​មនុស្ស​ចំនួន ១០០ នាក់​៖
-​ ​មានតែ​មនុស្ស ១ ឬ ២ នាក់​ទេ​ដែល​ធ្វើជា​ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន​
-​ ​មានតែ​មនុស្ស​ចំនួន ៤ ឬ ៥ នាក់​ទេ​ដែល​ធ្វើជា​អ្នកគ្រប់គ្រង​
-​ ​ដូច្នេះ មនុស្ស​ជាង ៩០ នាក់​ផ្សេងទៀត គឺជា​បុគ្គលិក​
 
​ការដែល​អាចធ្វើ​ជា​ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន​មួយ​បាន អ្នកខ្លះ​ថា​វា​ជា​សំណាង​។ សម្រាប់​យើងខ្ញុំ​វិញ មិន​គិតថា​ជា​សំណាង​ទេ ប៉ុន្តែ​វា​ជា​សមត្ថភាព ហើយ “​ជា​សមត្ថភាព​ពិសេស និង​ពិតប្រាកដ​ទៀតផង​” ទើប​អាចធ្វើ​ការងារ​នេះ​បាន​ជោគជ័យ​ល្អ និង​យូរអង្វែង​បាន​។ ប្រសិនបើ​ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន គ្មាន​សមត្ថភាព​ខ្លាំងពូកែ​ទេនោះ អាជីវកម្ម ឬ​ក្រុមហ៊ុន​មួយ​នេះ មិនអាច​រីកចម្រើន និង​ឈរជើង​នៅលើ​ទីផ្សារ​ប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង​សម្បើម​ដែល​អ្នកខ្លះ​និយាយថា “​វា​ជាការ​ប្រកួត​ស៊ីសាច់ហុតឈាម​គ្នា​” បានយូរ​អង្វែង​នោះទេ​។​

​(ប្រសិន​បើលោកអ្នក​មានបំណង​ចង់​ជាវ​សៀវភៅ​នេះ សូម​អញ្ជើញ​ទាក់ទង​អ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧។)

© រក្សាសិទ្ធិដោយ thmeythmey.com