អន្តរជាតិ
ឡាវ​ចាប់​គិតគូរ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​នៃ​ឧបទ្ទវហេតុ​បាក់​ទំនប់​វា​រី​អគ្គិសនី​
19, Feb 2019 , 8:19 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​ឡាវ បាន​ឲ្យ​ដឹងថា ការចរចា​បានចាប់ផ្តើម​ជុំវិញ​ការផ្តល់​សំណង​ដល់​ជនរងគ្រោះ ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី Xe Pian-Xe Nam Noy កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​សកម្មជន​ការពារ​បរិស្ថាន​និង​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​ទំនប់​វា​រី​អគ្គីសនី​នេះ ជួយ​លើកស្ទួយ​ជីវភាព​របស់​ពួកគេ​ឡើងវិញ​ផងដែរ​។​

 
​មនុស្ស​ជាង ៧​ពាន់​នាក់ ដែល​នៅមាន​ជីវិត​ក្រោយពី​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី​ក្នុងស្រុក Sanamxay ភាគខាងត្បូង​ខេត្ត Attapeu បាន​ប្រឹង​ត្រដ​រស់​អស់​រយៈពេល​ជិត​៧​ខែ​។ ពួកគេ​ទទួលបាន​ជំនួយ​តិចតួច​ពី​អាជ្ញាធរ ហើយ​ជំនួយ​ភាគច្រើន​គឺ​បានមកពី​អង្គការ​បរទេស​និង​អ្នក​ឧបត្ថម្ភ​ឯកជន​។ យ៉ាងណាមិញ ឥឡូវនេះ​អាជ្ញាធរ​ឡាវ​ទទួលបាន​ភ្លើង​ខៀវ​ពី​អ្នក​វិនិយោគិន​បរទេស​ដែលមាន​ចំណែក​ក្នុង​រឿងរ៉ាវ​ទំនប់​វា​រី​អគ្គីសនី ខណៈ​ពួកគេ​ត្រៀមខ្លួន​បង់លុយ​សំណង​ពេញលេញ​ដល់​ជនរងគ្រោះ​។​
 
​សារព័ត៌មាន VOA ឡាវ កាលពី​សប្តាហ៍​មុន​បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ឡាវ​និង​ក្រុម​អ្នកវិនិយោគ​បានចាប់ផ្តើម​ការចរចា​ជាមួយ​ក្រុមគ្រួសារ​ដែលរ​ង​គ្រោះ​ក្នុង​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី​ពាក់ព័ន្ធ​នឹង​ចំនួន​លុយ​សំណង​។ សំណង​គឺ​រាប់បញ្ចូល​ការខូចខាត​ដល់​យានយន្ត​, ទ្រព្យសម្បត្តិ​និង​លំនៅឋាន​របស់​ប្រជាជន​។ 
 
​បើតាម​សារព័ត៌មាន​ដដែល អភិបាលស្រុក Sanamxay លោក Bunhom Pommasan និយាយថា ការចរចា​ត្រូវបាន​ប្រព្រឹត្តទៅ​ដើម្បី​ផ្តល់​សំណង​ដល់​ប្រជាជន​ដែល​យានយន្ត​ត្រូវបាន​បំផ្លិចបំផ្លាញ​។ រីឯ​សំណង​លើ​ការខូចខាត​ផ្ទះសម្បែង​, ដំណាំ និង​ទ្រព្យសម្បតិ្ត​ផ្សេងទៀត​នឹងត្រូវ​ពិភាក្សា​នាពេល​ក្រោយ​ទៀត​។ 
 
​ទាក់ទិន​នឹង​រឿង​សំណង​នេះ លោកស្រី Worawan Sukraroek អ្នកសម្របសម្រួល​ជាមួយ​ក្រុមការងារ Extraterritorial Obligations-Watch របស់​ថៃ បាន​និយាយថា កិច្ចប្រឹងប្រែង​របស់​អ្នក​វិនិយោគិន​ទាំងនោះ​គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ពី​អ្វីដែល​លោកស្រី​ចង់បាន ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​របស់​ជនរងគ្រោះ​ទាំងនោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។​
 
​ស្ថានការណ៍​បានបង្ហាញ​យ៉ាងច្បាស់​ថា អ្នក​វិនិយោគិន​ទាំងនោះ​មិន​គោរព​សិទ្ធិមនុស្ស ឬ​សីលធម៌​ជំនួញ​នោះទេ​។ នេះ​ជាការ​អះអាង​របស់លោក​ស្រី Worawan ដោយ​បន្ថែមទៀតថា​៖«​ពួកគេ​ត្រូវតែ​ជួយ​ច្រើនជាង​ការផ្តល់​លុយ​ដល់​ប្រជាជន ដើម្បី​ជួយ​លើកស្ទួយ​ដល់​ជីវភាព​របស់​ប្រជាជន​ឡើងវិញ​»​។ ជាមួយគ្នានេះ លោកស្រី​ក៏បាន​ឲ្យ​យោបល់​ថា ក្នុង​ដំណោះស្រាយ​រយៈពេល​វែង ក្រុមហ៊ុន​ត្រូវបង្កើត​គម្រោង​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បន្ទាន់ និង​ធានា​ឲ្យ​បាន​ថា គម្រោង​ដែល​ពួកគេ​កំពុង​ដាក់ទុន​វិនិយោគ នឹង​ជះឥទ្ធិពល​តិចតួច​បំផុត​ដល់​បរិស្ថាន​និង​ប្រជាជន​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី​ទទួលបាន​ជំនួយ​ជា​លុយ​ប្រមាណ​ជាង ១២​ដុល្លារ​ជាប្រចាំ​ខែ​, លុយ​ប្រចាំថ្ងៃ​ចំនួន ០,៦៥​ដុល្លារ ព្រមទាំង​អង្ករ​ចំនួន ២០​គីឡូក្រាម​ជា​រៀងរាល់ខែ​ផងដែរ​ពី​រដ្ឋាភិបាល​ឡាវ​។  ក្រៅពីនេះ ក្រុម​អ្នក​វិនិយោគិន​បរទេស​ក្នុង​ទំនប់​វា​រី​អគ្គិសនី​ឡាវ កាល​ខែ​មុន​បាន​យល់ព្រម​ផ្តល់​សំណង​ជា​លុយ ទៅដល់​សាច់ញាតិ​អ្នកស្លាប់ ឬ​បាត់​ខ្លួន​ចំនួន​៧១​នាក់ ក្នុង​ម្នា​ក់មួយ​ម៉ឺន​ដុល្លារ​។ ទន្ទឹមនឹង​គ្នា​នេះដែរ អ្នក​វិ​យោគិន​ទាំងនោះ​ក៏បានផ្តល់​ចំនួន​មនុស្សធម៌ និង​បរិច្ចាគ​ប្រាក់​ដល់​ជនរងគ្រោះ​ថែម​ទៀតផង​។ 
 
​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដែលមាន​ចំណែក​ក្នុង​ទំនប់​វា​រី​អគ្គិសនី​ឡាវ​គឺមាន​ដូចជា ក្រុមហ៊ុន K Engineering and Construction (SK E&C), ក្រុមហ៊ុន  Korea Western Power (​ក្រុមហ៊ុន​ទាំងពីរ​នេះ​មាន​មូលដ្ឋាន​ក្នុងប្រទេស​កូរ៉េខាងត្បូង​) និង​ក្រុមហ៊ុន Ratchaburi Electricity Generating Holding PCL (Ratch) របស់​ថៃ​៕
 

Tag:
 ឡាវ​
  ទំនប់​វា​រី​អគ្គិសនី​
  Xe Pian-Xe Nam Noy
© រក្សាសិទ្ធិដោយ thmeythmey.com