អន្តរជាតិ
រកឃើញករណី«ជំងឺគ្រុនជ្រូកអាហ្វ្រិក»នៅវៀតណាម រូបភាពតំណាង (AFP)
× អាជ្ញាធរវៀតណាម បានឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈថា ជំងឺគ្រុនជ្រូកអាហ្វ្រិកត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចំនួនបីក្នុងប្រទេសវៀតណាម។ នេះជាករណីទីមួយដែលអាជ្ញាធរជំនាញបានចេញមុខបញ្ជាក់ពីជំងឺឆ្លងប្រភេទនេះក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
សត្វជ្រូកទាំងអស់នៅកសិដ្ឋានចំនួនបីដែលស្ថិតក្នុងខេត្ត Hung Yen និង ខេត្ត Thai Binh ភាគអាគ្នេយ៍នៃទីក្រុងហាណូយត្រូវបានសម្លាប់ចោល ក្រោយពីរកឃើញថាសត្វទាំងនោះឆ្លងជំងឺគ្រុនជ្រូកអាហ្វ្រិក។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានសុខភាពសត្វវៀតណាម ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Pham Van Dong ប្រធាននាយកដ្ឋានបសុសត្វវៀតណាម បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហាណូយថា៖«ជំងឺនេះមិនអាចឆ្លងដល់មនុស្សឡើយ។ ដូច្នេះប្រជាជននិងកសិករកុំព្រួយបារម្ភឲ្យសោះ»។ ជាមួយគ្នានេះដែរ លោក Dong ក៏បានប្រាប់ឲ្យប្រជាជនបន្តបរិភោគសាច់ជ្រូកសម្រាប់អាហារប្រចាំថ្ងៃរបស់ពួកគេ ដ្បិតសាច់ជ្រូកគ្របដណ្តប់ស្ទើរ ៧៥ ភាគរយនៃការបរិភោគសាច់សរុបក្នុងប្រទេសវៀតណាម។
សូមបញ្ជាក់ថា ជំងឺគ្រុនជ្រូកអាហ្វ្រិក ដែលកើតតែចំពោះសត្វជ្រូកប៉ុន្តែមិនប៉ះពាល់ដល់មនុស្ស បានរាលដាលយ៉ាងរហ័សទៅកាន់ប្រទេសជិតខាងនៃប្រទេសចិន ចាប់តាំងពីខែសីហាមកម្ល៉េះ។ ដោយហេតុថា សាច់ជ្រូកជាអាហារដ៏ពេញនិយមបំផុតមួយនៅបណ្តាប្រទេសក្នុងតំបន់អាស៊ី អ្នកជំនាញអង្គការសហប្រជាជាតិ បានគូសបញ្ជាក់កាលពីខែកញ្ញាកន្លងទៅថា វីរុសប្រភេទនេះបានឆ្លងរាលដាលទៅកាន់ប្រទេសក្បែរខាងនៃប្រទេសចិន និងទំនងជាតាមរយៈការចរាចរណ៍ផលិតផលដែលមានផ្ទុកសាច់ជ្រូកកើតជំងឺ។
កាលពីថ្ងៃចុងសប្តាហ៍មុន ភ្នាក់ងារព័ត៌មានតៃវ៉ាន់ បានរាយការណ៍ថា ក្រុមប្រឹក្សាកសិកម្មខ្លួន បានរកឃើញវីរុសគ្រុនជ្រូកអាហ្វ្រិកនេះក្នុងនំសាំងវ៉ិច ដែលនាំយកពីប្រទេសវៀតណាមទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ខែកុម្ភៈ។ ទាក់ទិននឹងរឿងនេះ អាជ្ញាធរតៃវ៉ាន់ និងវៀតណាម កំពុងដុតដៃដុតជើង ស្វែងរកប្រភពដើមនៃសាច់ជ្រូកដែលរកឃើញក្នុងនំសាំងវិកនោះ៕
Tag:
វៀតណាម
ជំងឺគ្រុនជ្រូកអាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com