ជាតិ
សុខភាព
ករណី​ស្លាប់​ស្ត្រី​ពេល​ប្រសូតិ​កូន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​សម្រាលកូន​មិនមាន​សុវត្ថិភាព​នៅ​កម្ពុជា​
20, Feb 2019 , 7:59 pm        
រូបភាព
បងស្រីជនរងគ្រោះ អ្នកស្រី ប្រាក់ ស៊ីនួន (កណ្តាល) បីទារកឈ្មោះ ហឿន ដាណៃ ដែលនៅរស់ ខណៈម្តាយបានស្លាប់ ដោយសារធ្លាក់ឈាមខ្លាំងក្រោយពី​សម្រាលកូន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
បងស្រីជនរងគ្រោះ អ្នកស្រី ប្រាក់ ស៊ីនួន (កណ្តាល) បីទារកឈ្មោះ ហឿន ដាណៃ ដែលនៅរស់ ខណៈម្តាយបានស្លាប់ ដោយសារធ្លាក់ឈាមខ្លាំងក្រោយពី​សម្រាលកូន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​សង្កាត់​បាទី ខេត្តស្វាយរៀង ៖ អ្នកស្រី ប្រាក់ សុ​ដា និង​ស្វាមី​គឺ​លោក សួន សា​ខេន រំពឹងថា ការ​ប្រសូតិ​កូន​ទី​២​របស់​ពួកគេ​នឹងមាន​សុវត្ថិភាព​។ ប៉ុន្តែ​ជា​អកុសល អ្នកស្រី សុ​ដា ជា​កម្មការិនី​កាត់ដេរ ដែលមាន​អាយុ​២៧​ឆ្នាំ បាន​ស្លាប់ ក្រោយ​សម្រាល​កូនប្រុស ដោយ​ពេទ្យ​បាន​អះអាងថា ដោយសារ​ធ្លាក់ឈាម​ច្រើន​។​

 
​ករណី​ម្តាយ​ស្លាប់​ពេល​ប្រសូតិ​កូន​នេះ​នាំ​ឲ្យ​មានការ​ចែករំលែក​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា ហើយ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​សម្រាលកូន​មិនមាន​សុវត្ថិភាព​នៅ​កម្ពុជា ជាពិសេស​ការ​សម្រាលកូន​នៅ​តំបន់​ដាច់ស្រយាល​។​
 
​ស្វាមី​របស់​ជនរងគ្រោះ​គឺ​លោក សា​ខេន អាយុ​២៨​ឆ្នាំ ជា​កម្មករ​កាត់ដេរ នៅក្នុង​ខេត្តស្វាយរៀង បាន​ថ្លែងប្រាប់ VOA ថា សុខភាព​ភរិយា​របស់លោក​គឺ​ធម្មតា ក្រោយពី​សម្រាលកូន គាត់​អាចនិយាយបាន​។ ប៉ុន្តែ​នៅពេល​ឆ្មប​បានចាប់ផ្តើម​យកសុក ភរិយា​របស់គាត់​ក៏​ចាប់ផ្តើម​ធ្លាក់ឈាម​ខ្លាំង​។​
 
​ស្វាមី​ជនរងគ្រោះ​បាន​អះអាង​ទៀតថា ការជួយ​សម្រាលកូន​នេះ​មាន​ធ្ម​ប​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​លោក​ចាត់ទុកថា ជាការ​ធ្វេសប្រហែស​។​
 
​លោក សា​ខេន បាន​ថ្លែងប្រាប់ VOA នៅផ្ទះ​របស់លោក​ថា​៖
 
«​គាត់​បង្កើត​ហ្នឹង​នៅតែ​ម្នាក់ឯង ព្រោះ​អី​ពេទ្យ​ថ្មី​ទៀត​។ ពេទ្យ​ដែល​គាត់​មក​ពិនិត្យ​ផ្ទៃពោះ​ម៉ោង​៥​ទៀបភ្លឺ​ហ្នឹង គាត់​អត់​មានមក​ក្បែរ​ទេ ហើយ​គាត់​ឲ្យ​ពេទ្យ​ហ្នឹង​មក​តែម្នាក់ឯង​។ គាត់​អត់​មានមក​ក្បែរ​ទេ​។ ខ្ញុំ​ក៏​មិនដែល​ឃើញ​មុខ​ពេទ្យឆ្មប​ថ្មី​ហ្នឹង​»​។​
 
​លោក​មានប្រសាសន៍​បន្ថែ​ម​ថា​៖
 
«​ពេទ្យឆ្មប​ប្រហែស​។ គាត់​ធ្វើការ​ប្រហែស​ខ្លាំង​មែនទែន​! ប្រសិនបើ​គាត់​កាត់​ភ្លាមៗ គាត់​ធ្វើ​អត់​បាន គាត់​ហៅ​ឡាន​សង្គ្រោះ ក៏​ប្រពន្ធ​ខ្ញុំ​អត់​ដល់​ថ្នាក់​ហ្នឹង​ដែរ​។ ហើយ​ណាមួយ​គាត់​តែម្នាក់ឯង​ទៀត​បង្កើតកូន​»​។​
 
​បងស្រី​របស់​ជនរងគ្រោះ​គឺ​អ្នកស្រី ប្រាក់ ស៊ីនួន អាយុ​៣៧​ឆ្នាំ មានប្រសាសន៍ថា ពេល​ប្អូនស្រី​ទៅដល់​មណ្ឌល​សុខភាព​មេស​ថ្ង​ក ដែលមាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ផ្ទះ​ជនរងគ្រោះ នាពេល​ព្រឹក អ្នកស្រី​បាន​ហៅ​ទូរស័ព្ទ​ទៅ​ឆ្មប​ម្នាក់ ដែល​ផ្ទះ​គាត់​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​មណ្ឌល​សុខភាព​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖
 
«​ខ្ញុំ​ធ្លាប់​ស្គាល់​។ យក​លេខ គេ​បិទ​លើ​ជញ្ជាំង​។ តេ​(​ទូរស័ព្ទ​)​ហៅ​គាត់​ថា មីង​ឯង​មកជួយ​មើល​ប្អូន​ខ្ញុំ​បន្តិច​មក​! ប្អូន​ខ្ញុំ​ឈឺពោះ​»​។​
 
​បងស្រី​ជនរងគ្រោះ​រូបនោះ​បាន​ឲ្យ​ដឹងថា សុខភាព​ប្អូនស្រី​មាន​លក្ខណៈ​ធម្មតា ពេល​សម្រាលកូន​រួចហើយ​។ អ្នកស្រី​មានប្រសាសន៍ថា​៖
 
«​ប្អូន​ខ្ញុំ​វា​និយាយ​ជាមួយ​កូន​វា​ធម្មតា​។ និយាយ​ហៅ​កូន​ធម្មតា​ថា អា​ប្រុស កូន​ឯង​យំ​មួយ​មើល​! កូន​ក៏​យំ​។ វា​ញញឹម​ដាក់​ប្តី​។ ប្តី​អើតមើល​ពី​ក្រៅ​»​។​
 
​នេះ​ជា​កូន​ទី​២​ហើយ​សម្រាប់​ជនរងគ្រោះ​នេះ​។ ជនរងគ្រោះ​មានកូន​ស្រី​ម្នាក់ អាយុ​៥​ឆ្នាំ ដែល​ធ្លាប់​កើត​នៅ​មណ្ឌល​សុខភាព​នេះ​ដូចគ្នានេះ​។ ជនរងគ្រោះ​ជា​កម្មការិនី​កាត់ដេរ​ម្នាក់​ដែល​បានធ្វើការ​នៅ​រោងចក្រ​ក្នុង​ខេត្តស្វាយរៀង​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​។ អ្នកស្រី​បាន​សម្រាក​ពី​ការធ្វើការ​នៅ​រោងចក្រ​រយៈពេល​១០​ថ្ងៃ មុន​សម្រាលកូន​។ ស្វាមី​ចង់​ឲ្យ​សម្រាក​មុន​ឲ្យ​បាន​ច្រើន តែ​ភរិយា​ចង់​បន្តការងារ ដោយ​មិន​ចង់​បាត់បង់​ប្រាក់ចំណូល​។ នេះ​បើ​យោងតាម​លោក សា​ខេន ជា​ស្វាមី​។​
 
​ម្តាយក្មេក​របស់​ជនរ​ង​គ្រោះ​គឺ​អ្នកស្រី ពៅ សា​ខន អាយុ​៦២​ឆ្នាំ ជា​ឆ្មប​បុរាណ​តាំងពី​ឆ្នាំ​១៩៧៤ តែ​បាន​ឈប់​បង្កើតកូន​ឲ្យ​គេ​នៅក្នុង​ឆ្នាំ​២០០០ ក្រោយ​រដ្ឋាភិបាល​បាន​ហាមឃាត់​។ អ្នកស្រី​បាន​ស្ថិតក្នុង​បន្ទប់​ជាមួយ​ឆ្មប ពេល​ជនរងគ្រោះ​ធ្លាក់ឈាម​ខ្លាំង​។​
 
​អ្នកស្រី​មានប្រសាសន៍ថា ឆ្មប​បានចាប់ផ្តើម​យក​កម្ទេច​សុក ហើយ​ពេលនោះ​មាន​ឈាម​ច្រើន ហើយ​មុខ​របស់​ជនរងគ្រោះ​កាន់តែ​ស្លេក​។​
 
​អ្នកស្រី​បាន​ថ្លែងប្រាប់ VOA ថា​៖
 
«​ពេល​លូក​រាវរក​អា​កម្ទេច​សុខ​ហ្នឹង ទាញ​មក​សុទ្ធតែ​ឈាម​ទាំងអស់​។ ហូរ​មក​ដក់​នៅ​ខាងក្រោម​។ ឈាម​វា​ច្រើន​ផង ហើយ​មើលទៅ​ឃើញ​មុខ​កូន​ក្រហម​។ កាលណា​លូក​ទៅ​ឃើញតែ​ឈាម​ទេ​ណា ដល់ពេល​ដក​ដៃ​ទៅ ឈាម​វា​បាញ់​»​។​
 
​អ្នកស្រី​បាន​បន្ថែមថា​៖
 
«​ខ្ញុំ​ឆ្ងល់​ដែរ​! ឆ្ងល់​កន្លែង​ហ្នឹង ថា​ពេទ្យ​ម៉េច​ឈាម​ច្រើន​ម៉េ​ស​? ថា​មិន​អី​ទេ​! នៅ​កម្ទេច​សុក​មិន​អស់​ទេ​យាយ​។ ខ្ញុំ​មិន​មាត់​។ ខ្ញុំ​មិន​ហ៊ាន​ប៉ះ​ណា៎​។ គេ​ថា យាយ​ឯង​ឆ្មប​បុរាណ កុំ​ចេះ​ជាង​ពេទ្យ​! នោះ​ពេទ្យ​នោះ​និយាយ​អ៊ីចឹង​»​។​
 
​ពាក្យបណ្តឹង​
 
​ក្រោយ​ការស្លាប់​ជនរងគ្រោះ ក្រុមគ្រួសារ​បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ដើម្បី​ឲ្យ​ពិនិត្យមើល​រឿងនេះ​។ នៅក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​៥ ខែកុម្ភៈ លោក សួន សា​ខេន ដែលជា​ស្វាមី​ជនរងគ្រោះ រស់នៅ​ក្នុងភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បាវិត បាន​លើកឡើងថា ក្រុមគ្រួសារ​ប្តឹង​ប្រធាន​មណ្ឌល​សុខភាព លោក ហាស់ សុ​ផុន និង​ភរិយា​របស់លោក គឺ​លោកស្រី មូ ណា​រូ ដែលជា​ឆ្មប​មានបទពិសោធន៍​ម្នាក់ ដែល​ត្រូវបាន​ក្រុមគ្រួសារ​ហៅ​ទូរស័ព្ទ​ឲ្យ​មកជួយ​បង្កើតកូន​។​
 
​បើតាម​ពាក្យបណ្តឹង​នោះ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​មេស​ថ្ង​កនៅ​ម៉ោង​ប្រមាណ​៥​ទៀបភ្លឺ លុះដល់​ម៉ោង​២​និង​៣០​នាទី​រសៀល ជនរងគ្រោះ អ្នកស្រី សុ​ដា បាន​សម្រាលកូន​ក្នុង​រយៈពេល​តែ​៣​នាទី​ប៉ុណ្ណោះ​។ លោក សា​ខេន បានបញ្ជាក់​ក្នុង​ពាក្យបណ្តឹង​ថា លោក​បាន​ប្រាប់​ឲ្យ​ឆ្មប​គឺ​អ្នកស្រី អុក ចំ​រ៉ុង បញ្ជូន​ភរិយា​របស់លោក​ទៅ​ពេទ្យ​ខេត្ត ក្រោយ​ឃើញ​មាន​ឈាម តែ​ពេទ្យឆ្មប​ឆ្លើយថា មិន​អី​ទេ​។​
 
​លុះត្រា​មានការ​ឈ្លោះប្រកែក​គ្នា ទើប​ហៅ​ឡានពេទ្យ​មក នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​។  នេះ​បើ​យោងតាម​ពាក្យបណ្តឹង​។​
 
​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ជនរងគ្រោះ​។ ជនរងគ្រោះ​បាន​ស្លាប់​តាមផ្លូវ ពេល​ត្រូវ​បញ្ជូនទៅ​ពេទ្យ​ខេត្ត​។ ប៉ុន្តែ​ក្រុមគ្រួសារ​ជនរងគ្រោះ មិន​អស់ចិត្ត ក៏បាន​ឲ្យ​បញ្ជូន​ទៅដល់​ពេទ្យ​ខេត្ត​ដើម្បី​បញ្ជាក់បន្ថែម​។​
 
​លោក សា​ខេន បាន​ថ្លែងប្រាប់ VOA ថា​៖
 
«​ឡានពេទ្យ​សង្គ្រោះ​ហ្នឹង គេ​ទារ​ត្រឡប់មកវិញ​។ ពុក​និង​បង​ហ្នឹង​មិន​យល់ព្រម ឲ្យ​យកទៅ​ដល់​ពេទ្យ​ដើម្បី​ឲ្យ​អស់ចិត្ត​ណា៎​បង​។ គេ​ថា ប្រពន្ធ​យើង​ស្លាប់​ហើយ​»​។​
 
​នៅក្នុង​បទសម្ភាសន៍​ជាមួយ VOA លោកស្រី មូ ណា​រូ ជា​ឆ្មប​ម្នាក់ មានប្រសាសន៍ថា ថ្ងៃនោះ​មិនមែនជា​វេន​ប្រចាំការ​របស់លោក​ស្រី​នោះទេ​។ ប៉ុន្តែ​លោកស្រី​បាន​ទៅពិនិត្យ​សុខភាព​ជនរងគ្រោះ ពេល​ត្រូវបាន​បញ្ជូនមក​មណ្ឌល​សុខភាព​។ ប៉ុន្តែ​លោកស្រី​មិនបាន​នៅទេ ពេល​ស្ត្រី​នោះ​សម្រាលកូន​។​
 
​លោកស្រី មូ ណា​រូ មានប្រសាសន៍ថា​៖
 
«​កាលដែល​យើង​ពិនិត្យ​ហ្នឹង យើង​មើល​អត់​ដឹង​ទេ ព្រោះ​ឈាម​គាត់​ធម្មតា ជីពចរ​អី​ធម្មតា ហើយ​គាត់​ដើរ​អី​នៅ​ធម្មតា ដូច​តែ​យើង​អ៊ីចឹង​។ អាណា​ទៅ​មើល​ដឹង​!»
 
​ស្វាមី​ជនរងគ្រោះ​បាន​អះអាងថា លោកស្រី ណា​រូ និង​ស្វាមី គឺ លោក ហាស់ សុ​ផុន​ដែលជា​ប្រធាន​មណ្ឌល​សុខភាព បានមក​ពិនិត្យ​ជនរងគ្រោះ នៅពេល​ស្ថានភាព​ធ្ងន់ធ្ងរ​រួចទៅហើយ​។​
 
​លោកស្រី ម៉ៅ សុភា​រី អនុប្រធាន​មណ្ឌល​សុខភាព និង​ជា​ឆ្មប​មួយរូប មានប្រសាសន៍ថា លោកស្រី​បាន​សុំច្បាប់​នៅ​ថ្ងៃ​មាន​បញ្ហា​នោះ ដោយសារ​រវល់​សែន​សម្រាប់​ចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​។ ដូច្នេះហើយ​ទើប​មាន​គ្រូពេទ្យ​តែ​ម្នាក់​។​
 
​លោកស្រី​បាន​ថ្លែងប្រាប់ VOA តាម​ទូរស័ព្ទ​ថា​៖
 
«​ខ្ញុំ​សុំច្បាប់​ថ្ងៃ​ហ្នឹង​ណា៎​! ខ្ញុំ​អត់​បាន​ទៅ​ទេ​។ តែបើ​ថ្ងៃ​ហ្នឹង ម្នាក់​ហ្នឹង​[​ឆ្មប​]​គាត់​អត់​ព្រម​សង្គ្រោះ​អ៊ីចឹង ខ្ញុំ​ក៏​បញ្ជូនទៅ​ដែរ​។ ខ្ញុំ​ប្រាប់​មេ​[​ប្រធាន​មណ្ឌល​សុខភាព​]​ថា ប្រសិនបើ​មាន​គេ​នេះ​អ៊ីចឹង​[​កើតកូន​]​បញ្ជូន​គេ​ទៅ​កើត​កន្លែង​ផ្សេង​។ ប៉ុន​ថ្ងៃ​ហ្នឹង ខ្ញុំ​អត់​ដឹង​មូលហេតុ គេ​ទទួលយក ឬក៏​យ៉ាងម៉េច ខ្ញុំ​អត់​ដឹង​ដែរ​»​។​
 
​បើតាម​លោកស្រី សុភា​រី ស្ត្រី​ចន្លោះ​ពី​៣០​ទៅ​៤០​នាក់​ក្នុង​មួយខែ មករក​សេវា​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​របស់លោក​ស្រី​។​
 
​ប្រធាន​មណ្ឌល​សុខភាព លោក ហាស់ សុ​ផុន បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​បង្វែ​សំណួរ​ទៅ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​វិញ​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​អាហ្នឹង​ខ្ញុំ​ឆ្លើយ​អត់​បានទេ​! សមត្ថភាព​តូច​អត់​ដល់ បាន​ឆ្លើយ​អត់​កើត​! វា​តែ​ម្នាក់ តែ​ពេល​មាន​បញ្ហា គេ​អន្តរាគមន៍​ទៅ​ជួយ​ច្រើនណាស់ ទាំង​ប្រធាន​មណ្ឌល​ទាំងអស់​ហ្នឹង​! ឆ្មប​បី​បួន​នាក់​ទៅ​ជួយ​»​។​
 
​ស្បូន​ខ្សោយ​
 
​លោក កែ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ថ្លែងប្រាប់ VOA តាម​ទូរស័ព្ទ​ថា ករណីនេះ​មិនមែនជា​រឿង​បច្ចេកទេស​នៃ​ការ​សម្រាលកូន​នោះទេ​គឺជា​ករណី​ដែល​ស្បូន​របស់​ជនរងគ្រោះ​ខ្សោយ មិន​កន្ត្រាក់​ដែល​បណ្តាល​ឲ្យ​ស្ត្រី​ហូរឈាម​ធ្លាក់​ខ្លាំង​។​
 
​លោក​បញ្ជាក់ថា​៖
 
«​បញ្ហា​ការស្លាប់​ហ្នឹង​គឺ​ដោយសារ​ស្បូន​គាត់ ក្រោយពី​កើតមក​ខ្សោយ​។ ខ្សោយ​ទៅ ធ្វើ​ឲ្យ​ស្បូន​ហ្នឹង វា​មិន​កន្ត្រាក់ ទន់​។ ធម្មតា​ស្បូន​តែ​កើត​ហើយ វា​ត្រូវតែ​ខ្ជឹប កន្ត្រាក់​ដើម្បី​ឃាត់ឈាម ព្រោះ​ឈាម​វា​ចេញ​មកពី​កន្លែង​សុក​តោង​។ ដល់​អ៊ីចឹងទៅ វា​ចេញមក វា​ចេះតែ​ហូរៗ​ទៅ យើង​ទប់​មិន​ឈ្នះ​»​។​
 
​ប៉ុន្តែ​ប្រធាន​មន្ទីរ​សុខាភិបាល​រូបនោះ​មានប្រសាសន៍ថា លោក​នឹងមាន​វិធានការ​ទៅលើ​មន្ត្រី​ដែល​បម្រើការ​នៅ​ទីនោះ ករណី​ដែលមាន​ពេទ្យឆ្មប​តែ​ម្នាក់ នៅពេល​សម្រាលកូន​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​ធម្មតា​គាត់​ច្រើនតែ​ធ្វើ​២​នាក់ ប៉ុន្តែ​ថ្ងៃ​ហ្នឹង អាចមាន​ការខ្វះ​បុគ្គលិក ព្រោះ​ដោយសារ​ឱកាស​សែន​ចូលឆ្នាំ​អី​អ៊ីចឹងទៅ​។ មាន​បុគ្គលិក​មួយចំនួន គាត់​នៅជាប់​រវល់​សែន​ហ្នឹង​។ អាហ្នឹង​វា​ក៏​ជា​កំហុស​មួយ​ដែរ ដែល​មន្ទីរ​សុខាភិបាល​នឹងមាន​វិធានការ​រដ្ឋបាល​»​។​
 
​លោក​បញ្ជាក់​បន្ថែមថា​៖
 
«​ខ្ញុំ​គិតថា មូលហេតុ​ស្លាប់​មិនមែន​ថា យើង​ខ្វះ​គ្នា​ប៉ុន្មាន​ទេ​។ បើសិនជា​យើង​មាន​គ្នា​ពេល​ហ្នឹង​ក៏​ពិបាក​នឹង​ជួយ​ដែរ ព្រោះ​ដោយសារ​ស្បូន​វា​ខ្សោយ​»​។​
 
​លោក កែ រដ្ឋា ក៏បាន​ការពារ​ឆ្មប​ដែល​បង្កើតកូន​នោះ​ថា មាន​ជំនាញ​ពិតប្រាកដ​។ លោក​មានប្រសាសន៍ថា​៖
 
«​ឆ្មប​ដែល​បង្កើត​ហ្នឹង​ក៏​មិនមែន​ឆ្មប​ដែល​គាត់​មិនចេះ​ដែរ មិនចេះ​ដែរ​។ ឆ្មប​មួយ​ហ្នឹង គាត់​ចេញ​(​ធ្វើការ​)៦​ឆ្នាំ​ហើយ ហើយ​គាត់​បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​ឌី​ម៉ុក​។ ជំនាញ​ឌី​ម៉ុក​នេះ​គឺជា​ជំនាញ​ក្នុងការ​សង្គ្រោះ​ក្នុងការ​បង្កើតកូន​ឲ្យ​មាន​សុវត្ថិភាព​»​។​
 
​ទោះជា​យ៉ាងណា លោក​មានប្រសាសន៍ថា ប្រសិនបើ​ស្ត្រី​នោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ទាន់ពេលវេលា ប្រហែលជា​អាច​សង្គ្រោះបាន​។​
 
​ឆ្មប​ដែល​បាន​បង្កើតកូន​នោះ​មាន​ឈ្មោះថា អុក ចំ​រ៉ុង​។ នៅពេល​អ្នកយកព័ត៌មាន​របស់​VOA ទៅដល់​មណ្ឌល​សុខភាព ឆ្មប​រូបនោះ​មិនមាន​វត្ត​មាននៅ​ទីនោះ​ទេ​។ VOA មិនអាច​សុំ​ការឆ្លើយតប​ពី​ឆ្មប​ចំ​រ៉ុង​តាមរយៈ​ទូរស័ព្ទ​បានទេ​។​
 
​លោកស្រី ចាន់ ធា​រី ប្រធាន​អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ និង​សុខភាព​បន្ត​ពូជ (RACHA) ដែល​ធ្វើ​ការងារ​លើ​បញ្ហា​សុខភាព​ស្ត្រី ក្នុងនោះ​មានការ​សម្រាលកូន​ដោយ​សុវត្ថិភាព​ផងដែរ មានប្រសាសន៍ថា ការសម្រេច​បញ្ជូន​ស្ត្រី​ទៅ​មន្ទីរពេទ្យ​ខេត្ត​ឲ្យ​ទាន់ពេលវេលា នៅតែ​ជា​បញ្ហា​នៅឡើយ​។​
 
​លោកស្រី​មានប្រសាសន៍ថា​៖
 
«​រយៈពេល​នៃ​ការធ្វើដំណើរ​មានការ​យឺតយូរ​។ អាហ្នឹង​ហើយ​ជា​កត្តា​មួយ​។ ការសម្រេចចិត្ត​ពី​ក្រុមគ្រួសារ​ផង មានន័យថា ការសម្រេចចិត្ត​ក្នុងការ​បញ្ជូន​ហ្នឹង​យឺតយ៉ាវ​»​។​
 
​លោកស្រី​បន្ថែមថា ឆ្មប​ខ្លះ​មិនទាន់មាន​ជំនាញ​ក្នុងការ​គ្រប់គ្រង ដូច្នេះហើយ​ទើប​មានការ​បណ្តុះបណ្តាល​បន្ថែ​ម​ឲ្យ​ឆ្មប​ទាំងនោះ​ចេះ​គ្រប់គ្រង​ការ​សម្រាលកូន​។​
 
​លោកស្រី​មានប្រសាសន៍ថា​៖
 
«​ពង្រឹងសមត្ថភាព​ដល់​ឆ្មប ដែល​ធ្វើការ​នៅ​មណ្ឌល​សុខភាព ហើយក៏​ដូចជា​ខាង​ក្រសួងសុខាភិបាល​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ពង្រឹង​សមត្ថភាព​ឆ្មប ដើម្បី​ឲ្យ​គាត់​គ្រប់គ្រង​ការ​សម្រាល​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​មណ្ឌល​សុខភាព ហើយ​ឲ្យ​គាត់​ដឹងថា ប្រសិន​ជាមាន​សញ្ញា​គ្រោះថ្នាក់​គឺ​ត្រូវ​ឲ្យ​គាត់​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ឲ្យ​ទាន់ពេល​។ អ៊ីចឹង​វា​អាច​កាត់បន្ថយ​អត្រា​ស្លាប់​បាន​ច្រើន​»​។​
 
​ស្វាមី​របស់​ជនរងគ្រោះ​បាន​អះអាងថា ភរិយា​របស់លោក​មាន​សុខភាព​ល្អ មុនពេល​សម្រាលកូន ហើយ​បាន​ទៅ​មណ្ឌល​សុខភាព​បើក​ថ្នាំ និង​ពិនិត្យ​ផ្ទៃពោះ​ជា​រៀងរាល់ខែ​។​
 
​ករណី​ជនរងគ្រោះ​ឈ្មោះ​ប្រាក់ សុ​ដា ដែល​បាន​ស្លាប់​ក្រោយ​សម្រាលកូន​នេះ ជា​ករណី​ដំបូង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​នៅក្នុង​ខេត្តស្វាយរៀង​។ នេះ​បើ​យោងតាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក កែ រដ្ឋា​។ លោក​បញ្ជាក់ថា បើ​ប្រៀបធៀប​នឹង​១០​ឆ្នាំមុន ករណី​ស្លាប់​នៅក្នុង​ខេត្ត​របស់លោក​មាន​ចន្លោះ​ពី​១៥​ទៅ​១៨​នាក់​ក្នុង​មួយឆ្នាំ​។​
 
​មណ្ឌល​សុខភាព​ឃុំ​នៅ​ទូទាំងប្រទេស​ត្រូវបាន​ក្រសួងសុខាភិបាល​អនុញ្ញាត​ឲ្យ​ផ្តល់​សេវា​សម្រាលកូន​។ ប៉ុន្តែ​ប្រសិនបើ​ករណី​ធ្ងន់ធ្ងរ មណ្ឌល​សុខភាព​ឃុំ​ត្រូវបញ្ជូន​ស្ត្រី​ជា​ម្តាយ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ ដែលមាន​ឧបករណ៍​ច្រើនជាង​មណ្ឌល​សុខភាព​។​
 
​អត្រា​ស្លាប់​មាតា​ពេល​សម្រាលកូន​ធ្លាក់ចុះ​
 
​អត្រា​ស្លាប់​ស្ត្រី​ប្រសូតិ​ទារក​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ឆ្នាំ​២០០៨​គឺ​ធ្លាក់ចុះ​ពី​៤៦០​នាក់​ក្នុងចំណោម​១០​ម៉ឺន​កំណើត​រស់ មក​ត្រឹម​១៧០​នាក់​ក្នុង​ឆ្នាំ​២០១៤​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ធនាគារពិភពលោក (World Bank Data)​។​
 
​ប្រទេស​កម្ពុជា​បានសម្រេច​នូវ​គោលដៅ​របស់​អង្គការសហប្រជាជាតិ ដែល​បានកំណត់​កាត់បន្ថយ​អត្រា​មរណភាព​ស្ត្រី​ពេល​ប្រសូតិ​កូន​យ៉ាងតិច​៧៥​ភាគរយ​នៅ​ឆ្នាំ​២០១៥​។ អត្រា​មរណភាព​ស្ត្រី​ពេល​ប្រសូតិ​កូន​បាន​ធ្លាក់ចុះ​៨៤​ភាគរយ នៅ​ចន្លោះ​ឆ្នាំ​១៩៩០​និង​ឆ្នាំ​២០១៥​។​
 
​ក្រោម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដែល​ត្រូវបាន​កំណត់ដោយ​អង្គការសហប្រជាជាតិ មេដឹកនាំ​ពិភពលោក​បាន​ប្តេជ្ញា​ថា នឹង​កាត់បន្ថយ​អត្រា​មរណភាព​ស្ត្រី​ពេល​ប្រសូតិ​កូន​នៅលើ​ពិភពលោក​មក​ត្រឹមតែ​៧០​នាក់​ក្នុងចំណោម​១០​ម៉ឺន​កំណើត​រស់ នៅត្រឹម​ឆ្នាំ​២០៣០​។​
 
​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​អនុវត្ត​នូវ​កម្មវិធី​លើកទឹកចិត្ត ដោយ​ផ្តល់​ឲ្យ​ឆ្មប​១០​ដុល្លារ​សម្រាប់​ការបង្កើត​កូន​ដោយ​សុវត្ថិភាព​នៅ​មន្ទីរពេទ្យ​ខេត្ត និង​១៥​ដុល្លារ​នៅ​មណ្ឌល​សុខភាព​។ ឆ្មប​ក៏​ត្រូវបាន​បណ្តុះបណ្តាល និង​ត្រូវ​បានដាក់​ឲ្យ​ធ្វើការ​នៅ​តំបន់​ជនបទ ដែល​ករណី​មរណភាព​ស្ត្រី​ពេល​ប្រសូតិ​កូន និង​ទារ​កមាន​ចំនួន​ច្រើន​។​
 
VOA មិនអាច​សុំ​ការឆ្លើយតប​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​អ្នកនាំពាក្យ​លោកស្រី ឱ វណ្ណឌី​ន បាន​នៅឡើយ​ទេ​។​
 
​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ជា​រៀងរាល់ថ្ងៃ ស្ត្រី​ប្រមាណ​៨៣០​នាក់​បាន​ស្លាប់​ដោយសារ​បញ្ហា​ទាក់ទង​នឹង​ផ្ទៃពោះ​និង​ការ​សម្រាលកូន ហើយ​៩៩​ភាគរយ​នៃ​ការស្លាប់​នេះ​បានកើត​ឡើង​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​។​
 
​នៅ​ចន្លោះ​ឆ្នាំ​១៩៩០​ដល់​២០១៥ ករណី​ស្ត្រី​ស្លាប់​ពេល​ប្រសូតិ​ទារក​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​ប្រមាណ​៤៤​ភាគរយ​។ ការស្លាប់​មាតា​នេះ​គឺមាន​អត្រា​ខ្ពស់​ក្នុងចំណោម​ស្ត្រី​ដែល​រស់​នៅតាម​ជនបទ និង​គ្រួសារ​ក្រីក្រ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក​។​
 
​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​
 
​ក្រោយ​មាន​ព័ត៌មាន​ទាក់ទង​នឹង​ស្ត្រី​ស្លាប់​ពេល​សម្រាលកូន ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បាទី និង​ឃុំ​ក្បែរ​នោះ បានចាប់ផ្តើម​ព្រួយបារម្ភ​អំពី​ការ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​។​
 
​អ្នកភូមិ​ម្នាក់​គឺ​អ្នកស្រី ចាប ស្រី អាយុ​៦០​ឆ្នាំ មានប្រសាសន៍ថា អ្នកស្រី​នឹង​បញ្ជូន​កូន​ឬ​សាច់ញាតិ​ទៅ​ពេទ្យ​ខេត្ត​តែម្តង ដោយសារ​បារម្ភ​ខ្លាច​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ពេល​មាន​បញ្ហា​។​
 
​អ្នកស្រី​បាន​ថ្លែងប្រាប់ VOA នៅផ្ទះ​របស់​អ្នកស្រី​ថា​៖
 
«​ខ្ញុំ​និយាយ​យូរហើយ​។ ខ្ញុំ​ថា បើ​ខ្ញុំ​មានកូន​ត្រូវ​កើត​អ៊ីចឹង ខ្ញុំ​មិន​ឲ្យ​នៅ​ហ្នឹង​ទេ ព្រោះ​ថាបើ​នៅ​ហ្នឹង​មានអីៗ គេ​ជួយ​មិនទាន់​អ៊ីចឹង​។ ខ្ញុំ​ទៅ​ស្វាយរៀង បើ​ថា ម៉េចៗ ហើយ​នៅ​ហ្នឹង​តែម្តង​។ អ្នកស្រី​បញ្ជាក់ថា​៖
 
«​វា​[​មណ្ឌល​សុខភាព​]​ជិត វា​ល្អ​ហើយ តែបើ​ម៉េច​ម៉ា យើង​រត់​មិនទាន់​»​។​
 
​នៅក្នុង​ពាក្យបណ្តឹង ក្រុមគ្រួសារ​បានទាមទា​រ​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ចង់​ឲ្យ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​។​
 
​ខណៈ​កំពុង​យោលអង្រឹង​ចៅ  អ្នកស្រី ពុធ សា​បុណ្យ អាយុ​៦៦​ឆ្នាំ ម្តាយ​របស់​ជនរងគ្រោះ បាន​អំពាវនាវ​រក​យុត្តិធម៌​ជូន​កូន ដោយ​អ្នកស្រី​ចាត់ទុកថា នេះ​ជាការ​ធ្វេសប្រហែស​មួយ បណ្តាល​ឲ្យ​កូន​របស់​អ្នកស្រី​ស្លាប់​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖
 
«​រក​យុត្តិធម៌​ដើម្បី​ឲ្យ​យើង​ត្រជាក់ចិត្ត ដើម្បី​ចិញ្ចឹម​ចៅ ព្រោះ​ជីវិត​មនុស្ស យើង​មិនអាច​រក​ទិញ យកលេងសើច​អ៊ីចឹង​ទេ​។ គ្នា ប្រជាជន​សង្ឃឹមលើ​ពេទ្យ អ្នក​ឆ្មប​ដែល​បង្កើត​ហ្នឹងហើយ ផ្ញើ​អាយុជីវិត​ហើយ​ហ្នឹង​។ ឲ្យ​អ្នកធ្វើការ​ហ្នឹង​រក​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ​មក​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com