អន្តរជាតិ
កូរ៉េខាងត្បូងនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ 5G លឿនជាង 4G លើស៤០ដង នៅខែក្រោយ
× កូរ៉េខាងត្បូង នឹងក្លាយជាប្រទេសទីមួយលើពិភពលោកដែលចាប់ផ្តើមដំណើរការបណ្តាញទូរគមនាគមន៍អ៊ីនធឺណិតជំនាន់ទីប្រាំ (5G) នៅខែមីនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Hong Nam-ki នៅថ្ងៃពុធទី២០ ខែកុម្ភៈ។
ការប្រកាសរបស់លោក Hong Nam-ki គឺធ្វើឡើងនៅក្នុងជំនួបមួយក្នុងទីក្រុងសេអ៊ូលជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Yonhap លោក Hong បាននិយាយទៀតថា ក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តឈានមុខរបស់កូរ៉េខាងត្បូង KT Corp និងក្រុមហ៊ុនប្រកួតប្រជែងក្នុងស្រុកពីរផ្សេងទៀត រួមមាន SK Telecom និង LG Uplus នឹងវិនិយោគលុយប្រមាណ ២,៦៦ពាន់លានដុល្លារបន្ថែមទៀតលើប្រព័ន្ធបច្ចេកវិទ្យា 5G ក្នុងឆ្នាំ២០១៩នេះ។
អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង Pyeongchang កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨ ការដាក់សាកល្បងឲ្យប្រើប្រាស់ប្រព័ន្ធ 5G ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន KT Corp ។ សម្រាប់ការការសាកល្បងនេះ គេចាត់ទុកវាជាការសាកល្បងដំបូងបង្អស់លើពិភពលោក។
សម្រាប់ប្រព័ន្ធ 5G ការបញ្ចូល និងទាញទិន្នន័យមានល្បឿនលឿនជាងប្រព័ន្ធបច្ចេកវិទ្យា 4G ចន្លោះពី ៤០ ទៅ ៥០ ដងឯណោះ។ ប្រព័ន្ធនេះត្រូវបានគេរំពឹងថានឹងបើកឱកាសក្នុងការធ្វើជំនួញកាន់តែធំបន្ថែមទៀតសម្រាប់វិស័យសេវាកម្មទូរគមនាគមន៍។
ទន្ទឹមនឹងគ្នានេះ ប្រព័ន្ធទូរសព្ទទំនើបចុងក្រោយនេះ ក៏ជួយសម្រួលដល់ការប្រាស្រ័យទាក់ទងរវាងអ្នកប្រើប្រាស់ឲ្យកាន់តែល្អប្រសើរជាងមុន រួមទាំងបើកចំហទីផ្សារឲ្យកាន់តែធំទូលាយសម្រាប់អាជីវកម្មឧបករណ៍អេឡិចត្រូនិក និងសេវកម្មផងដែរ៕
Tag:
កូរ៉េខាងត្បូង
បច្ចេកវិទ្យា
ប្រព័ន្ធ 5G
© រក្សាសិទ្ធិដោយ thmeythmey.com