ដោយ៖ Matias Andres
ក្រោយទទួលបានផ្លែផ្កាច្រើនពីអាជីពប្រដាល់សេរីនៅក្នុងស្រុកកីឡាករ គង់ សំបូរ ដែលសព្វថ្ងៃហ្វឹកហាត់នៅក្លិប «អាណាចក្រប្រយុទ្ធ» ទទួលបានឱកាសដើម្បីបញ្ចេញស្នាដៃនៅសង្វៀនពិភពលោក ONE Championship នៅថ្ងៃទី២២ ខែកុម្ភៈខាងមុខ។
គង់ សំបូរ បានធ្វើដំណើរទៅដល់សិង្ហបុរីហើយ ក្នុងនោះក៏មានស្ថាបនិកក្លិប KFG លោក Kwok Leung Tsang និងលោកគ្រូបង្វឹក ជា រិទ្ធ ដើម្បីត្រៀមសម្រាប់ការប្រកួតជាមួយដៃគូកីឡាករចិន Zhang Chenlong នាជំនួប kickboxing ក្នុងទម្ងន់ ៦៥គីឡូក្រាម។
លោក Kwok Leung ម្ចាស់ក្លិប KFG រៀបរាប់ថា៖«នេះជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់គាត់។ នេះជាលើកទីមួយរបស់សំបូរដែលបានទៅប្រកួតនៅសិង្ហបុរី»។
អ្នកប្រដាល់កម្ពុជា វ័យ២៣ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តសៀមរាបរូបនេះ ដំបូងឡើយត្រូវបានគេដាក់ឲ្យប្រកួតក្នុងតារាងគូបឋម ប៉ុន្តែត្រូវដូរឲ្យប្រកួតក្នុងតារាងគូសំខាន់វិញ ដែលរិតតែទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនទូទាំងពិភពលោកកាន់តែខ្លាំងថែមទៀត។
មុនការប្រកួតខាងមុខនេះ ក្រុមការងារទាំងមូលបានសិក្សាស្នៀតត្រៀមទប់ទល់គូប្រកួតភាគីចិនយ៉ាងហ្មត់ចត់ ហើយបង្ហើបថាមានគម្រោងធ្វើឲ្យជនរួមជាតិភ្ញាក់ផ្អើលតែម្តង។
Kwok Leung ពន្យល់ថា៖ «បើសិនប្រៀបធៀបគុនខ្មែរទូទៅ ជាមួយ kickboxing វាខុសគ្នាខ្លាំងខាងល្បឿនទាត់។ យើងនឹងបង្កើនល្បឿនចូលពីស្នៀតមួយទៅមួយទៀតឲ្យរហ័ស បន្តចូលរហូតដៃគូអត់មានឱកាស កាត់បន្ថយការចាំ និងកាត់បន្ថយការរង»។
សំបូរ និងក្រុមទាំងមូលទទួលស្គាល់ថា Zhang ជាកីឡាករល្អម្នាក់ ជាពិសេសមានគេសរសើរច្រើននៅក្នុងស្ថាប័នប្រដាល់ដូចជា GLORY Kickboxing ជាដើម។ ទោះយ៉ាងនោះក្តី ពួកគេទទួលស្វាគនម៍ជានិច្ចនូវការប្រកួតលើកដំបូងនេះ ហើយសន្យាថានឹងធ្វើឲ្យបានប្រសើរផងដែរ។
«Zhang ជាអ្នកប្រដាល់យ៉ាងកម្រោល និងចូលមិនចេះថយ។ អ្នកទស្សនាគេចូលចិត្តអ្នកប្រយុទ្ធបែបនេះ ហើយនោះគឺអ្វីដែលយើងនឹងបង្ហាញ»។
កម្ពុជា កំពុងមានសន្ទុះខាងចលនាអ្នកស្នេហាវិស័យក្បាច់គុនច្រើនសម្បើមណាស់ក្នុងរយៈពេលចុងក្រោយ។ អំឡុងពេលឆ្លងឆ្នាំ២០១៨ ចូល២០១៩ កម្ពុជាបានទទួលការកោតសរសើរខ្ពស់នៅសង្វៀននាព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ រីឯថ្មីៗនេះដែរ នៅ ស្រីពៅ ក៏បានបំបាក់តារាប្រដាល់ដ៏ល្បី Rika Ishige នៅក្រុងបាងកក រឹតតែធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង។
Kwok Leung ពោលថា៖ «កម្ពុជាកំពុងឡើងកូដហើយ ឥឡូវមានកីឡាករច្រើនណាស់ក្នុងស្ថាប័ន ONE។ វាល្អម្យ៉ាង ហើយក៏រំភើបពេលឃើញបែបនេះដែរ»។
ដោយមានវត្តមានកីឡាករកម្ពុជា គង់ សំបូរ និង ខុន ស៊ីចាន់ នឹងប្រកួតនៅឯកីឡដ្ឋានក្នុងប្រទេសសិង្ហបុរីនេះ កម្ពុជាប្រាកដជាអាចបង្ហាញពិភពលោកកាន់តែច្បាស់ទៀតពីភាពខ្លាំងខ្លារបស់គុនខ្មែរ និងកីឡាករកម្ពុជា។
ម្ចាស់ក្លិប KFG បញ្ជាក់ថា៖ «យើងមកនេះដើម្បីតំណាងឲ្យកម្ពុជា ហើយយើងនឹងប្រកួតឲ្យកក្រើកសង្វៀនតែម្តង»៕