អន្តរជាតិ
សេវាកម្ម​ដឹកជញ្ជូន​ពិសេស​សម្រាប់​សត្វ​ច​ញ្ចឹ​ម ត្រូវដាក់​ឲ្យ​ប្រើប្រាស់​នៅ​សិង្ហ​បុរី
21, Feb 2019 , 4:38 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន Grab នៅ​ថ្ងៃទី​២០​ខែកុម្ភៈ បានដាក់​ដំណើរការ​កម្មវិធី​ទូរ​សព្ទ​ថ្មី​មួយ​របស់ខ្លួន​ឈ្មោះថា GrabPet ក្នុងប្រទេស​សិង្ហ​បុរី​។ ជាមួយ​កម្មវិធី​ថ្មី​នេះ ម្ចាស់​សត្វ​ច​ញ្ចឹ​ម នឹង​ទទួលបាន​ភាពងាយស្រួល​ជាង​មុន ក្នុងការ​ដឹកជញ្ជូន​ស​ត្វ​ជាទី​ស្រលាញ់​របស់​ពួកគេ​ទៅគ្រប់​ទីកន្លែង​ក្នុងតម្លៃ​សមរម្យ​។​

 
​ជាមួយ​សេវាកម្ម​ថ្មី​នេះ អ្នកដំណើរ​អាច​ហៅ​អ្នកបើកបរ​រថយន្ត Grab ដែល​ធ្លាប់​ទទួលបាន​ការហ្វឹកហាត់​ជំនាញ​គ្រប់គ្រង​សត្វ ហើយ​ពួកគេ​គឺ​សុទ្ធតែ​រីករាយ​នឹង​ទទួល​ស្វាគមន៍​សត្វ​ច​ញ្ចឹ​ម​របស់​អ្នកដំណើរ ឲ្យ​ចូល​ជិះ​ក្នុង​យានយន្ត​របស់​ពួកគេ​។ ចំណែក​តម្លៃ​វិញ​គឺ​គិត​ចាប់ពី​១០​ដុល្លារ​ឡើងទៅ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel NewsAsia ។ 
 
​សេចក្តី​ថ្លែង​កាណ៍​របស់​ក្រុមហ៊ុន  Grab បញ្ជាក់ថា រាល់​សត្វ​ច​ញ្ចឹ​ម​តាម​ផ្ទះ​ទាំងអស់ ដែល​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ដោយ​អាជ្ញាធរ​ទ​ទួ​ក​បន្ទុក​ផ្នែក​ថែទាំ​សត្វ​និង​ក​សិ​អាហារ​ក្នុងប្រទេស​សិង្ហ​បុរី នឹងត្រូវ​អនុញ្ញាត​ឲ្យ​ជិះ​លើ​រថយន្ត GrabPet ប៉ុន្តែ​លើកលែង​សត្វ​ស្លាប​មួយ​ចេញ ព្រោះថា ម៉ាស៊ីនត្រជាក់​នៅក្នុង​យានយន្ត​អាច​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ប្រភេទ​នេះ​។ យ៉ាងណាមិញ រាល់​សត្វ​ច​ញ្ចឹ​ម​ទាំងអស់​គឺ​តម្រូវ​ឲ្យ​ជិះ​អមដោយ​ម្ចាស់​។ 
 
​យោងតាម​ក្រុមហ៊ុន  Grab ដៃគូ​អ្នកបើកបរ​ជាច្រើន​រយ​នាក់​របស់ខ្លួន គឺ​សុទ្ធតែ​ទទួលបាន​ការហ្វឹកហាត់​រួចរាល់​សម្រាប់​សេវាកម្ម​ថ្មី​នេះ​។ យានយន្ត​របស់​ពួកគេ នឹងត្រូវ​បំពាក់​ដោយ​ឧបករណ៍​ចាំបាច់​មួយចំនួន រួមមាន គម្រប​កៅអី​ផ្នែក​ខាងក្រោយ​, ក្រណាត់​ពោះគោ​ទន់ៗ និង​ឧបករណ៍​កម្ចាត់​ខ្យល់​កខ្វក់​ជាដើម​។​
 
​លើសពីនេះ ក្រុមហ៊ុន Grab ក៏​ផ្តល់ជូន​បន្ថែម​នូវ​ការធានារ៉ាប់រង​សម្រាប់​សត្វ​ច​ញ្ចឹ​ម​, អ្នកដំណើរ និង​ដៃគូ​អ្នកបើកបរ ដែល​ប្រើប្រាស់​សេវាកម្ម GrabPet ។ អ្វីដែល​ពិសេស​នោះ ដើម្បី​អបអរ​ដល់​ការដាក់​ដំណើរការ​កម្មវិធី GrabPet ក្នុងប្រទេស​សិង្ហ​បុរី ក្រុមហ៊ុន Grab នឹង​បរិច្ចាគ​លុយ​ប្រមាណ ២,២២​ដុល្លារ រៀងរាល់​ការ​ជិះ​ដោយ​ប្រើប្រាស់​សេវាកម្ម​ថ្មី​នេះ ទៅដល់​អង្គការ​សង្គម​ដើម្បី​ការពារ​ការធ្វើ​បាប​លើ​សត្វ​ច​ញ្ចឹ​ម គិត​ចាប់ពី​ខែក្រោយ​ទៅ​។ 
 
​កាលពីពេល​កន្លងទៅ អ្នកដំណើរ​ក៏​អាច​ដឹកជញ្ជូន​សត្វ​ច​ញ្ចឹ​ម​របស់​ពួកគេ ជាមួយនឹង​សេវាកម្ម uberPET របស់​ក្រុមហ៊ុន Uber ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ខែតុលា ឆ្នាំ​២០១៧​។ យ៉ាងណាមិញ សេវាកម្ម​នេះ​ត្រូវបាន​បញ្ឈប់​ទៅវិញ ក្រោយពី​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Uber ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវបាន​ទិញយក​ដោយ​ក្រុមហ៊ុន Uber កាលពី​ឆ្នាំមុន​៕
 

Tag:
 សិង្ហ​បុរី​
  Grab
© រក្សាសិទ្ធិដោយ thmeythmey.com