អន្តរជាតិ
នៅ​អូស្ត្រាលី បុរស​ម្នាក់​ត្រូវ​ជាប់គុក​មួយជីវិត ក្រោយ​បើកឡាន​បុក​រះ​ស្លាប់​មនុស្ស​៦​នាក់​
22, Feb 2019 , 12:03 pm        
រូបភាព
ជនបង្កនោះ មានឈ្មោះថា James Gargasoulas អាយុ ២៩ឆ្នាំ (រូបថត៖ AFP)
ជនបង្កនោះ មានឈ្មោះថា James Gargasoulas អាយុ ២៩ឆ្នាំ (រូបថត៖ AFP)
ដោយ:
​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​បាន​បើក​រថយន្តបុក​រះ​ចូលទៅ​ផ្លូវ​ក្នុង​ទីប្រជុំជន​មួយកន្លែង​នៅ​កណ្តាល​ក្រុង Melbourne កាលពី​ឆ្នាំ​២០១៧ និង​សម្លាប់​មនុស្ស​៦​នាក់​ផង​នោះ ត្រូវបាន​តុលាការ សម្រេច​ឲ្យ​ជាប់ពន្ធ​ធនាគារ​អស់​មួយជីវិត​។ នេះ​បើតាម​ការបញ្ជាក់​របស់​តុលាការ​កំពូល​រដ្ឋ Victorian នៅ​ថ្ងៃ​សុក្រ​ទី​២២ ខែកុម្ភៈ​។​

 
​ជនបង្ក​នោះ មាន​ឈ្មោះថា James Gargasoulas អាយុ ២៩​ឆ្នាំ ត្រូវបាន​តុលាការ​សម្រេច​ដាក់​ពន្ធ​ធនាគារ​អស់​មួយជីវិត​ពីបទ​មនុស្សឃាត ក្នុង​ហេតុការណ៍​បុក​រះ​កាលពី​២​ឆ្នាំមុន​។ ហើយ​ក្នុងចំណោម​អ្នក​បាត់​បង់ជីវិត​ទាំង​៦​នាក់​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​ខាងលើ ក៏មាន​ទារក​និង​ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​ផងដែរ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​ចៅ​ក្រុម Mark Weinberg នៃ​តុលាការ​កំពូល​អូស្ត្រាលី បាន​និយាយថា​៖«​នេះ​គឺ​ករណី​ឃាតកម្ម​ដ៏​អាក្រក់​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​អូស្ត្រាលី​»​។ 
 
​លោក Weinberg បាន​ប្រាប់​ទៅកាន់​បុរស​ជា​ជនបង្ក​នោះ នៅពេល​ប្រកាស​សាលក្រម​ថា រឿង​ដ៏​រន្ធត់​ដែល​អ្នក​បាន​បង្កឡើង វា​នឹង​ជះឥទ្ធិពល​ដល់​ជីវិត​ប្រជាជន​ជាច្រើន​នាក់​ដែលមាន​វត្តមាន​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នោះ រួមទាំង​អ្នក​ដែល​មើលឃើញ​សកម្មភាព​របស់​អ្នក និង​លទ្ធផល​ដ៏​អាក្រក់​ក្រោយ​ហេតុការណ៍​នេះ​ផងដែរ​។​
 
​ទាក់ទិន​នឹង​រឿងនេះ សមត្ថកិច្ច​បាន​និយាយថា ឧបទ្ទវហេតុ​បុក​រះ​នេះ​គឺ​មិន​ពាក់ព័ន្ធ​នឹង​រឿង​ភេរវកម្ម​នោះទេ​។ សមត្ថកិច្ច បន្តទៀតថា ជនបង្ក​ធ្លាប់មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​ដែល​រួមមាន​អំពើហិង្សា​ក្នុង​គ្រួសារ​។ ម្យ៉ាងវិញទៀត​បុរស​រូប​នេះ​បាន​សេព​គ្រឿងញៀន​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ហេតុការណ៍​បុក​រះ​ខាងលើនេះ​គឺជា​ការសម្លាប់​ទ្រង់ទ្រាយ​ធំ​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អូស្ត្រាលី គិត​ចាប់ពី​ឆ្នាំ​១៩៩៦​មក ពោលគឺ​ហេតុការណ៍​សម្លាប់​រង្គាល​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ Port Arthur ភាគខាងត្បូង​នៃ​ទីក្រុង Tasmania ។ ក្នុង​ហេតុការណ៍​នេះ មនុស្ស​ចំនួន ៣៥​នាក់​ត្រូវបាន​គេ​បាញ់សម្លាប់​៕ 

Tag:
 អូស្ត្រាលី​
  គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com