អន្តរជាតិ
វ៉េ​ណេ​ស៊ុយ​អេ​ឡា​បិទ​ព្រំដែន​ជាមួយ​ប្រេ​ស៊ី​ល ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​ជំនួយ​អាមេរិក​
22, Feb 2019 , 9:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បានចេញ​បញ្ជា​បិទ​ព្រំដែន​ជាមួយ​ប្រេ​ស៊ី​ល ដែលជា​ប្រទេស​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ។ ការបិទ​ព្រំដែន​នេះ ជា​វិធានការ​ទប់ស្កាត់​ការដឹកជញ្ជូន​ជំនួយ​ចូល​ទឹកដី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តាម​ច្រកព្រំដែន​ប្រេ​ស៊ី​ល ខណៈ​លោក ម៉ា​ឌុយ​រ៉ូ អះអាងថា ជំនួយ​ទាំងនោះ​ជា​ផ្នែក​មួយ​នៃ​អន្តរាគមន៍​យោធា​អាមេរិក​។ មិន​ត្រឹម​ព្រំដែន​ជាមួយ​ប្រេ​ស៊ី​ល​ឡើយ ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី ក៏​អាច​នឹង​បិទ​ដែរ​។​

 
​ព្រំដែន​ដែនអាកាស និង​សមុទ្រ ត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​២១ ខែកុម្ភៈ​តទៅ​រហូត​មាន​បទបញ្ជា​ថ្មី​។ នេះ​ជា​បញ្ជា​របស់​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទៅកាន់​យោធា​ប្រទេស​នេះ​។ ការ​រឹតត្បិត​នេះ ធ្វើឡើង​ស្របពេល​ដែល​អាមេរិក​កំពុង​ព្យាយាម​បញ្ជូន​ជំនួយ​មនុស្ស​ទៅកាន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តាម​សំណើ​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ដែល​អះអាងថា ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ជួប​បញ្ហា​បន្ទាន់ ប៉ុន្តែ​លោក ម៉ា​ឌុយ​រ៉ូ ថា គ្មាន​វិបត្តិ​មនុស្សធម៌​នៅ​ប្រទេស​លោក​ឡើយ​។​
 
​មិនមែន​តែ​ប្រេ​ស៊ី​ល​ឡើយ លោក ម៉ា​ឌុយ​រ៉ូ ក៏​លើកឡើង​ពី​លទ្ធភាព​ក្នុង​ការបិទ​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី​ទាំងស្រុង​ដែរ ខណៈ​ព្រំដែន​ត្រូវបាន​រាំងខ្ទប់​ពី​សំណាក់​យោធា​ជាស្រេច​ហើយ​នោះ​។ លោក ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នោះ បាន​ចាក​ចេញពី​រដ្ឋធានី​កា​រ៉ា​កាស់​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី​ជាទី​ដែល​ជំនួយ​មនុស្សធម៌​របស់​អាមេរិក​ជាប់គាំង​នៅ​ម្ខាង​ទៀត​នៃ​ព្រំដែន ដើម្បី​នាំយក​ជំនួយ​បន្ទាន់​សម្រាប់​ប្រជាជន​។​
 
​តាមពិតទៅ លោក ម៉ា​ឌុយ​រ៉ូ បារម្ភ​ថា អាមេរិក​អាច​ប្រើប្រាស់​ក្បូន​ដឹកជញ្ជូន​ជំនួយ​នេះ​ជា​លេស ដើម្បី​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ក្រុមប្រឆាំង សំដៅ​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ខ្លួន​។ ប្រេសិត​ពិសេស​អាមេរិក​ប្រចាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ទើប​តែងតាំង Elliott Abrams ធ្លាប់មាន​ប្រវត្តិ​ប្រើ​រថយន្ត​ដឹក​ជំនួយ​ដើម្បី​បង្កប់​អាវុធ​ក្នុង​គោលដៅ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ប្រទេស​នៅ​អាមេរិក​ឡាទីន​។ ក្រុង​កា​រ៉ា​កាស់​ជឿថា ក្រុង​វ៉ាស៊ីនតោន​កំពុង​ដើរ​តាមផ្លូវ​នេះ​ទៀត​។​
 
​យ៉ាងណាមិញ ក្នុង​គោលដៅ​ទាញយក​ប្រជាប្រិយភាព​ដូច​លោក ក្វៃ​ដូ នោះ លោក ម៉ា​ឌុយ​រ៉ូ ក៏​បញ្ជា​ឲ្យ​ដឹកជញ្ជូន​អាហារ​ជាច្រើន​ទៅ​ឲ្យ​ប្រជាជន​ស្រេកឃ្លាន​នៅ​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី​។ ប្រកែក​មិន​ទទួល​ជំនួយ​របស់​អាមេរិក នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដដែល ក៏​ប្រកាស​ពី​ការទទួល​ជំនួយ​មនុស្សធម៌​ជា​ថ្នាំសង្កូវ​ប្រមាណ​៧,៥​តោន​ពី​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់ខ្លួន​។ 
 
​លោក ម៉ា​ឌុយ​រ៉ូ បាន​អរគុណ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ជា​អនេក​ចំពោះ​ការបញ្ជូន​ជំនួយ​នេះ និង​ថា វា​ជួយ​ដល់​ប្រព័ន្ធ​នាំចូល​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​រឹតត្បិត​ដោយ​អាមេរិក​។ មិន​ត្រឹម​រុស្ស៊ី មេដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ​បញ្ជាក់ថា ចិន គុយបា ឥណ្ឌា តួ​ក​គី និង​សូម្បី​ប៉ា​ឡេ​ស្ទី​ន​ក៏បានផ្ដល់​ជំនួយ​ឲ្យ​រដ្ឋាភិបាល​របស់លោក​ដែរ​៕

Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ប្រេ​ស៊ី​ល​
  កូ​ឡុំ​ប៊ី​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com