អន្តរជាតិ
WB ចង់​ចែករំលែក​បទពិសោធន៍​សេដ្ឋកិច្ច​ជោគជ័យ​វៀតណាម​ដល់​ប្រទេស​ដទៃ​
24, Feb 2019 , 9:59 am        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc  (ស្តាំ) ចាប់ដៃជាមួយ អនុប្រធានទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធនៃធនាគារពិភពលោក នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ២១​ ខែកុម្ភៈ ឆ្នាំ២០១៩
នាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc (ស្តាំ) ចាប់ដៃជាមួយ អនុប្រធានទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធនៃធនាគារពិភពលោក នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ២១​ ខែកុម្ភៈ ឆ្នាំ២០១៩
ដោយ:
​ធនាគារពិភពលោក ចង់យក​បទពិសោធន៍​ជោគជ័យ​ខាង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​វៀតណាម​ទៅ​ចែករំលែក​ជាមួយ​បណ្តា​ប្រទេស​​ផ្សេងទៀត​នៅក្នុង​តំបន់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Makhtar Diop អនុប្រធាន​ទទួលបន្ទុក​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ធនាគារពិភពលោក ដោយ​សង្កត់ធ្ងន់ថា ខ្លួន​ប្តេជ្ញា​ជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ជាមួយ​វៀតណាម​ថែម​ទៀតផង​។​

 
​អំឡុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyễn Xuân Phúc នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១ ខែកុម្ភៈ នាទី​ក្រុង​ហាណូយ លោក Makhtar បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​វៀតណាម​ក្នុង​កំណើនសេដ្ឋកិច្ច និង​សុខមាលភាព​សង្គម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News ។​
 
​ប្រទេស​ជាច្រើន​អាច​រៀនសូត្រ​ពីបទ​ពិសោធន៍​របស់​វៀ​ត​ណា​ម​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម ខណៈ​ធានាបាន​នូវ​ស្ថិរភាព​សង្គម​និង​ម៉ាក្រូសេដ្ឋកិច្ច​ថែម​ទៀតផង​។ នេះ​បើតាម​ការបញ្ជាក់​របស់ Makhtar ដោយ​សង្ឃឹមថា វៀតណាម​ក៏​នឹង​បន្ត​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​តំបន់​និង​អនុតំបន់​ផងដែរ​។​
 
​ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​អរគុណ​ធនាគារពិភពលោក​សម្រាប់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​វៀតណាម​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​ជាដើម​។ លោក​ថា វៀតណាម​ប្តេជ្ញា​នឹង​បំពេញ​តាម​រាល់​កិច្ចព្រមព្រៀង​ដែល​ខ្លួន​មាន ជាមួយ​ធនាគារពិភពលោក​។​
 
​បើតាម​លោក Phúc បច្ចុប្បន្ននេះ​វៀតណាម​ត្រូវការ​ទុនវិនិយោគ​ច្រើន​សម្រាប់​ការអភិវឌ្ឍ​។ ត្រង់នេះ លោក​ស្នើសុំ​ជំនួយ​ពី​ធនាគារពិភពលោក​ក្នុង​ការសម្រេចគោលដៅ​អភិវឌ្ឍ​វិស័យ​ចម្បងៗ​រួមមាន ថាមពលបៃតង​,​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​ស្ថាប័ន​ដែល​ស្ថិតក្រោម​ទម្រង់​វិនិយោគ​ភាពជា​ដៃគូ​រដ្ឋ​-​ឯកជន​។ បន្ថែម​ពីនេះ មេដឹកនាំ​វៀតណាម​រូបនេះ​សង្ឃឹមថា ធនាគារពិភពលោក​នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​លោក ដើម្បី​ផ្តល់នូវ​ជំនួយ​ផ្នែក​បច្ចេកទេស និង​ជំនួយឥតសំណង​ជាដើម​អំឡុង​ការអភិវឌ្ឍ​របស់ខ្លួន​៕​
 

Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com