អន្តរជាតិ
វៀតណាម ត្រៀម​អស់ហើយ​ដើម្បី​ទទួល​លោក ត្រាំ និង​លោក គីម​
25, Feb 2019 , 10:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បានប្រកាសថា ខ្លួន​ត្រៀម​រួចស្រេច​អស់ហើយ​ក្នុងការ​រៀបចំ​ជំនួប​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង ទោះជា​មាន​ពេល​ខ្លី​ក៏ដោយ​។ អនុរដ្ឋមន្ត្រី​ការបរទេស​វៀ​ណា​ម Le Hoai Trung អះអាងថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ វៀតណាម​ប្ដេជ្ញា​ធ្វើ​ឲ្យ​ជំនួប​លើក​នេះ​ទទួលបាន​ជោគជ័យ ប៉ុន្តែ​លទ្ធផល​យ៉ាងណា គឺ​អាស្រ័យ​លើ​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ប៉ុណ្ណោះ​។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៥ ខែកុម្ភៈ អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម Le Hoai Trung និយាយ ការរៀបចំ​ទាំងអស់​បាន​ចប់សព្វគ្រប់​ហើយ​។ វៀតណាម​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន បានរៀបចំ​មួយ​កំ​ប្លេ​រ​តែម្ដង​ទាំង​ការងារ​សន្តិសុខ ទីតាំង​ជំនួប និង​កន្លែង​ស្នាក់នៅ​សម្រាប់​ប្រតិភូ​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​មន្ត្រី​រូបនេះ​លើកឡើងថា វា​មិនមែនជា​ងាយស្រួល​សម្រាប់​វៀតណាម​ឡើយ​។​
 
​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​សម្រាប់​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង មន្ត្រី​ក្រសួងការបរទេស​វៀត​ណា​ម​រូបនេះ​បញ្ជាក់ថា វៀតណាម​មាន​ពេល​ខ្លី​ក្នុង​ការរៀបចំ​ជំនួប​នេះ​។ វៀតណាម​ត្រូវបាន​ជូនដំណឹង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​ពី​ការសម្រេចចិត្ត​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ ហើយពីរ​ថ្ងៃ​បន្ទាប់ ក៏​ទទួលបាន​ព័ត៌មាន​បន្ថែមថា រដ្ឋធានី​ហាណូយ ជាទី​តាំង​រៀប​ចំនួប​នេះ​។ លោក Le បន្ថែមថា វៀតណាម​ទទួលបាន​ព័ត៌មាន​លម្អិត​ផ្សេងៗ​នៅត្រឹម​កណ្ដាល​ខែកុម្ភៈ​ប៉ុណ្ណោះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​កាលពី​ជំនួប​លើក​ទី​១ នៅ​សិង្ហ​បុរី​នោះ បុរី​រដ្ឋ​មួយ​នេះ​មាន​ពេលវេលា​ច្រើន​ដើម្បី​រៀបចំ​ឲ្យ​ស្រេចបាច់​កិច្ចការ​ចាំបាច់​បម្រើ​ដល់​ការជួប​ចរចា​រវាង​លោក ត្រាំ និង​លោក គីម ។ ទោះ​មាន​ពេល​ខ្លី​មែន អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ខាងលើ​សង្កត់​ធ្ងន់​ថា អាជ្ញាធរ និង​ប្រជាជន​វៀតណាម នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ភាពជោគជ័យ​នៃ​ជំនួប​នេះ ហើយ​វា​ក៏​ជា​កិត្តិយស និង​ជា​ឱកាស​សម្រាប់​វៀ​ណា​ម​បង្ហាញ​ពិភពលោក​ពីអ្វី​ដែល​បានធ្វើ​កន្លងមក​។​
 
​លោក គីម ជុង​អ៊ុន ដែល​ចាក​ចេញពី​រដ្ឋធានី​ព្យុងយ៉ាង​តាំងពី​ល្ងាច​ថ្ងៃទី​២៣ ខែកុម្ភៈ នឹង​ទៅដល់​ទឹកដី​វៀតណាម​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​។ ត្រឹម​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ រថភ្លើង​ដឹក​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង កំពុងស្ថិត​ក្នុង​ទឹកដី​ចិន​នៅឡើយ ក្នុង​ដំណើរ​ទៅកាន់​វៀតណាម​។ ទៅដល់​ស្ថានីយ៍​រថភ្លើង Dong Dang របស់​វៀតណាម​ជាប់​ព្រំដែន​ចិន លោក គីម នឹង​បន្តដំណើរ​តាម​រថយន្ត​ឆ្ពោះទៅកាន់​រដ្ឋធានី​ហាណូយ​តែម្ដង​។​
 
​ចំណែក​លោក ត្រាំ វិញ នឹង​ទៅដល់​វៀតណាម​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ មុន​ជំនួប​ជាមួយ​លោក គីម មួយថ្ងៃ​។ ដូច​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​រាល់ដង ប្រធានាធិបតី​អាមេរិក នឹងធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស Air Force One ។ រដ្ឋាភិបាល​វៀតណាម​ប្រកាសថា លោក ត្រាំ នឹង​ស្នាក់នៅ​ហា​ណូ​ចំនួន​ពីរ​យប់ ដោយ​គ្រោង​ជួប​ថ្នាក់ដឹកនាំ​វៀតណាម​សំខាន់ៗ​ផងដែរ មុននឹង​ជួប​តទល់​ជាមួយ​លោក គីម នៅ​ពីរ​ថ្ងៃ​បន្ទាប់​៕  
 

Tag:
 វៀតណាម​
  អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com