សិង្ហ​បុរី​ដំឡើងថ្លៃ​ពិន័យ​អ្នកបើកបរ និង​ថ្មើរជើង រួមទាំង​អ្នក​ចូលចិត្ត​បត់​ត្រឡប់ក្រោយ​
រថយន្ត
អន្តរជាតិ
សិង្ហ​បុរី​ដំឡើងថ្លៃ​ពិន័យ​អ្នកបើកបរ និង​ថ្មើរជើង រួមទាំង​អ្នក​ចូលចិត្ត​បត់​ត្រឡប់ក្រោយ​
25, Feb 2019 , 8:39 pm        
រូបភាព
​ចាប់ពី​ខែមេសា​តទៅ សិង្ហ​បុរី​នឹង​ដំឡើងថ្លៃ​ផាកពិន័យ​សម្រាប់​អ្នកបើកបរ​ឡាន ម៉ូតូ កង់ និង​ថ្មើរជើង​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ត្រឹមត្រូវ​។ ការដំឡើង​ទឹកប្រាក់​ផាកពិន័យ​នេះ ជាការ​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​ជន​បំពាន និង​ពង្រឹង​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​តាម​ដងផ្លូវ​ផងដែរ​។ នេះ​ជា ក៏​លើកដំបូង​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​ដែល​សិង្ហ​បុរី​ផ្លាស់ប្ដូរ​តម្លៃ​ផាកពិន័យ​អ្នកបើក​យានយន្ត​តាមផ្លូវ​បែបនេះ​។​

 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​២១ ខែកុម្ភៈ ក្រសួងមហាផ្ទៃ​សិង្ហ​បុរី​បញ្ជាក់ថា ការដំឡើងថ្លៃ​ផាកពិន័យ ជាការ​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ការកើនឡើង​បទល្មើស​លើ​ដងផ្លូវ​ផង​។ បើតាម​សេចក្ដីប្រកាស​ដដែល វិធានការ​ថ្មី​នេះ ជា​រឿង​ចាំបាច់​ដើម្បី​លុបបំបាត់​ដើមចម​នៃ​គ្រោះថ្នាក់ និង​ជាការ​បញ្ចៀស​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែលមាន​មនុស្ស​ស្លាប់ ឬ​របួស ប៉ុន្តែ​បទល្មើស​ស្រាល និង​មិន​បង្ក​គ្រោះថ្នាក់​អ្នកដទៃ នឹងរង​ការពិន័យ​តិចតួច​។​
 
​នៅ​សិង្ហ​បុរី សកម្មភាព​បំពាន​ច្បាប់​ចរាចរណ៍​ណាមួយ នឹងរង​ការពិន័យ​ជា​ពិន្ទុ​។ ការពិន័យ​ជា​ទឹកប្រាក់ គឺ​ប្រែប្រួល​តាម​ពិន្ទុ​ពិន័យ​ដែល​ទទួល គឺ​បើ​បុគ្គល​ណា​ប្រព្រឹត្ត​បទល្មើស​ដែល​ទទួល​ពិន្ទុ​ពិន័យ​តិច ការពិន័យ​ជា​ប្រាក់​ក៏​តិច បើ​ប្រើ​រង​ការពិន័យ​ជា​ពិន្ទុ​ច្រើន ក៏ត្រូវ​បង់ថ្លៃ​ពិន័យ​តាម​នោះដែរ​។​
 
​ក្នុងការ​ដំឡើងថ្លៃ​ពិន័យ​ថ្មី​ដែល​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមេសា​ខាងមុខ អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ដែល​ល្មើសច្បាប់ ជាពិសេស​ការបត់​ត្រឡប់ក្រោយ​ភ្លាមៗ ដែលជា​បទល្មើស​មាន​ពិន្ទុ​ពិន័យ​សូន្យ នឹងត្រូវ​រង​ពិន័យ​ចំនួន​៧៣,៩២​ដុល្លារ​អាមេរិក ខណៈ​អ្នកបើករ​រថយន្ត​ធុន​ធ្ងន់​អាច​រង​ពិន័យ​ដល់​ទៅ​១១០,៨៨​ដុល្លារ​។ ការមិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ពេល​បើកបរ រង​ការពិន័យ​បួន​ពិន្ទុ ហើយ​ត្រូវ​បង់ថ្លៃ​ពិន័យ​ពី​១១០,៨៨ ដុល្លារ​សម្រាប់​រថយន្ត​ធុន​ស្រាល និង​១៨៤,៨០​ដុល្លារ​។​
 
​ការបើកបរ​បំពាន​ភ្លើង​សញ្ញា​ចរាច​ចរណ៍​ក្រហម ជា​បទល្មើស​មាន​ពិន្ទុ​ពិន័យ​១២ នឹងត្រូវ​រង​ការពិន័យ​ជា​ប្រាក់​ចំនួន​៣៣២,៦៤​ដុល្លារ​អាមេរិក​សម្រាប់​ឡាន​ធុន​ស្រាល និង​៣៦៩,៦១​ដុល្លារ​អាម​រិ​ក​សម្រាប់​ឡាន​ធុន​ធ្ងន់​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewAsia ។ 
 
​ជា​លើកដំបូង​ក្នុងពេល​ច្រើនជាង​២០​ឆ្នាំ សិង្ហ​បុរី​ក៏​សម្រេចចិត្ត​បង្កើន​ប្រាក់​ពិន័យ​អ្នកបើក​ម៉ូតូ និង​ថ្មើរជើង​ដែល​មិន​គោរព​ច្បាប់​ដែរ​។ ក្នុង​វិធានការ​ថ្មី​នេះ ការឆ្លង​ផ្លូវ​តែ​មិន​ដើរកាត់​គំនូស​សម្រាប់​ថ្មើរជើង នឹងត្រូវ​ពិន័យ​ចំនួន​៣៦,៩៦​ដុល្លារ​អាមេរិក ហើយ​បើ​ដើរចូល​ផ្លូវ​ល្បឿន​លឿន អាច​ត្រូវ​ពិន័យ​ទឹកប្រាក់​ចំនួន​៥៥,៤៤​ដុល្លារ​អាមេរិក​។ សម្រាប់​អ្នកជិះ​កង់​វិញ បើ​មិន​ពាក់មួក​សុវត្ថិភាព ឬ​មិន​ឈប់​ត្រង់​ភ្លើង​សញ្ញា​ចរាចរណ៍ នឹងត្រូវ​ផាក​ចំនួន​៥៥,៤៤​ដុល្លារ​ដែរ​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com