កីឡាជាតិ
ជាតិ
ក្រុមកីឡា​បាល់ទាត់​នារី U-19 ប្រកួត​មិត្តភាព​ក្នុង​កម្មវិធី Jenesys នៅ​ជប៉ុន​រយៈពេល​១០​ថ្ងៃ​
26, Feb 2019 , 11:37 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​នារី​ក្រោម​អាយុ​១៩​ឆ្នាំ​កម្ពុជា ចំនួន​១៨​រូប រួមទាំង​ថ្នាក់ដឹកនាំ​៥​រូប ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ ក្រោម​កម្មវិធី «​ផ្លាស់ប្តូរ​យុវជន Jenesys ២០១៨» ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ខែកុម្ភៈ ដល់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩​។​

 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ក្រសួងការបរទេស​ជ​ប៉ុន​ក៏បាន​អញ្ជើញ​ក្រុម U-19 នារី ចំនួន​៦​ក្រុម​ផ្សេងទៀត​ពី​តំបន់​អាស៊ាន​ដែល​រួមមាន ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សិង្ហ​បុរី ថៃ និង​វៀតណាម​ទៅ​ចូលរួម​ផងដែរ​។​
 
​ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត និង​យុវជន​ជប៉ុន ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា Jenesys 2018 ក្នុង​រយៈពេល​១០​ថ្ងៃនេះ កីឡាការិនី​ប្រតិភូ​ទាំងអស់ នឹង​ទទួលបាន​ការបណ្តុះបណ្តាល និង​ផ្លាស់ប្តូរ​បទពិសោធ​តាមរយៈ​ការប្រកួត​មិត្តភាព ព្រមទាំង​ស្វែ​យល់​ពី​វប្បធម៌​ជប៉ុន​នៅ​ខេត្ត​អុ​គី​ណា​វ៉ា​។​


 
​ជប៉ុន បង្កើត​កម្ម​វិញ Jenesys នេះ​ឡើង​គឺ​ដើម្បី​ជំរុញ​ការយល់ដឹង និង​សាង​ទំនុកចិត្ត​ទៅវិញទៅមក​រវាង​ប្រជាជន​ខ្លួន ជាមួយ​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​គោលបំណង​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ រួមទាំង​បង្កើន​ចំណងមិត្តភាព​នាពេល​អនាគត​ផងដែរ​។ តាមរយៈ​កម្មវិធី​ន​ម្ចាស់ផ្ទះ​សង្ឃឹមថា អ្នកចូលរួម​ទាំងអស់​អាច​ស្គាល់​ប្រទេស​ជប៉ុន​កាន់តែ​ម្ចាស់ ដើម្បី​ត្រលប់មក​ចែករំលែក​បទពិសោធ​នៅ​កម្ពុជា​វិញ​។​
 
​ក្រសួងការបរទេស​ជ​ប៉ុន​បានចាប់ផ្តើម​ធ្វើ​កម្មវិធី «​ផ្លាស់ប្តូរ​យុវជន Jenesys ២០១៨» នេះ​តាំងពី​ឆ្នាំ​២០០៧​មក ខណៈ​យុវជន​កម្ពុ​ជាជាង​២០០០​នាក់​ធ្លាប់បាន​ចូលរួម​កម្មវិធី​នេះ​រួម​មកហើយ​៕

Tag:
 បាល់ទាត់​
  ជប៉ុន​
  Jenesys
© រក្សាសិទ្ធិដោយ thmeythmey.com